​ភ្នំពេញៈ ការអភិវឌ្ឍ​សេដ្ឋ​​កិច្ច នគរូបនីយកម្ម និង​ឧស្សា​ហូប​នីយកម្ម​នាពេល​បច្ចុប្បន្ន​នេះ បានធ្វើឱ្យ​ទន្លេមេគង្គ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​។ ទន្លេ​ដ៏​ធំជាងគេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​បានរួម​ចំណែក​យ៉ាងសំខាន់​ចំពោះ​កំណើន ដោយបាន​ផ្តល់ឱកាស​ស​ម្រា​ប់​ការផលិត​វា​រី​អគ្គិសនី ការធ្វើ​កសិកម្ម ការនេសាទ ការដឹក​ជញ្ជូន និង​ការធ្វើ​ពាណិជ្ជកម្ម​។​


​ទន្លេមេគង្គ គឺជា​ទន្លេ​ដ៏​ធំ​មួយ​ផងដែរ​នៅក្នុង​ពិភពលោក ហើយ​ទន្លេ​នេះ​ហូរ​កាត់​ប្រទេស​ចំនួន ៦ គឺ​ចិន មី​យ៉ាន់​ម៉ា ថៃ ឡាវ កម្ពុជា និង​វៀតណាម ដោយមាន​ចម្ងាយ​ជិត ៥ ០០០ ​គីឡូម៉ែត្រ រាប់​ចាប់ពី​ខ្ពង់រាប​ទី​បេ​ត៍​ក្នុងប្រទេស​ចិន​ដែលជា​ប្រភព​របស់​ទន្លេ​រហូតដល់​ដី​សណ្ដ​ទន្លេមេគង្គ​។ អាង​ទន្លេ​នេះ​គឺជា​តំបន់​ដែល​សម្បូរ​ជីវ​ចម្រុះ​បំផុត​មួយ​ផងដែរ​នៅលើ​ពិភពលោក​។​

​យោងតាម​គណៈកម្មការ​ទន្លេមេគង្គ (MRC) បានឱ្យដឹងថា អាង​ទន្លេ​នេះ​មាន​ប្រភេទ​រុក្ខជាតិ​ជាង​ ២​ ម៉ឺន​ប្រភេទ និង​ប្រភេទ​ត្រី​ចំនួន​ ៨៥០​ ប្រភេទ​ដែល​ត្រូវបាន​រកឃើញ នាពេល​បច្ចុប្បន្ននេះ​។ តាម​ការ​ប៉ាន់ប្រមាណ​៨០​ភាគរយ​នៃ​ប្រជាជន​ជិត​ ៦៥​ លាន​នាក់​រស់​​នៅតាម​អាង​ទន្លេមេគង្គ​ក្រោម អាស្រ័យ​ផល​លើ​ទន្លេ​នេះ និង​ធនធានធម្មជាតិ​ដ៏​សម្បូរបែប​របស់​វា​។​


​ហេតុដូច្នេះ​ហើយ​ទើប​ធ្វើឱ្យ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​មាន​សារៈសំខាន់​សម្រាប់​បរិស្ថាន​ផង និង​ប្រជា​សហគមន៍​ដែល​រស់នៅ​តាម​អាង​ទន្លេ​នេះ​។ MRC បាន​លើកឡើងថា បើ​គ្មាន​ការ​សម្របសម្រួល និង​ការ​អភិវ​ឌ្ឍ​ប្រកបដោយ​ប្រសិទ្ធភាព​ទេ ទន្លេមេគង្គ​អាច​រារាំង​ដល់​កំណើន​ជា​បន្តបន្ទាប់​។ សម្ពាធ​នៃ​ការអភិវឌ្ឍ​ក៏​កំពុង​បង្កើត​បញ្ហា​ប្រឈម​ថ្មីៗ​សម្រាប់​ប្រទេស​នៅតាម​អាង​ទន្លេ​​មេគង្គ​ក្រោម​។ ទាំងអស់នេះ​រួមមាន​ការរេចរឹល​បរិ​ស្ថាន និង​ការ​បាត់បង់​ជីវចម្រុះ ការអភិវឌ្ឍ​វា​រី​អគ្គិសនី និង​ការប្រែប្រួល​អាកាសធាតុ រួមទាំង​ហានិភ័យ​នៃ​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​កាន់តែ​អាក្រក់​ទៅៗ​ផងដែរ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក៏បាន​ប្រកាស​ថ្មីៗ​នេះ​ថា រាជរដ្ឋាភិបាល​អាណត្តិ​នេះ​នឹងមិន​ឱ្យមាន​ការអភិវឌ្ឍ​វា​រី​អគ្គិសនី​នៅលើ​ដង​ទន្លេ​មេគង្គ​ទេ ដោយ​បន្ត​អនុវត្ត​គោលការណ៍​ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​កាលពី​អាណត្តិ​មុន​ដើម្បី​កុំឱ្យ​ប៉ះពាល់​ទៅដល់​បរិស្ថាន ក៏ដូចជា​អេកូឡូស៊ី​។​


