ភ្នំពេញៈ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូ​ណា បាន​អះអាងថា កម្មវិធី​គោលនយោបាយ​អាទិភាព ៦​ ចំណុច​ដែល​រដ្ឋាភិបាល​បាន​សន្យា​កាលពី​ថ្ងៃទី ​២៤ សីហា​កន្លងទៅ​ថា នឹងត្រូវ​ដាក់ឱ្យអនុវត្ត​ជាបន្ទាន់​ក្នុង​ឆ្នាំ​ ២០២៣​ នេះ​បាន​ក្លាយជា​ការពិត​អស់ហើយ​នៅមុន​ដំណាច់​ឆ្នាំនេះ​តែម្តង​។​


​លោក ​ប៉ែន បូ​ណា​ បានបញ្ជាក់​ដូចនេះ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់លោក​កាលពី​ថ្ងៃទី ​៥ ខែធ្នូ ឆ្នាំ ​២០២៣ ដោយ​លោក​បាន​បន្ថែមថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត គឺជា​មេដឹកនាំ​ដែល​មិនមែន​សន្យា​ចោល តែ​បានប្រែក្លាយ​ការសន្យា​ឱ្យក្លាយ​ជាការ​ពិត​ទាំងអស់ និង​យ៉ាង​លឿន​រហ័ស​។​

​កម្មវិធី​គោលនយោបាយ​អាទិភាព​ទាំង​ ៦ ​ចំណុច​ដែល​បាន​ដាក់ឱ្យអនុវត្ត​ជាបន្ទាន់​ក្នុង​ឆ្នាំ​ ២០២៣ និង​បាន​ក្លាយជា​ការពិត​អស់​នៅមុន​ដំណាច់​ឆ្នាំនេះ រួមមាន ការ​ផ្តល់​សេវា​ថែទាំ​សុខភាព​ឆ្ពោះទៅ​កាន់ការ​គ្របដណ្តប់​ជាស​កល​, ការបណ្តុះ​​បណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ដល់​យុវជន​កូនអ្នកក្រីក្រ និង​ងាយ​រង​ហា​និ​​ភ័យ​,​ ការពង្រឹង​កម្មវិធី​ជាតិ​ជំនួយ​សង្គម​,​យុទ្ធសាស្ត្រ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​,​ យន្តការ​សម្រប​ស​សម្រួល និង​កម្មវិធី​ហិរញ្ញប្បទាន​ដើម្បី​ជួយ​កសិករ​ និង​ចុងក្រោយ​ការដាក់​ពង្រាយ​មន្ត្រី​ជំនាញ​បច្ចេកទេស​កសិកម្ម​តាម​ឃុំ​សង្កាត់​ទូទាំងប្រទេស​។​


​ដោយឡែក​សម្រាប់​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ​ដែល​ត្រូវ​បានប្រកាស​ឱ្យ​អនុវត្ត​កាលពី​ថ្ងៃទី​ ៥ ខែធ្នូ លោក ​ប៉ែន បូ​ណា បានឱ្យដឹងថា នេះ​ជា​កម្មវិធី​ចុងក្រោយ​ក្នុងចំណោម​កម្មវិធី​អាទិភាព​ទាំង​ ៦​។​

​លោក​បាន​បញ្ជាក់ថា​៖ «​គោលដៅ​ចុង​ក្រោយ​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ចង់បាន​គឺ​មិន​ទុកឱ្យ​ពលរដ្ឋ​ណា​ម្នាក់​មិន​ទទួលបាន​សេវា​សុខាភិបាល​ដោយ​មូល​ហេតុ​គ្មាន​លុយ​បង់ថ្លៃ​សេវា​,​ មិន​ទុកឱ្យ​កូនអ្នកក្រ​ខ្វះ​ជំនាញ​វិជ្ជាជីវៈ​ដោយសារតែ​គ្មាន​លុយ​បង់ថ្លៃ​សាលា​,​ មិន​ផាត់​ចោល​អ្នក​ប្រក​បរបរ​ក្រៅ​ប្រព័ន្ធ​ចេញពី​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​រដ្ឋាភិបាល និង​មិន​ទុកឱ្យ​កសិករ​ជួប​ការលំបាក​នៅក្នុង​ការប្រកប​របរ​កសិកម្ម​ដោយ​មិន​ទទួល​បានការ​គាំពារ​ឡើយ​»​។​


​លោក​បាន​សង្កត់ធ្ងន់ថា នេះ​ជា​ដំណើរ​យ៉ាង​ស្វាហាប់​នៃ​រាជរដ្ឋាភិបាល​បន្តវេន​នៅលើ​គ្រឹះ​ដ៏​រឹងមាំ​ដើម្បី​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​ ២០៥០ ដើម្បី​ក្លាយជា​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​ប្រកប​ដោយ​ភាពប្រាកដនិយម និង​ជា​ក្តីសង្ឃឹម​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។​

​ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួង​សង្គម​កិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លោក ជា សុ​មេធី បាន​ថ្លែង​កាលពី​ថ្ងៃទី​ ៥ ខែធ្នូ​ថា ការអនុវត្ត​កម្មវិធី​ជាតិ​ជំនួយ​សង្គម​កន្លងមក រាជរដ្ឋាភិបាល​បានរៀបចំ​ធ្វើ​សមាហរណកម្ម​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ដែលមាន​ស្រាប់ និង​បន្ថែម​របប​គោលនយោបាយ​មួយចំនួនទៀត​ឱ្យទៅជា​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ និង​បាន​បង្កើតឱ្យមាន​កម្មវិធី​កិច្ច​គាំពារ​សង្គម​ឆ្លើយតប​គ្រោះអាសន្ន​។​

