កណ្ដាល: នៅតាមតំបន់ជនបទ សិស្សស្រីវ័យក្មេងនៅតែប្រឈមមុខនឹងបញ្ហាក្នុងការទទួលបានការអប់រំកម្រិតខ្ពស់ ដោយសារកត្ដាជាច្រើន រួមមាន ការធ្វើដំណើរឆ្ងាយ និងគ្មានសុវត្ថិភាព ឧបសគ្គផ្នែកហិរញ្ញវត្ថុដែលរារាំងពីការរៀនគួរបន្ថែម និងបញ្ហាសង្គមដែលដាក់កម្រិតលើជម្រើសរបស់ពួកគេ។
ទោះបីជាមានឧបសគ្គទាំងនេះក៏ដោយ ក៏ភាពធន់ និងការតាំងចិត្តរបស់ពួកគេមានភាពភ្លឺស្វាង នៅពេលដែលពួកគេខិតខំស្វែងរកចំណេះដឹង និងអនាគតដ៏ល្អប្រសើរ។ ក្នុងថ្នាក់រៀនតូចមួយនៃអនុវិទ្យាល័យផ្លូវត្រី ដែលស្ថិតនៅក្នុងតំបន់ជនបទនៃខេត្តកណ្តាលកុមារី ឌី ស្រីណែត អាយុ ១៤ ឆ្នាំ អង្គុយអានសៀវភៅរួមគ្នាជាមួយមិត្ដភក្តិ។
ការសម្លឹងមើលយ៉ាងយកចិត្តទុកដាក់ និងកំណត់ចំណាំដ៏ឧស្សាហ៍ព្យាយាមរបស់កុមារីរូបនេះបានបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងទិដ្ឋភាពអប់រំរបស់ប្រទេសកម្ពុជា គឺការកើនឡើងនៃសមិទ្ធផលសិក្សារបស់ស្ត្រី។
សមិទ្ធផលនេះបានបញ្ជាក់អំពីវឌ្ឍនភាពនៃការលើកកម្ពស់សមភាពយេនឌ័រ និងការគាំទ្រដល់សិស្សានុសិស្សនៅតាមជនបទ ជួយផ្សារភ្ជាប់ការបែងចែកផ្នែកអប់រំ ផ្តល់សិទ្ធិអំណាចដល់ស្ដ្រីក្នុងការបន្តគោលដៅរបស់ពួកគេ បើទោះបីជាមានឧបសគ្គផ្សេងៗក៏ដោយ។
ឆ្នាំសិក្សាថ្មីនេះ ស្រីណែត រៀនថ្នាក់ទី ៨ ដែលបច្ចុប្បន្នកំពុងសិក្សានៅអនុវិទ្យាល័យផ្លូវត្រី បាននិយាយថា៖ «ខ្ញុំនឹងបន្ដការសិក្សានៅវិទ្យាល័យទឹកឃ្លាំង ដែលមានចម្ងាយជិត ១០ គីឡូម៉ែត្រពីផ្ទះ ដោយជិះម៉ូតូជាមួយសាច់ញាតិ»។
លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុបចំនួន ១៣៥ ០៧២នាក់ (ស្រី ៧២ ៣៤៦ នាក់) សិស្សប្រឡងជាប់ ៩៨ ៤៦០ នាក់ ឬ ៧២,៨៩ ភាគរយ។
លោកស្រីបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ក្នុងចំណោមសិស្សានុសិស្សប្រឡងជាប់ទាំងអស់ មានសិស្សស្រី ចំនួន ៥៦ ៤៩២ នាក់ ឬ ៧៨,០៩ ភាគរយ ហើយក្នុងចំណោមសិស្សនិទ្ទេស A ១ ៦៧៣ នាក់ មានសិស្សស្រី ៩៤៧ នាក់»។
ចំនួនសិស្សស្រីមានការកើនឡើងជាងចំនួនសិស្សប្រុស គ្មានអ្វីចម្លែកទេ ដោយសារអតីតនាយករដ្ឋមន្ដ្រី លោក ហ៊ុន សែន អំឡុងពេលជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១ ០៤៩ នាក់ កាលពីខែកុម្ភៈ ឆ្នាំ ២០២៣ បានលើកឡើងពីចំនួនសិស្សស្រីជាប់រហូតដល់ជាង ៧០ ភាគរយ។ យ៉ាងណាមិញ លោកបែរជាបារម្ភពីការធ្លាក់ចុះនៃការសិក្សារបស់សិស្សប្រុស ដោយបានប្រាប់ឱ្យក្រសួងអប់រំធ្វើការសិក្សាពីករណីនេះ។