​លោក​ថ្លែងថា​៖ «​រាជ​រដ្ឋា​ភិ​បាល ​[​អាណត្តិ​ទី​៦] បានសម្រេច​រួចហើយ ហើយ​រាជ​​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ​នេះ​ក៏បាន​នឹង​បន្ត​អនុវត្ត​គោល​ការណ៍​នេះ​។ យើង​នឹងមិន​ធ្វើ​​វា​រី​អគ្គិសនី​ដែល​នៅលើ​ផ្ទាល់​នៅលើ​ដង​ទន្លេមេគង្គ​ទេ​។ ទោះបីជា​កន្លែង​ហ្នឹង​វា​អំណោយ​ផល​ម៉េច​ក៏​យើង​នឹងមិន​ធ្វើ​ដែរ​ដើម្បី​កុំឱ្យ​ប៉ះពាល់​ទៅដល់​បរិ​ស្ថាន​អេកូឡូស៊ី នៅតាម​បណ្ដោយ​ទន្លេមេគង្គ និង​ទន្លេសាប ព្រោះ​អាហ្នឹង​វា​ប៉ះពាល់​ធំ​»​។

​ក្នុង​ពិធី​បិទ​ស្ទឹង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​តា​តៃ​លើ អា​នុ​ភាព ១៥០​ មេ​ហ្គា​វ៉ា​ត់ ស្ថិតនៅ​ក្នុងស្រុក​ថ្មបាំង ខេត្តកោះកុង​នា​ថ្ងៃទី ​៣០ ខែវិច្ឆិកា លោក ហ៊ុន ម៉ា​ណែ​ត ថ្លែងបន្តថា​៖ «​អ៊ីចឹង យើង​គិត​ណាស់​។ ភ្លើង​យើង​ត្រូវការ​ដើម្បីឱ្យ​រីកចម្រើន យើង​រកមើល​កន្លែង​ណា​ដែល​មិនមាន​ការប៉ះពាល់ ហើយ​កន្លែង​ដែល​សាងសង់​ហ្នឹង​ក៏ត្រូវ​គិតគូរ ព្រោះ​ពិតណាស់ ការសាងសង់​នៅ​កន្លែង​ណា​ក៏មាន​ការប៉ះពាល់​ដែរ​»​។​

​ការសិក្សា​រួមគ្នា​ធ្វើឡើង​ដោយ​គណៈកម្មការ​ទន្លេមេគង្គ (MRC) ​និង​មជ្ឈមណ្ឌល​កិច្ច​សហប្រតិបត្តិការ​ធន​ធាន​ទឹក​មេគង្គ​ឡាន​ឆាង (MLC)​ ដែល​បានបង្ហាញ​នៅក្នុង​វេទិកា​អ្នកពាក់ព័ន្ធ​ថ្នាក់​តំបន់​លើក​ទី​១៣​ ដែល​រៀបចំ​ដោយ​ MRC នៅ​ទីក្រុង​ហ្លួងព្រះបាង ប្រទេស​​ឡាវ​កាលពីដើម​ខែតុលា បាន​រកឃើញថា គ្រោះរាំងស្ងួត​ដែល​បង្កឡើង​ដោយ​អាកាស​ធាតុ​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ទន្លេមេគង្គ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ រាប់​ចាប់ពី​លំហូរ​ទាប​ក្នុង​ប្រវត្តិ​សាស្ត្រ​ក្នុង​ឆ្នាំ​ពី​ឆ្នាំ ២០១៩ ​ដល់​ឆ្នាំ ​២០២១ និង​លំហូរ​បញ្ច្រាស​ដ៏​កម្រ ដែល​បាន​បង្រួម​បឹង​ទន្លេសាប​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​។ 

