ភ្នំពេញៈ ឯក​អគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា បាន​សន្យា​គាំ​ទ្រ​ផែនការ​អាទិភាព​របស់​ក្រសួង​សុខាភិបាល និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​​លើ​វិស័យ​សុខាភិបាល​បន្ថែម​ទៀត ក្នុង​ការ​លើក​កម្ពស់​សុខុមាល​ភាព​របស់​ប្រជាជន​កម្ពុជា ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​ការ​គ្រប​ដណ្តប់​សុខភាព​ជា​សកល​។


ការសន្យា​គាំ​ទ្រ​បែប​នេះ ធ្វើ​ឡើង​តាម​រយៈ​ជំនួប​រវាង​លោក ឈាង រ៉ា រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល និងលោ​ក​Jacques PELLET ឯក​អគ្គ​រដ្ឋ​ទូត​​​បារាំង​ប្រចាំ​កម្ពុជា និង​រួម​ទាំង​គណៈ​ប្រតិភូ ដើម្បី​ពិភាក្សា​ពី​ការ​​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​លើវិ​ស័យ​សុខាភិបាល​។​ នេះ​បើ​យោង​តាម​ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី៦ ខែ​ធ្នូ ឆ្នាំ​២០២៣​។

ក្នុងជំនួបនោះលោក Jacques PELLET បាន​ថ្លែង​ថា សមិទ្ធផល​នៃកិ​ច្ច​សហ​ប្រតិបត្តិ​ការ​រវាង​កម្ពុជា និងបា​រាំង លើ​វិស័យ​សុខាភិបាលនា​ពេល​កន្លង​មកដូច​ជា កិច្ច​សហ​ប្រតិបត្តិការ​រវាង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​កិច្ច​សហប្រតិបត្តិ​ការ​គាំ​ទ្រ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល និងកិ​ច្ច​សហ​ប្រតិបត្តិ​ការ​បច្ចេកទេស​ជា​មួយ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត បាន​ទទួល​ផល​ល្អ​ប្រសើរ​។ 


លោក​បញ្ជាក់​ថា​៖ «​ប្រទេស​បារាំង បាន​សន្យា​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ គាំ​ទ្រ​ផែនការ​អាទិភាព​របស់​ក្រសួង​សុខាភិបាល ព្រម​ទាំង​ជួយ​ពង្រីក​វិសាល​ភាព​នៃកិ​ច្ច​សហប្រតិបត្តិ​ការ​ទ្វេ​ភាគី​កម្ពុជា​-​បារាំង លើ​វិស័យ​សុខា​ភិបាល​បន្ថែម​ទៀត​»​។

លោក Jacques បាន​ថ្លែងតាម​រយៈក្រសួង​សុខាភិ​បាលថា ការ​បន្ត​គាំ​ទ្រ​ប្រទេស​កម្ពុជា​នេះ គឺ​ដោយ​សារ​តែ​ប្រទេស​នេះ​ទទួល​បាន​សន្តិភាព ស្ថិរភាព នយោ​បាយ និង​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័សជា​ពិសេស​បន្ត​និរន្តរ​ភាព​ការ​អភិវឌ្ឍ និង​សមិទ្ធ​ផល​នា​នា​របស់​រាជរ​ដ្ឋាភិបាល​កម្ពុជា​។


ជា​កិច្ច​ឆ្លើយ​តប លោក ឈាង រ៉ា បាន​ថ្លែង​អំណរ​គុណ​ដល់​ប្រជាជន និង​​រដ្ឋាភិបាល​បារាំង តាម​រយៈ​ស្ថាន​ទូត​បារាំង​ប្រចាំ​កម្ពុជា ដែលក​ន្លង​មក​តែងតែ​​ជួយ​គាំ​ទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ ជា​ពិសេស​វិស័យ​សុ​ខាភិបាល​តាម​រយៈ​ជំនួយ​អភិវឌ្ឍន៍​ធន​ធាន​មនុស្សក្នុ​ង​វិស័យ​សុខាភិបាល និង​គម្រោង​សិក្សា​ស្រាវ​ជ្រាវ​សុខភាព​សាធារណៈ​ជា​ច្រើន ក្រោម​ម្លប់​សុខ​សន្តិ​ភាព​។

លោក​ថ្លែង​ថា​៖ «​តាមរយៈ​ឯកអគ្គ​រដ្ឋ​ទូត សូម​ថ្លែង​អំណរ​គុណ ដល់​ប្រជាជន និង​រដ្ឋាភិបាល​បារាំង ដែល​បាន​បញ្ជាក់​ជំហរ​គាំ​ទ្រ ​រួម​ចំណែក​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រសួង​សុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​លើក​កម្ពស់សុ​ខុមាល​ភាព​របស់​ប្រជាជន​កម្ពុជា ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​ការ​គ្របដ​ណ្ដប់​សុខភាព​ជា​សកល ស្រប​តាម​យុទ្ធ​សាស្រ្ត​បញ្ច​កោណ នៃ​រាជ​រដ្ឋា​ភិបាល​អាណត្តិ​ទី​៧​នេះ​»​។

