ភ្នំពេញៈ រដ្ឋាភិបាល​នៃ​ប្រទេស​នូ​វែ​ល​​សេ​ឡង់​ បានផ្តល់​ហិរញ្ញប្បទាន​បន្ថែម​ជាង ​៣,១ ​លាន​ដុល្លារ​អាមេរិក ក្នុង​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធ​ផល​ដំណាក់កាល​ទី​៤ ដែល​តាមរយៈ​គម្រោង​នេះ អាជ្ញាធរ​មីន បាននិងកំពុង​រៀបចំ​ផែនការ​បោសសម្អាត​មីន​ក្នុង​ខេត្ត​​បន្ទាយមានជ័យ និង​ខេត្តព្រះវិហារ​។​


​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​ ៦ ខែធ្នូ ឆ្នាំ​ ២០២៣ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា ភិបាល​គម្រោង​បោស​​សម្អាត​មីន​ដើម្បី​លទ្ធផល​ដំណាក់​កាល​ទី​ ៤ ដែល​ប្រព្រឹត្តទៅ​នៅ​ខេត្ត​​បន្ទាយមានជ័យ រវាង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ ​(UNDP)​ តំណាង​ដោយ​លោកស្រី AlissarChaker​ ប្រធាន UNDP ប្រចាំ​កម្ពុជា និង​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​នូ​វែ​ល​សេ​ឡង់​ តំណាង​ដោយ​លោក​ Jonathan Kings ឯកអគ្គ​រាជ​​ទូត​នូ​វែ​ល​សេ​ឡង់​ប្រចាំ​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុ​ប្រធាន​ទី​ ១ អាជ្ញាធរ​មីន​បានឱ្យដឹង​នៅ​ថ្ងៃទី​ ៧ ខែធ្នូ​ថា រដ្ឋាភិបាល​នៃ​ប្រទេស​នូ​វែ​ល​សេ​ឡង់​បានផ្តល់​ហិរញ្ញប្បទាន​បន្ថែមចំនួន ៥​ លាន​ដុល្លារ ​នូ​វែ​ល​សេ​ឡង់ ​ដែល​ស្មើនឹង​ប្រមាណ​ជាង ​៣,១​ លាន​ដុល្លារ​អាមេរិក ក្នុង​គម្រោង​បោសសម្អាត​មីន​ ដើម្បី​លទ្ធផល​ដំណាក់កាល​ទី​ ៤ ដែល​សម្របសម្រួល​ដោយ​អង្គការ UNDP​។​


​លោក​បាន​បញ្ជាក់ថា​៖ «​តាមរយៈ​គម្រោង​នេះ អាជ្ញាធរ​មីន បាននិងកំពុង​រៀបចំ​ផែនការ​បោសសម្អាត​មីន​ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ព្រះ​​វិហារ ដែល​កាលពី​ឆ្នាំ​ ២០២១ ប្រទេស​​នូ​វែ​ល​សេ​ឡង់ ​ក៏បានផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​បោសសម្អាត​មីន​ដើម្បី​លទ្ធផល​ដំណាក់កាល​ទី​ ៤ ចំនួន ៣,៨​ លាន​ដុល្លារ​អាមេរិក​»​។​

​យោងតាម​អាជ្ញាធរ​មីន លោក Jonathan Kings ឯកអគ្គរាជទូត​នូ​វែ​ល​​សេ​ឡង់ ក៏បាន​លើកឡើង​ដែរ​ថា សកម្មភាព​មីន​នៅ​កម្ពុជា​ពិតជា​មាន​ផល​វិជ្ជមាន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។​


​លោក​ក៏បាន​កោតសរសើរ​កម្ពុ​ជា​ ដែល​បាន​បំពេញការងារ​យ៉ាង​ល្អ​ក្នុង​កិច្ច​សង្គ្រោះ​ជនរងគ្រោះ និង​ការបញ្ជ្រាប​យេនឌ័រ​ចូលក្នុង​សកម្មភាព​មីន​។​

​លោក​បាន​បញ្ជាក់ថា​៖«​ដើម្បី​សម្រេចបាន​គោលដៅ​រួម វា​ទាមទារ​ឱ្យមាន​កិច្ច​សហប្រតិបត្តិការ​ខ្ពស់ ហើយ​ទោះ​បី​ជា​កម្ពុជា​សម្រេចបាន​សមិទ្ធ​ផល​គួរ​ជាទី​កត់សម្គាល់ កម្ពុជា​នៅមាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​ដើម្បី​ធានា​សម្រេចបាន​គោលដៅ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​ ២០២៥»​។​

​ជាមួយគ្នា​នោះដែរ លោកស្រី Alissar Chaker ក៏បាន​ថ្លែង​កោតសរសើរ​ការដឹកនាំ​របស់​អាជ្ញាធរ​មីន​ ក្នុង​សកម្ម​​ភាព​មីន​ដែល​ក្នុងនោះ អាជ្ញាធរ​មីន​បាន​បញ្ជ្រាប​យេនឌ័រ​ ទៅក្នុង​សកម្មភាព​មីន និង​អនុវត្ត​ស្របតាម​របៀបវារៈ​ឆ្នាំ​២០៣០ ដោយ​មិន​ទុក​នរណាម្នាក់​ចោល​ឡើយ​។​

​លោកស្រី​បាន​បញ្ជាក់ថា​៖ «​សកម្ម​ភាព​មីន​ជា​សកម្មភាព​កសាង​ជីវិត​របស់​ប្រជាជន​ឡើងវិញ ហើយ ​UNDP​ ប្តេជ្ញា​បន្ត​គាំទ្រ​សកម្មភាព​មីន​នៅ​កម្ពុជា តាមរយៈ​អាជ្ញាធរ​មីន​»​។​

​នាឱកាស​នោះដែរ​ក្នុងនាម​ជា​តំណាង​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ​លោក លី ធុជ បាន​ថ្លែងអំណរគុណ ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​នូ​វែ​ល​សេ​ឡង់​ ដែល​បានផ្តល់​ការគាំទ្រ​ដល់​សកម្ម​ភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា​។​

​យោងតាម​អាជ្ញាធរ​មីន ចាប់ពី​ឆ្នាំ​ ១៩៩២ ដល់​ខែមិថុនា ឆ្នាំ​ ២០២៣ ​កម្ពុជា​ បាន​បោសសម្អាត​មីន និង​សំ​​ណ​ល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម រាប់បញ្ចូល​ទាំង​គ្រាប់បែក​ចង្កោម​ក្នុង​ទំហំ​ផ្ទៃដី​ចំនួន ​២ ៧៦១ ​គីឡូម៉ែត្រ​ការ៉េ​ ដែល​ផ្ទៃដី​ទាំង​នេះ ​ត្រូវបាន​យក មកប្រើ​ប្រាស់​សម្រាប់​វិស័យ​កសិកម្ម ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ ការសាងសង់​លំនៅឋាន និង​គោលបំណង​សេដ្ឋកិច្ចសង្គម​ដទៃទៀត​។​

​មន្ត្រីជាន់ខ្ពស់​នៃ​អាជ្ញាធរ​មីន​បានបង្ហាញ​ការ​ជឿជាក់ថា បញ្ចប់​ឆ្នាំ ​២០២៣​ ខាង​មុខ​ផ្ទៃដី​បោសសម្អាត​រួច​នឹង​កើនឡើង​រហូតដល់​ ២ ៩៥០ ​គីឡូម៉ែត្រ​ការ៉េ​៕