​ការ​សិក្សា​នេះ​ក៏បាន​រកឃើញ​ផង​ដែរ​ថា ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​តាម​ផ្ទៃ​ទឹក​នៃ​ទន្លេមេគង្គ​ក៏​ជា​កត្តារួម​ចំណែក​មួយ​ផង​ដែរ ដែល​ជះឥទ្ធិពល​ដល់​របប​លំហូរ​ធម្មជាតិ និង​ការកើនឡើង​នៃ​លំហូរ​រដូវប្រាំង និង​ការ​ថយ​ចុះ​លំហូរ​ទឹក​ក្នុង​រដូវ​ទឹកជំនន់​។​ការសិក្សា​នេះ​បានផ្តល់​អនុ​សាសន៍​សំខាន់ៗ ជាពិសេស​អនុសាសន៍​រយៈពេល​ខ្លី​ដែល​ជំរុញ​ឱ្យ​ប្រទេស​ជាប់​ទន្លេ​មេ​គ​ង្គ​សិក្សា​រួមគ្នា​បន្ថែមទៀត​អំពី​ផលប៉ះពាល់​ផ្សេងៗ​នៃ​ការអភិវឌ្ឍ និង​ការប្រែប្រួល​អាកាសធាតុ​នៅតាម​ផ្នែក​សំខាន់ៗ​នៃ​ទន្លេ​​មេគង្គ ព្រមទាំង​ចែករំលែក​ទិន្នន័យ​សំខាន់ៗ រួមទាំង​ការ​ចែករំលែក​ព័ត៌មាន​ទាន់ពេល​ជាក់ស្តែង​នៃ​កម្រិត​ស្តុក និង​ប្រតិបត្តិការ​វា​រី​អគ្គិសនី​។​

​លេខាធិការដ្ឋាន MRC បញ្ជាក់ប្រាប់ ​ភ្នំពេញ​ បុ​ស្តិ៍​ថា គោលបំណង​សំខាន់​របស់ ​MRC ក្នុងការ​ព្យាយាម​ឱ្យមាន​ការចែករំលែក​ទិន្នន័យ​អំពី​ប្រតិ​​ប​ត្តិ​ការ​ទំនប់​វា​រី​អគ្គិសនី​ក្នុង​ចំ​ណោម​ប្រទេស​មេគង្គ គឺ​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​កិច្ច​សហ​ប្រតិបត្តិការ និង​ការ​សម្រប​សម្រួល​តាម​ទន្លេ​មេ និង​ដៃ​ទន្លេធំៗ​នៃ​ទន្លេមេគង្គ ធ្វើឱ្យ​ប្រសើរឡើង​នូវ​ភាពត្រឹមត្រូវ​នៃ​ការ​ព្យាករ​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​នៅក្នុង​ទន្លេ​មេ​គ​ង្គ ពង្រឹង​បណ្តាញ​ឬ​ប្រព័ន្ធ​ត្រួតពិនិត្យ​ទន្លេ​រួមបញ្ចូល​គ្នា​តែមួយ ដែលមាន​សមត្ថភាព​ស​ម្រ​ប​សម្រួល​ជា​ប្រព័ន្ធ​នូវ​កំណក​ល្បាប់ គុណភាព​ទឹក ជលផល លំហូរ​ទឹក និង​ការ​ត្រួតពិនិត្យ​ស្ថានភាព​អេកូឡូស៊ី​និង​រៀបចំ​វិធានការ​សម្រប​ខ្លួន ឬ​កាត់បន្ថយ​ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស និង​សហគមន៍​មេគង្គ និង​ដើម្បី​ជួយ​គាំទ្រ​ដល់​ប្រព័ន្ធ​គាំទ្រ​សេចក្តីសម្រេចចិត្ត​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការធ្វើ​សេចក្តី​សម្រេច​ផ្អែកលើ​ព័ត៌មាន​។​

