​ភ្នំពេញៈ​លោក​ ប៉ែន​ បូ​ណា​ រដ្ឋ​មន្ត្រី​ប្រតិ​ភូ​អម​នាយក​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​អង្គ​ភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋា​ភិបាល​លើកឡើង​ថា សិទ្ធិ​សេរី​ភាព​នយោ​បាយ និង​សិទ្ធិ​សេរីភា​ព​នៃ​ការ​បញ្ចេញ​មតិនៅ​កម្ពុជា ​បច្ចុប្បន្ន​ មាន​វិសាល​ភាព​ធំធេង​ណាស់ ​ប៉ុន្តែនៅ​មាន​បញ្ហា​ខ្លះៗ​ពាក់​ព័ន្ធ​នឹង​ការ​ទទួល​ខុស​ត្រូវគឺ​មិន​ទាន់​ស្រប​ទៅ​តាម​ក្រប​ខ័ណ្ឌ​ច្បាប់​ដែល​អាច​នាំឱ្យ​ប៉ះ​ពាល់​សណ្តាប់​ធ្នាប់​សង្គម​។


លោក​បាន​ថ្លែង​បែប​នេះ​ក្នុង​កិច្ច​ពិភាក្សា​តុមូល​លើ​ប្រធាន​បទ «​សេរីភាព​បញ្ចេញ​មតិ ​និង​ការ​ទទួល​ខុស​ត្រូវ​» ដែល​ធ្វើ​ឡើង​នៅ អគា ​Diamond Business Center ជិត​ស្ថា​នទូត​កូរ៉េ ក្នុង​សង្កាត់​ទន្លេ​បាសាក់ ​ខណ្ឌ​ចំការ​មន រាជ​ធានី​ភ្នំពេញ ​នៅថ្ងៃទី​៧ ​ខែធ្នូ ​ឆ្នាំ​២០២៣​ នេះ​។ 

ប្រភព​ដដែល​បាន​លើក​ឡើង​ថា សិទ្ធិ​នយោ​បាយ​នៅ​កម្ពុជា​ បច្ចុប្បន​មាន​បក្ស​ន​យោ​​បាយ​រាប់​សិប​ត្រូវ​បាន​បង្កើតឡើ​ង និង​បាន​ចូល​រួម​ការ​បោះឆ្នោ​ត ។ មិន​តែប៉ុណ្ណោះ​មាន​អង្គ​កា​រក្រៅ​រដ្ឋាភិបាល​ ៥​ ទៅ ​៦​ ពាន់ ​អង្គ​ភាព​ត្រូវ​បាន​បង្កើត​ឡើង និង​ធ្វើ​សកម្ម​ភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ បន្ថែម​លើ​នេះ ​មាន​សារ​ព័ត៌​មាន​ប្រមាណ​ជាង ២​ពាន់​អង្គ​ភាព​កំពុង​ធ្វើ​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ ដោយ​មាន​អ្នក​សារ​ព័ត៌​មាន និង​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​សារ​ព័ត៌​មាន​រាប់​ម៉ឺន​នាក់​។ 