លោកបានថ្លែងថា៖ «ម្ខាងយើងមានមោទនភាព អំពីការកើនឡើងនៃចំនួនសិស្សជាស្ត្រីដែលបានប្រឡងជាប់នៅមធ្យមសិក្សាទុតិយភូមិ តែម្ខាងទៀតយើងក៏មានការកង្វល់ដែរ កង្វល់ត្រង់ថា ហេតុអីបានជាក្នុងចំនួនអ្នកដែលជាប់ ១០០ នាក់ ៧៧ នាក់បានទៅស្ត្រី តើមកពីមូលហេតុអ្វី? យុវជនចូលចិត្តដើរលេង ក្នុងពេលដែលយុវនារីសម្ងំរៀននៅផ្ទះ ឬយ៉ាងម៉េច?»។
ស្រីណែត ដែលទទួលបានលិខិតសរសើរចំនួន ១៧ សន្លឹក ជាការបង្ហាញពីលទ្ធផលនៃការផ្លាស់ប្តូរ ដែលការតស៊ូ និងការប្តេជ្ញាចិត្តរបស់កុមារីរូបនេះបានឆ្លុះបញ្ចាំងពីបទពិសោធន៍កុមារីជាច្រើននាក់នៅជនបទ ដែលកំពុងជម្នះឧបសគ្គប្រពៃណី ដើម្បីបន្តក្តីសុបិននៃការរៀនសូត្ររបស់ពួកគេ។
អ្នកស្រី វុន វុទ្ធី អាយុ ៣៨ ឆ្នាំ ជាម្ដាយរបស់កុមារី ស្រីណែត រស់នៅភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វាឯម ខេត្ដកណ្ដាល ដែលមានកូន ៣ នាក់ ស្រី ២ នាក់ និងប្រុស ១ នាក់ មានអារម្មណ៍ត្រេកអរពេលឃើញកូនស្រីរៀនថ្នាក់ទី៧ ហើយតែងតែទទួលបានបណ្ណសរសើរពីសាលារៀន។
អ្នកស្រីប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «សប្បាយចិត្ដណាស់! ខ្ញុំខិតខំប្រឹងប្រែងធ្វើការស៊ីឈ្នួលគេយ៉ាងដូចម្ដេចឱ្យតែកូនបានរៀន។ ទោះបីជាពួកខ្ញុំខ្វះខាតយ៉ាងម៉េច ក៏ត្រូវឱ្យគាត់ទៅរៀនដែរ មិនឱ្យគាត់បោះបង់ទេ»។
ស្ដ្រីស៊ីឈ្នួលធ្វើចម្ការ ដែលបានសិក្សាត្រឹមថ្នាក់ទី៧ ខណៈប្ដីបានរៀនត្រឹមថ្នាក់ទី៦ បាននិយាយថា ដោយសារខ្លួនមិនបានរៀនជ្រៅជ្រះ ទើបពួកគេខិតខំប្រឹងប្រែងឱ្យកូនៗបានរៀន។ ដោយសារបញ្ហាជីវភាព ម្ដាយមីងរបស់កុមារី ដែលទទួលបានបណ្ណសរសើរជិត ២០ សន្លឹកបានថតរូបបង្ហោះតាមបណ្ដាញសង្គមអំពាវនាវដល់សប្បុរសជនដែលមានទឹកចិត្ដចង់ឧបត្ថម្ភដល់កុមារីក្នុងការបន្ដការសិក្សាទៅថ្នាក់វិទ្យាល័យ និងសាកលវិទ្យាល័យ។
របាយការណ៍ឆ្នាំ ២០២២ របស់អង្គការយូណេស្កូបានគូសបញ្ជាក់ពីភាពជឿនលឿនយ៉ាងសំខាន់ក្នុងការអប់រំស្ត្រីនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅកម្រិតវិទ្យាល័យ ខណៈដែលការទទួលស្គាល់បញ្ហាប្រឈមដែលកំពុងបន្ត។