​លេខាធិការដ្ឋាន MRC បញ្ជាក់ទៀតថា នៅតាម​ដៃ​ទន្លេ​នៃ​អាង​ទន្លេមេគង្គ​ក្រោម​នៃ​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម បច្ចុប្បន្ន​មាន​ទំនប់​​វា​រី​អគ្គិសនី​ចំនួន ១២២ ដែល​ក្នុងនោះ​មាន​ ១១ ​នៅ​កម្ពុជា (២ កំពុង​ប្រតិបត្តិការ​), ៩០ ​នៅ​ឡាវ (៦៥​ កំពុង​ប្រតិបត្តិ​ការ​), ៧ នៅ​ថៃ ដែល​កំពុង​ប្រតិបត្តិការ​ទាំងអស់ និង​ ១៤​ នៅ​វៀតណាម​ដែល​កំពុង​ប្រតិ​ប​ត្តិ​ការ​ទាំងអស់​។ ចំណែក​នៅតាម​ទន្លេ​មេ​នៃ​ទន្លេមេគង្គ​នៃ​ប្រទេស​ទាំង​ ៤​ នេះ មាន​ទំនប់​​វា​រី​អគ្គិសនី​ចំនួន ១១​។ ក្នុងនោះ មាន​ ២ ​នៅ​កម្ពុជា (​ដែល​គ្រោង​), ៨ នៅ​ឡាវ (២​ កំពុងដំណើរការ​) និង​ ១ ​ជា​គម្រោង​រួមគ្នា​ថៃ​-​ឡាវ​។​

​លេខាធិការដ្ឋាន MRC បញ្ជាក់ថា​៖ «​ដូចនេះ MRC មាន​គោលបំណង​ធ្វើឱ្យ​ការ​ចែករំលែក​ទិន្នន័យ​ប្រតិបត្តិការ​នេះ​ជា​ផ្លូវការ​ក្នុងចំណោម​ប្រទេស​មេគង្គ​។ លក្ខខណ្ឌ​សំខាន់ៗ​មួយចំនួន​សម្រាប់​ការចែករំលែក​ទិន្នន័យ​នេះ រួមមាន​ដៃទន្លេ​សំខាន់ៗ និង​ទន្លេ​មេ​នៃ​ទន្លេមេគង្គ ដែល​សម្រប​សម្រួលការ​ព្យាករ​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​។ ដូច្នេះហើយ យើង​ផ្តោតលើ​ដំណាក់​កាល​ ២​។ ទី​១ ​គឺ​ទិន្នន័យ​ប្រតិ​​ប​ត្តិ​ការ​ពីមុនៗ និង​ទាន់ពេល​ជាក់ស្តែង​។ ទី​២ ប្រតិបត្តិការ​ព្យាករ និង​ការប្រែប្រួល​លំហូរ​ទឹក​ដើម្បី​ជួយ​ដល់​ប្រតិបត្តិការ​វា​រី​អគ្គិសនី​ប្រកបដោយ​ប្រសិទ្ធ​ភាព និង​ការជូនដំណឹង​ពី​ភាគី​ពាក់ព័ន្ធ​»​។​

​លោក ម៉ក់ ប៊ុនធឿន ប្រធាន​កម្មវិធី​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGO Forum) ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា ទិន្នន័យ​ទាំងនេះ​គួរ​ចែករំលែក​នៅក្នុង​គេហទំព័រ​ណាមួយ ដែល​សាធារណជន ឬ​សហ​​គម​ន៍​អាច​ទទួល និង​យល់បាន​។ ទិន្នន័យ​គួរតែ​ត្រូវបាន​ធ្វើឡើង​ដោយ​ងាយ​យល់​សម្រាប់​សា​ធារ​ណ​ជន សហគមន៍​មូលដ្ឋាន និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​រួមទាំង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ប្រើប្រាស់​វត្ថុបំណង​អភិវឌ្ឍន៍​ផ្សេងៗ​។

​លោក ម៉ក់ ប៊ុនធឿន ថ្លែងថា MRC គួរ​ដើរតួនាទី​ដ៏​សំខាន់​ក្នុងការ​ផ្សព្វផ្សាយ និង​ជំរុញឱ្យមាន​ការចែករំលែក​ទិន្នន័យ​ពី​ប្រតិបត្តិ​ករ​ទំនប់​វា​រី​អគ្គិសនី​នីមួយៗ​ឱ្យបាន​ទូលំទូលាយ និង​ងាយ​យល់បាន​ពី​សាធារណជន​ទូទៅ​។​