លោក ​ប៉ែន បូ​ណា បន្ថែម​ថា ក្រៅ​ពីនេះ បើ​និយាយ​ពី​បណ្តាញ​សង្គម​នៅ​កម្ពុជា ​គឺមាន​សេរី​ភាព​ពេញ​ទី ដែល​ប្រជា​ពលរដ្ឋ​អាច​ប្រើ​ប្រាស់​ហ្វេ​ស​ប៊ុ​ក តិក​តុក​ តេ​ឡេ​ក្រាម​ ធ្វី​ធើរ ​វាត់​ស្អាប់​ឡាញ អ៊ី​នស្តា​ក្រាម​ ពោលគឺ​គ្រប់​ប្រភេទ​នៃ​បណ្តាញ​សង្គម​ ចំណែក​សេរីភាព​នៃ​ការ​ដើរ​ហើរ ប្រជា​ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​បាន​ទៅ​គ្រប់​ទីកន្លែង​។ ប៉ុន្តែ​នៅ​មាន​បញ្ហា​ខ្លះៗ​កើត​ឡើង​ពាក់ព័ន្ធ​នឹង​ការប្រើ​ប្រាស់​សិទ្ធិ​សេរី​ភាព​ឱ្យ​ត្រូវ​ទៅ​តាម​ក្រប​ខ័ណ្ឌ​ច្បាប់ ដែល​ចំណុច​នេះ​ប្រជាពល​រដ្ឋ​គួរតែ​មាន​ការ​ស្វែង​យល់​បន្ថែម ​ជាពិសេសមាត្រា​៤១ នៃ​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា​។ 

មាន​ត្រា ៤១ នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ចែង​ថា​៖«​ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​​ក្នុង​ការ​បញ្ចេញ​មតិ​ សេរីភាព​សារព័​ត៌មាន​ សេរីភា​ព​ការ​បោះ​ពុម្ព​ផ្សាយ ​សេរីភាព​ក្នុងកា​រ​ជួប​ជុំ​។ ជន​ណា​ក៏ដោ​យ មិ​នអាច​ប្រើ​សិទ្ធិ​នេះ​ដោយ​រំលោភ ​នាំ​ឱ្យ​ប៉ះពាល់​កិត្តិ​យស​អ្នក​ដទៃ​ ដល់​ទំនៀម​ទម្លាប់​ល្អ​របស់​សង្គម​ ដល់​សណ្តាប់​ធ្នាប់​សា​ធារណៈ ​និង​ដល់​សន្តិសុ​ខ​ជាតិ​បាន​ឡើយ​។ របប​សារ​ព័ត៌មា​ន ត្រូវ​រៀបចំ​ឡើង​ដោយ​ច្បាប់​»​។​


ជា​មួយនឹ​ង​ការ​បញ្ជាក់​អត្ថ​ន័យ​ពេញ​លេញ​ក្នុង​មាត្រា ​៤១ នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ លោ​ក ប៉ែន បូ​ណា ​លើក​ឡើង​ថា ​កន្លង​មក​​ មាន​អង្គ​ការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​លើក​យក​ចំណុច​ច្បាប់​នេះ​តែ​ពាក់​កណ្តាល​មក​និយាយ​ ដែល​មិន​បាន​រំលេច​អំពី​ការ​ទទួល​ខុសត្រូ​វ ធ្វើ​ឱ្យប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​សា​ធារណៈ​សង្គម​។​

លោក​ថ្លែង​ថា​៖«​ខ្ញុំ​សូម​ឱ្យ​ទាំង​អស់គ្នា​សិក្សា​អំពី​អត្ថ​ន័យ​នៃ​មាត្រា​៤១ នៃ​រដ្ឋ​ធម្មនុញ្ញ​ឱ្យបាន​ច្បាស់ ​ហើយ​យើង​រៀន​សូត្រ​ខ្លឹមសារ​នេះ ​និង​អនុវត្ត​ឱ្យបា​ន​ត្រឹម​ត្រូវ ​ពេល​នោះ​យើង​នឹង​ចេះ​ប្រើ​ប្រាស់​សិទ្ធិ​សេរី​ភាព​រប​ស់​យើង​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ច្បាប់​ ដែល​ជា​ការ​លើក​កម្ពស់​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​កម្ពុជា​»​។  