របាយការណ៍បានបង្ហាញថា ទោះបីជាមានការរីកចម្រើននៃការចុះឈ្មោះចូលរៀន និងអត្រាជោគជ័យក៏ដោយ សិស្សស្រី ជាពិសេសនៅតាមតំបន់ជនបទនៅតែប្រឈមមុខនឹងឧបសគ្គ ដូចជាភាពក្រីក្រ តួនាទីយេនឌ័រប្រពៃណី និងការព្រួយបារម្ភអំពីសុវត្ថិភាព។
ការទទួលបានការអប់រំខ្ពស់ និងផលប៉ះពាល់នៃកត្តាយេនឌ័រនៅតែជាបញ្ហាសំខាន់។ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងដើម្បីបង្កើតបរិយាកាសអប់រំដែលរួមបញ្ចូលកាន់តែច្រើន ប៉ុន្តែការផ្លាស់ប្តូរនៃជំងឺរាតត្បាតកូវីដ ១៩ ចំពោះការរៀនតាមអ៊ីនធឺណិតបានបង្ហាញពីបញ្ហាប្រឈមបន្ថែមទៀត។ នេះបញ្ជាក់អំពីតម្រូវការសម្រាប់ការបន្តផ្តោតទៅលើការជំរុញការអប់រំស្ត្រីនៅកម្ពុជា។
លោក កែវ សំ នាយកសាលាអនុវិទ្យាល័យផ្លូវត្រីទទួលស្គាល់ថា គ្រួសារជាច្រើនក្នុងឃុំថ្មគរ ជួបការលំបាកក្នុងការចិញ្ចឹមជីវិត ប៉ុន្ដែកុមារត្រូវបានលើកទឹកចិត្តឱ្យបានសិក្សាតាំងពីក្រសួងអប់រំ យុវជន និងកីឡាផ្តល់អាហារូបករណ៍ជារៀងរាល់ឆ្នាំ។
លោក សំ និយាយថា សាលារៀនដែលមានសិស្សសរុបចំនួន ១៧៥ នាក់ និងសិស្សស្រីចំនួន ៧៧ នាក់ក្នុងឆ្នាំ ២០២២-២៣ ស្ថិតនៅទីតាំងកណ្ដាល ដែលសិស្សា-នុសិស្សអាចធ្វើដំណើរបានយ៉ាងងាយស្រួលជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធថ្មី។
អ្នកគ្រូ នាង សុទ្ធី នាយិកាវិទ្យាល័យ ហ៊ុន សែន ទឹកឃ្លាំង បាននិយាយថា នៅវិទ្យាល័យហ៊ុនសែនទឹកឃ្លាំងជាទីដែលកុមារី ស្រីណែត នឹងចំណាយពេល ៣ ឆ្នាំទៀតពេលចូលដល់ថ្នាក់ទី ១០ ដែលមានចំនួនសិស្សស្រី និងសិស្សប្រុសប្រហាក់ប្រហែលគ្នា ដោយ សិស្សសរុប ៨៦០ និងស្រី ៤២០ នាក់ សម្រាប់ឆ្នាំសិក្សា ២០២៣។ ការធ្វើដំណើរទៅសាលារៀន ផ្ដល់អំណោយផលដល់សិស្សស្រី ដែលផ្ទះរបស់ពួកគេមិនឆ្ងាយពេកទេ។
អ្នកគ្រូបានប្រាប់ ភ្នំពេញប៉ុ ស្ដិ៍ថា៖ «សិស្សានុសិស្សធ្វើដំណើរឆ្ងាយបំផុតចន្លោះពី ៦ ទៅ ៧ គីឡូម៉ែត្រ តែដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់បេតុងស្អាតទាំងអស់។ សាលាមានការលើកទឹកចិត្ដគ្រប់សិស្សទាំងអស់ ហើយនៅវិទ្យាល័យនេះ ភាគច្រើនជាសិស្សស្រី ដែលរៀនពូកែ ដោយពួកគេទទួលបានរង្វាន់លើកទឹកចិត្ដ ដូចជា ថវិកា និងសម្ភារសិក្សាជាដើម»។
ជាមួយគ្នានេះលោកស្រីនាយិកា បានលើកឡើងពីគុណតម្លៃនៃការសិក្សាសម្រាប់សិស្សានុសិស្ស ជាពិសេសស្ដ្រី ដែលចៀសឆ្ងាយពីបញ្ហាឆបោកងាយស្រួលក្នុងការរកការងារជួយផ្គត់ផ្គង់គ្រួសារ និងមិនពឹងផ្អែកលើបុរស។