​អនុរដ្ឋមន្ត្រី​ក្រសួង​ធនធាន​ជាតិ និង​បរិស្ថាន​ឡាវ លោក Chanthnanet Boualapha បាន​ថ្លែង​ក្នុង​វេទិកា​អ្នកពាក់ព័ន្ធ​ថ្នាក់​តំបន់​លើក​ទី​១៣ ​នេះ​ថា តំបន់​មេគង្គ​មាន​ការវិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ ៣០ ​ឆ្នាំ​កន្លងមកនេះ​ជាមួយនឹង​ការអភិវឌ្ឍ​ថ្មីៗ​ក្នុង​ទិដ្ឋភាព​សំខាន់ៗ ដូចជា បរិស្ថាន សង្គម សេដ្ឋកិច្ច អាកាសធាតុ និង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​។

ការអភិវឌ្ឍ​ថ្មីៗ​ទាំង​នេះ​មិន​ត្រឹមតែ​ផ្តល់នូវ​ទស្សន​វិស័យ​ថ្មី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​នាំមក​នូវ​បញ្ហា​ប្រឈម និង​ហានិភ័យ​ដែល​ត្រូវ​គិតគូរ​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ក្នុង​តំបន់​ទន្លេមេគង្គ​។ ប្រទេស​ឡាវ​ទទួល​ស្គាល់​ការធ្វើសកម្មភាព​ភាព​បន្ទាន់ និង​ឱ្យបាន​លឿន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ចំពោះមុខ​នាពេលនេះ និង​ទៅ​អនាគត​។​

​លោក​បញ្ជាក់ថា​៖ «​ដោយ​​សារ​វា​រី​អគ្គិសនី​គឺជា​ថាមពល​កកើត​ឡើងវិញ​ដ៏​ស្អាត​បំផុត​មួយ រដ្ឋាភិបាល​ឡាវ​សូម​ស្វាគមន៍​យ៉ាងខ្លាំង​ចំពោះ​ការ​​អភិវឌ្ឍ​គម្រោង​វា​រី​អគ្គិសនី​ដែល​គិតគូរ​ពី​បរិស្ថាន និង​ប្រកបដោយ​និរន្តរភាព ជា​មួយ​នឹង​ការសិក្សា​អំពី​លទ្ធភាព​ទាំងអស់ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ដែល​អាច​កើតមាន​ចំពោះ​បរិស្ថាន និង​សហគមន៍​មូលដ្ឋាន​របស់​យើង​»​។​

​ក្នុងឱកាស​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា ​MRC កាលពី​វិច្ឆិកា នៅ​ខេត្តសៀមរាប លោក ថោ​ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ថ្លែង​កោតសរសើរ​ចំពោះ​ប្រទេស​ដៃគូ​សន្ទនា នៅក្នុង​សកម្មភាព​រួមគ្នា ការសន្ទនា ការផ្លាស់ប្តូរ ការចែករំលែក​ព័ត៌មាន និង​ទិន្ន​ន័យ ដោយ​លោក​បាន​អះអាងថា ជាការ​បង្ហាញ​ពី​ការជឿ​ទុក​ចិត្ត​គ្នា​យ៉ាង​ជ្រាលជ្រៅ ជា​ពិសេស​ការប្តេជ្ញាចិត្ត​ឥត​ងាករេ​របស់​ប្រទេស​ចិន និង​មី​យ៉ាន់​ម៉ា​ក្នុងការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​គណៈកម្មការ​ទន្លេ​​មេគង្គ​។​

​រូបរាង និង​ទ្រង់ទ្រាយ​នាពេល​អនាគត​របស់​អា​ង​ទន្លេ​មេគង្គ គឺ​អាស្រ័យ​លើ​វិសាល​​ភាព​នៃ​កិច្ចសហប្រតិបត្តិការ ការបង្កើត​ផ្លូវ​រួមគ្នា ការអនុវត្ត​យុទ្ធសាស្ត្រ​ដែល​បានដាក់​ចេញ និង​ការបង្កើត​ផែន​ការដែល​អាចធ្វើ​សកម្មភាព​រួម​ជា​មួយ​គ្នា ការប្តេជ្ញាចិត្ត​របស់​ក​ម្ពុ​ជា​ក្នុង​ការបន្ត​កិច្ចសហការ និង​ការធ្វើការ​រួមគ្នា​ជាមួយ​បណ្តា​ប្រទេស​មេគង្គ​ផ្សេងទៀត​សម្រាប់​ការអភិវឌ្ឍ​អាង​ទន្លេមេគង្គ​ប្រកបដោយ​ចីរភាព និង​មាន​ភាព​ធន់​៕