ជា​មួយ​គ្នា​នេះ រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ ក៏​បាន​បញ្ជាក់​ជូន​ភាគី​បារាំងអំពី​អាទិភាព​ចម្បង៣​នៃ​អាទិភាព​ទាំង​៩របស់​វិស័យ​សុខាភិបាល ក្នុងអា​ណត្តិ​ទី​៧​ នេះ គឺ​ទី​១​ ការ​ធ្វើ​ឱ្យ​កាន់​តែ​ប្រសើរ​សេវា​សុខភាព​នៅ​មណ្ឌល​សុខភាព ​តាម​រយៈ​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាលការ​បំពាក់​ឧបករណ៍​បរិក្ខារ​វេជ្ជសាស្ត្រ សម​ស្រប​ការ​ផ្គត់​ផ្គង់​ឱសថ​ឱ្យបា​ន​គ្រប់​គ្រាន់​និង​ទាន់​ពេលវេលា និង​ការ​ពង្រឹង​សមត្ថភាព​បុគ្គល​ដើម្បី​ធានា​ការ​ផ្តល់​សេវា​ប្រកប​ដោយ​ប្រសិទ្ធ​ភាព សុវត្ថិភាព គុណភាព ២៤ ម៉ោ​ង​លើ​ ៧​​ ថ្ងៃ​។ 

អាទិភាព​ទី២​ គឺ​​ការ​ពង្រឹង​សមត្ថភាព​មន្ទីរ​ពេទ្យ​​បង្អែក​សុ្រក​និង​ខេត្ត តាម​រយៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផ្នែក​សង្រ្គោះ​បន្ទាន់ផ្នែក​វះ​កាត់ ផ្នែក​មន្ទីរ​ពិសោធន៍​ និង​ផ្នែក​រូប​ភាព​វេជ្ជ​សាស្ត្រ និង​អាទិភាព​​ទី​​៣ គឺ​ការ​បង្កើន​សមត្ថភាព​ថ្នាក់​ដឹក​នាំ សុខាភិ​បាល​គ្រប់​លំដាប់​ថ្នាក់​តាម​រយៈ​ការ​បណ្តុះ​បណ្តាល​ភាព​ជា​អ្នក​ដឹក​នាំ​និង​នវានុវត្តន៍​។ 

ទាក់​ទងរឿងនេះ លោក នុត សម្បត្តិ ប្រធាន​​​​វិទ្យា​ស្ថាន​​វេជ្ជសាស្ត្រ ជីវ​សាស្ត្រ​ និង​កសិកម្ម​ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជាបាន​ថ្លែង​នៅថ្ងៃទី៧ ខែធ្នូថា ក្រោម​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ភាគីទាំង២ ខាងលើ វា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ពីព្រោះ​កម្ពុជា​ត្រូវ​ការ​នូវ​ដៃគូដែល​មាន​ជំនាញមក​ធ្វើការបណ្ដុះ​បណ្ដាលធន​ធាន​មនុស្ស ដើម្បី​អនុវត្ត គោល​នយោបាយ និងផែន​ការទាំងនោះ​ ក្នុងការ​ជួយ​ទៅ​ដល់​វិស័យ​សុខភាព​សាធារណៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។

លោកបញ្ជាក់​ថា​៖ «​ការ​គាំ​ទ្រ​លើ​​ផែន​ការវិស័យ​សុខា​ភិបាលនេះ​ ខ្ញុំ​មើល​ឃើញ​ថា​ បានចូល​រួមលើ​កកម្ពស់​សុខុមាល​ភា​ព​រ​ប​ស់​ប្រជា​ព​លរ​ដ្ឋ​យើ​ង​ឱ្យ​កា​ន់តែ​ប្រសើ​រ​ឡើ​​ងតា​ម​រយៈ​កា​រ​​ផ្ដល់​ជំ​នួ​យការ​ឧបត្ថ​ម្ភ​ទាំ​ង​សម្ភា​រ​ ​ប​ច្ចេ​ក​ទេ​ស​និ​ង​ទាំ​ង​ប​ណ្ដុះប​​ណ្ដា​ល​ធ​ន​ធាន​មនុស្ស​របស់យើង​ក្នុ​ង​វិស័យ​សុខា​ភិបាល»៕