​លោក​បានឱ្យដឹង​ដែរ​ថា ការអនុវត្ត​កម្មវិធី​កិច្ច​គាំពារ​សង្គម​កន្លង​មក រាជ​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​អស់​ជាង ​១ ៣០៥ ​លាន​ដុល្លារ​លើ​កម្មវិធី​កិច្ច​គាំពារ​សង្គម​ចំនួន​ ៥ រួមមាន កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​ ២ ​ឆ្នាំ​គិត​ចាប់ពី​ខែមិថុនា ឆ្នាំ​ ២០១៩ ដល់​ចុងខែ​តុលា ឆ្នាំ ២០២៣ មាន​អ្នក​ចុះឈ្មោះ​ចូល​កម្មវិធី​សរុប ៣៤៤ ៦៧៤ ​នាក់ និង​បាន​ចំណាយ​ថវិកា​ចំនួន ២៨,៨៧ ​លាន​ដុល្លារ​។​

​លោក​ ជា សុ​មេធី បាន​បន្តថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​ ១៩ ​គិត​ត្រឹម​ថ្ងៃទី​ ២៤ ខែតុលា ឆ្នាំ ២០២៣ មាន​អ្នក​ចុះឈ្មោះ​ចូល​កម្មវិធី​សរុប​ចំនួន ៦៩៨ ៥៨៥​ គ្រួសារ និង​ចំណាយ​ថវិកា​ឧបត្ថម្ភ ស្មើនឹង​ ១ ២១២,៦៩​ លាន​ដុល្លារ​។​

​លោក​បាន​ថ្លែង​ទៀតថា​៖ «​ចំណែក​កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយពេល​បិទ​ខ្ចប់​សម្រាប់​ប្រជាពលរដ្ឋ​មានការ​លំបាក​ផ្នែក​ជីវភាព គ្រួសារ​មាន​អ្នក​​ឆ្លង​ជំងឺ​កូ​វីដ ​១៩ និង​គ្រួសារ​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​ ១៩ ក្នុង​ព្រឹត្តិការណ៍ ​២០ កុម្ភៈ ២០២១ គិត​ចាប់ពី​ខែ​មិថុនា ឆ្នាំ​ ២០២១ និង​បានបញ្ចប់​នៅ​ខែតុលា ឆ្នាំ​ ២០២១ អ្នកទទួលផល​សរុប​ចំនួន ១២៩ ៦៦៦ ​គ្រួសារ និង​ចំណាយ​ថវិកា​ឧបត្ថម្ភ​សរុប​ ៨,៤៧ ​លាន​ដុល្លារ​»​។​

​រីឯ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ពី​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​គ្រោះទឹកជំនន់​គិត​ចាប់ពី​ខែធ្នូ ឆ្នាំ​ ២០២២ និង​បានបញ្ចប់​នៅ​ខែកុម្ភៈ ឆ្នាំ​ ២០២៣ មានគ្រួសារ​ទទួលផល​សរុប​ចំនួន ៩៩ ១៦៩​ គ្រួសារ និង​ចំណាយ​ថវិកា​ឧបត្ថម្ភ​ស្មើនឹង​ ១១,៧៨​ លាន​ដុល្លារ​។​

​លោក​រដ្ឋមន្ត្រី​សង្គមកិច្ច​បានបញ្ជាក់​ថា សម្រាប់​កម្មវិធី​កិច្ច​គាំពារ​សង្គម​ទី ​៥ ​គឺ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ក្នុងអំឡុងពេល​មាន​សម្ពាធ​អតិផរណា​គិត​ចាប់ពី​ខែធ្នូ ឆ្នាំ​ ២០២២ ដល់​ខែកក្កដា ឆ្នាំ​ ២០២៣ មានគ្រួសារ​ទទួលបាន​ការឧបត្ថម្ភ​ចំនួន​ ៤៩៥ ៣០៧​ គ្រួសារ និង​ចំណាយ​ថវិកា​ស្មើនឹង​ ៤៤​ លាន​ដុល្លារ​។​

​ទាក់ទង​នឹង​រឿងនេះ​ដែរ លោក យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យសភា​កម្ពុជា និង​ជា​អ្នកជំនាញ​វិទ្យាសាស្ត្រ​ន​យោ​បាយ បាន​ថ្លែងថា ជារួម​មិនទាន់​អាច​​វាស់វែង​ពី​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​កម្មវិធី​គោលនយោបាយ​អាទិភាព​ទាំងនេះ​ថា​សម្រេចបាន​លទ្ធផល​បែបណា​នៅឡើយ​ទេ ដោយ​គ្រាន់តែ​ថា រាជរដ្ឋាភិបាល​បាន​សន្យា ហើយ​បានធ្វើ​ពិតមែនតែ​ប៉ុណ្ណោះ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​កម្មវិធី​គោល​នយោបាយ​អាទិភាព​ទាំង​ ៦​ ចំណុច​ដែល​បានដាក់​ចេញ​នៅ​នីតិកាល​ទី ​៧​ នេះ បច្ចុប្បន្ន​ឃើញថា រដ្ឋាភិបាល​បានធ្វើ មិនមែន​គ្រាន់តែ​ចេញ​ក្រដាស​ស្នាម​ទេ តែ​បាន​អនុវត្ត​ពិតប្រាកដ ដូចជា មូល​​និ​ធិ​សង្គម ការពង្រាយ​មន្ត្រី​ជំនាញ​បច្ចេកទេស​កសិកម្ម​តាម​ឃុំ​-​សង្កាត់ និង​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ​ដល់​យុវជន គឺ​ត្រូវបានធ្វើ​រួចរាល់​ហើយ ប៉ុន្តែ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​បែបណា​មិនទាន់​អាច​វាស់វែង​បានទេ គឺ​នៅ​រង់​ចាំមើល​បន្តទៀត​»៕