ភ្នំពេញៈ​ ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ​បានបង្ហាញ​ជំហរ​បន្ដ​គាំទ្រ​ដល់​អង្គការ​សម្ព័ន្ធមិត្ត​សត្វ​ព្រៃ​​ (Wildlife Alliance ) ដែល​បាន​ដើរតួនាទី​ជាមួយ​រាជ​​រដ្ឋាភិបាល​កម្ពុជា​អស់​ពេល​ជាង​ ២០ ​ឆ្នាំកន្លងមក​ក្នុង​កិច្ចការ​អភិរក្ស​ជីវចម្រុះ និង​ការសង្គ្រោះ​ថែ​ទាំ​សត្វព្រៃ ខណៈ​អង្គការ​នេះ​បាន​ប្តេជ្ញា​ធ្វើជា​ដៃគូ​កម្ពុជា​ក្នុង​បេសកកម្ម​របស់ខ្លួន​រយៈ​ពេល ៣០ ​ឆ្នាំ​ទៅមុខទៀត​។​


​ការបង្ហាញ​ឆន្ទៈ​ប្តេជ្ញាចិត្ត​រួមគ្នា​នេះ​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ឧបនាយក​​រដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួង​​មហាផ្ទៃ និង​លោកស្រី Suwanna Gauntlett នាយិកា​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ កាលពី​ថ្ងៃទី​ ៥ ខែធ្នូ ឆ្នាំ​ ២០២៣​។​

​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​មហាផ្ទៃ​បានឱ្យដឹងថា ក្នុងជំនួប​នោះ​លោកស្រី ស៊ូ​វណ្ណា ហ្គោ​ន​​ឡែ​ត បានលើកឡើង​ពីស​មិទ្ធ​ផល​នានា​ដែល​អង្គការ​លោក​​ស្រី​សម្រេចបាន​នៅ​កម្ពុជា ជា​ពិសេស​ជោគជ័យ​ក្នុងការ​អនុវត្ត​គម្រោង​នាពេល​កន្លងមក​។​


​លោកស្រី​បាន​បន្តថា​៖«​ក្នុងនាម​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​សូម​ប្ដេជ្ញាចិត្ត​ក្នុងការ​បន្ត​ជា​ដៃគូ​ជិត​ស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជារ​យៈ​ពេល ៣០ ​ឆ្នាំ​ទៅមុខទៀត​»​។​

​ជា​កិច្ច​ឆ្លើយតប​លោក ស សុខា បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ក្នុង​រយៈពេល​ជាង ២០​ ឆ្នាំ​មកនេះ​ដែល​បាន​ដើរតួនាទី​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ច​ការពារ​ព្រៃឈើ​អភិរក្ស​ជីវចម្រុះ​, ការសង្គ្រោះ ថែទាំ​សត្វព្រៃ ព្រម​ទាំង​ការជួយជ្រោមជ្រែង​ដល់​សហគមន៍​មូលដ្ឋាន​។​


​ជាមួយគ្នានេះ​លោក​បានបង្ហាញ​ការប្ដេជ្ញាចិត្ត​បន្ត​គាំទ្រ​បេសកកម្ម​របស់​អង្គការ​នេះ​ព្រមទាំង​ផ្ដល់​កិច្ចសហការ​សម្រប​សម្រួល​បញ្ហា​នានា​ក្នុង​សមត្ថ​កិច្ច​ក្រសួងមហាផ្ទៃ​។  

​ក្រោយ​ជំនួប​នេះដែរ លោក​ស្រី ស៊ូ​វណ្ណា ហ្គោ​ន​ឡែ​ត បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​លោកស្រី​ដែរ​ថា​៖«​ខ្ញុំ​បាន​ជួប​ជាមួយ​ឯកឧត្តម ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុងជំនួប​សម្តែង​ការគួរសម​ដើម្បី​ពិភាក្សា​ពី​សារៈសំខាន់​នៃ​ដំណើរ​រួមគ្នា​ជាច្រើន​ឆ្នាំ និង​ច្រើន​ជំនាន់​របស់​យើង​ឆ្ពោះទៅរក​ការការពារ និង​អភិរក្ស​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព​នាពេល​បច្ចុប្បន្ន និង​ជីវចម្រុះ និង​ការងារ​ការគោរព​សិទ្ធិ​ជនជាតិដើម​ភាគតិច និង​សហគមន៍​មូលដ្ឋាន​ជាដើម​»​។​

​សូម​រំឭក​ដែរ​ថា កាលពី​ខែ​កញ្ញា ឆ្នាំ​ ២០២៣ កន្លងទៅ តាមរយៈ​ជំនួប​រវាង​ក្រសួង​បរិ​ស្ថាន និង​អង្គការ​សម្ព័ន្ធ​មិ​ត្ដ​សត្វ​​ព្រៃ ភាគី​ទាំង​ ៣ ​ក៏បាន​បង្ហាញ​ពី​ការប្តេជ្ញា​ថា នឹង​រួមគ្នា​បន្ត​ពង្រឹង​ចំណង​ជា​ដៃគូ​អភិវឌ្ឍន៍ និង​ចូលរួម​គាំទ្រ​ក្នុង​យុទ្ធសាស្ត្រ​​ច​ក្រា​របស់​ក្រសួង ដើម្បី​ឈានទៅ​លើកកម្ពស់​កិច្ចការពារ​បរិ​​ស្ថាន​ឱ្យ​កាន់​តែមាន​និរន្តរភាព​។​

​បន្ថែម​លើ​កិច្ចការ​អភិរក្ស​ជីវ​​ចម្រុះ អង្គការ​សម្ព័ន្ធមិត្ត​សត្វ​ព្រៃ​តាមរយៈ​គម្រោង​រេ​ដ​បូក ជួរ​ភ្នំក្រវាញ​ខាងត្បូង​កំពុងផ្តល់​ឱ្យមាន​ការផ្លាស់​ប្តូ​រលើ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ជាង ៣ ៩៥៧​ គ្រួសារ​នៅក្នុង​តំបន់​ព្រៃ​រងទឹក​​ភ្លៀង​ជួរ​ភ្នំក្រវាញ​។ គម្រោង​នេះ​គឺ​ផ្តល់​លទ្ធភាព​ទទួលបាន​ទឹកស្អាត​បរិ​ភាគ ផ្លូវថ្នល់ ស្ពាន សាលារៀន មជ្ឈមណ្ឌល​វេជ្ជ​សាស្ត្រ និង​អាហារូបករណ៍​នៅ​សាកលវិទ្យាល័យ​ផងដែរ​៕