ស្រដៀងគ្នានេះដែរ ដំណើររឿងរបស់យុវតី លេខ ការី បានបង្ហាញពីការតស៊ូ និងការតាំងចិត្តនៅតំបន់ជនបទ។ កាលពីអាយុ ១៤ ឆ្នាំ ការី បានបដិសេធយ៉ាងក្លាហាននូវអាពាហ៍ពិពាហ៍ដែលបានរៀបចំដោយឪពុកម្តាយក្នុងសហគមន៍ជនជាតិដើមភាគតិចព្រៅ នៅក្នុងខេត្តរតនគិរី។ ផ្ទុយទៅវិញ ការី បានជ្រើសរើសយកការសិក្សារៀនសូត្រដោយប្រឈមមុខនឹងការលំបាកយ៉ាងខ្លាំងដើម្បីបានចូលរៀន។ នាងបានស៊ូទ្រាំនឹងការធ្វើដំណើរដ៏គ្រោះថ្នាក់ និងការលំបាកផ្នែកហិរញ្ញវត្ថុខ្លាំង ហើយជារឿយៗ គឺខ្វះអាហារហូបចុកគ្រប់គ្រាន់ពេលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន។
យុវតី ការី បច្ចុប្បន្នអាយុ ១៩ ឆ្នាំ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «នៅអន្តេវាសិកដ្ឋានខ្ញុំមានកន្លែងស្នាក់នៅ តែខ្ញុំញ៉ាំតែអំបិល និងម្រេចជារៀងរាល់ថ្ងៃ។ ដោយសារតែការហូបអាហារបែបនោះហើយជាមូលហេតុដែលធ្វើឱ្យខ្ញុំឧស្សាហ៍ឈឺ។ កាលខ្ញុំរៀនថ្នាក់ទី៨ ក៏ខ្ញុំមិនមានលុយហូបដែរ។ រៀងរាល់ ១ សប្តាហ៍ ឬ ២ សប្តាហ៍ ខ្ញុំបានទៅលេងផ្ទះ។ សម្រាប់មិត្តភក្តិរបស់ខ្ញុំ ឪពុកម្តាយគាត់ឱ្យប្រាក់ ១ ម៉ឺន ឬ ២ ម៉ឺនរៀល ហើយគ្រួសារខ្លះឱ្យកូន ៥ ម៉ឺន ឬ ១០ ម៉ឺនរៀល ប៉ុន្តែសម្រាប់ខ្ញុំវិញមិនបានសូម្បីតែ ១ ០០០ ឬ ២ ០០០ រៀលផង»។
បើទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយ ក៏ការប្ដេជ្ញាចិត្តរបស់ ការី ក្នុងការរៀនសូត្រមិនប្រែប្រួលឡើយ។ ការចូលរួមរបស់កញ្ញា ជាមួយនឹងអង្គការ Plan International Cambodia បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់មិនត្រឹមតែចំពោះការអប់រំផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់សិទ្ធិអំណាចដល់ក្មេងស្រីដទៃទៀតនៅក្នុងសហគមន៍របស់កញ្ញាដែលនៅតំបន់ដាច់ស្រយាលផងដែរ។
នៅក្នុងប្រទេសដែលតួនាទីយេនឌ័រប្រពៃណីបានកំណត់ពីបទដ្ឋានសង្គមជាយូរមកហើយ ភាពជោគជ័យដែលកំពុងកើនឡើងរបស់សិស្សស្រី ដូចជា ស្រីណែត និងការីជាដើមនេះ គឺជាដំណើរផ្លាស់ប្តូរដ៏ល្អ។
ខណៈដែល ស្រីណែត កំពុងត្រៀមខ្លួនសម្រាប់ការសិក្សានៅឆ្នាំបន្ទាប់របស់ខ្លួនទៅវិទ្យាល័យទឹកឃ្លាំង វាជានិមិត្តរូបនៃក្តីសង្ឃឹម និងការផ្លាស់ប្តូរ។ កុមារី ដែលទទួលបានបណ្ណសរសើរជាច្រើនសន្លឹកក្នុងកម្រិតថ្នាក់ទី៧ រូបនេះ បាននិយាយឱ្យដឹងថា នាងមានបំណងចង់ក្លាយជាគ្រូបង្រៀន ដោយសារតែក្ដីស្រឡាញ់៕