​លោក​ ស៊ឹង សែន​ករុណា អ្នក​នាំពាក្យ​សមាគ​ម​ការពារ​​សិទ្ធិមនុស្ស​អាដហុក បាន​លើកឡើ​ងថា​ ក្នុងការ​ទទួល​ខុស​ត្រូវ​ផ្សេងៗ​ពាក់​ព័ន្ធ​នឹង​សេរីភាព​បញ្ចេញ​មតិ​នេះ ​មាន​ចែង​នៅ​ក្នុង​ច្បាប់​ជាច្រើ​ន​ដូច​ជា​ក្នុង​សេចក្តី​ប្រកាស​ជា​ស​កល​ស្តីពី​សិទ្ធិ​មនុស្ស ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ ​កតិកា​សញ្ញា​អន្តរជា​តិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ ​និង​សិទ្ធិ​នយោបា​យ និង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ផង​ដែរ​ ។​ ប៉ុន្តែ​កន្លងមក​​ការ​បញ្ចេញម​តិ​របស់​ប្រជា​ពលរ​ដ្ឋ ពោល​គឺ​ការ​លើក​ឡើង​ពី​ចំណុច​អវិជ្ជមា​ន​របស់​មន្ត្រី​សាធា​រណៈ​ណា​មួយ​ បែរជា​រដ្ឋ​អំណាច​មិន​មាន​ការ​ទទួល​យក​ ហើយ​ប្រែ​ទៅជា​មាន​វិធាន​ការ​ទៅ​វិញ​។ 

លោក​ថ្លែង​ថា​៖«​ការ​រិះគន់ ​ការ​បញ្ចេញ​មតិ ​លុះ​ត្រាតែ​ករណី​នោះ​មិន​ពិត ​មិន​ត្រឹម​ត្រូវ​ហើយ​មិន​ច្បាស់់​លាស់​ចេះ​តែ​ប្រព្រឹត្ត បង្កើត​ឡើង​រឿង​រ៉ាវ ប​ង្កប​ញ្ហា​ផ្សេងៗ ​អាហ្នឹង​បាន​ជា​រឿង​ខុស​នឹង​គោលកា​រណ៍​បញ្ចេញ​មតិ​ ប៉ុន្តែ​រឿង​ខ្លះ​បញ្ចេញ​មតិ​ក្នុង​ន័យ​រិះគន់​ស្ថាប​នា លើ​មន្ត្រី​អស​កម្ម​មួយ​ចំនួន​ វា​ទៅ​ជា​​រង​ការ​ចោទ​ប្រកាន់ ​គំរាម​កំហែ​ង ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​វិញ​»​។ 

យ៉ាង​ណា​ក្ដី​ លោក​ ប៉ា ប៉ុណ្ណា​រ៉ា​ដា ​អ្នកនាំ​ពាក្យ​គណៈក​ម្មាធិការ​សិទ្ធិម​នុស្ស​កម្ពុ​ជា ថ្លែង​ថា ការ​ជួបជុំ​តវ៉ា​ដោយ​សន្តិវិធី​​សហកា​រ​ជាមួយ​សមត្ថ​កិច្ច​ដោយ​គោរព​វិធាន​ការ​ច្បាប់​សុវត្ថិ​ភាព​សា​ធារណៈគឺជា​ការ​អនុវត្ត​នូវ​សិទ្ធិ​ដែល​ធានា​ដោយ​រដ្ឋធ​ម្មនុញ្ញ​ ប៉ុន្តែ​ ប្រសិនបើ​ការជួប​ជុំ​តវ៉ា​សម្តែង​មតិ​ដោយ​មិនមា​ន​ការ​សហការ​ មិន​បាន​ជូនដំ​ណឹង​ដល់​អាជ្ញាធ​រ ហើយ​ប៉ះ​ពាល់​ដល់​វិធានកា​រ​សណ្តាប់​ធ្នាប់​សា​ធារ​ណៈបង្ក​ហិង្សា ​ចលា​ច​ល​ផ្សេងៗ​នោះ​មិនមែ​នជា​សេរីភា​ព​នៃ​កា​រប​ញ្ជេ​ញ​មតិ​ទេ ប៉ុន្តែ​គឺជា​អំពើ​ល្មើស​ច្បាប់​៕