ភ្នំពេញៈ​ លោក​អ៊ាង សុផល្លែត​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បាន​ជំរុញ​និង​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំងអស់​ឱ្យ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃ​គូ​ពាក់ព័ន្ធ​ក្នុងការ​គ្រប់គ្រង​តំបន់​ការពារ​ធនធានធម្មជាតិ និង​ការអភិរក្ស​ជីវចម្រុះ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​។​


​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​បរិស្ថាន​បានឱ្យដឹងថា ការជំរុញ​របស់លោក អ៊ាង សុផល្លែត បាន​ធ្វើឡើង​នៅក្នុង​ពិធី​បិទ​សិក្ខា​សាលា​ស្តីពី ​«​ការត្រួតពិនិត្យ​ការ​ងារ​ឆ្នាំ​២០២៣ និង​ការរៀបចំ​ផែន​ការ​សកម្ម​ភាពជា​យុទ្ធសាស្ត្រ​សម្រាប់​គ្រប់គ្រង​តំបន់ការពារធម្មជាតិ ឆ្នាំ​ ២០២៤-២០២៨» កាល​ទី ៦ ខែធ្នូ ឆ្នាំ​ ២០២៣​។​

​នាឱកាស​នោះ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បានលើកឡើង​ថា ការ​​រួមគ្នា​គ្រប់គ្រង​ធនធានធម្មជាតិ​និង​អភិរក្ស​ជីវចម្រុះ សម្រេច​ឱ្យបាន​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត​គឺជា​បេសកកម្ម​សុក្រឹតកម្ម​បរិ​ស្ថាន​កិច្ច​។ លោក​ក៏បាន​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំងអស់​ឱ្យ​បន្ត​ខិតខំ​អនុវត្ត​កាន់តែ​ប្រសើរ​ថែមទៀត​នូវ​រាល់​តួនាទី​ភារកិច្ច​របស់ខ្លួន និង​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ​ប្រកបដោយ​ភាពម្ចាស់ការ មនសិការ​វិជ្ជាជីវៈ ការទទួល​ខុសត្រូវ និង​ភាព​ច្នៃប្រឌិត​។​


​លោក​បាន​បន្តថា​៖ «​សូមឱ្យ​មន្ត្រី​ទាំងអស់​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុងការ​​គ្រប់គ្រង​ធនធានធម្មជាតិ និង​ការអភិរក្ស​ជីវចម្រុះ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន និង​ប្រជា​សហគមន៍​នៅ​មូលដ្ឋាន​ទាំងអស់​ដើម្បី​រួមគ្នា​សម្រេច​ឱ្យបាន​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត​ក្នុង​បេសកកម្ម​សុ​​ក្រឹ​ត​កម្ម​បរិស្ថាន​កិច្ច ដោយមាន​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ២០២៣-២០២៨»​។​

​ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រី អ៊ាង សុផល្លែត បានចាត់ទុក​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​ថា ជា​ផែនទី​បង្ហាញផ្លូវ​ក្នុងការ​​ដឹកនាំ​តម្រង់ទិស​សម្រាប់​ការ​​អនុវត្ត​សកម្មភាព​វិស័យ​បរិស្ថាន ពិសេស​ការគ្រប់គ្រង​ធនធាន​​ធម្មជាតិ និង​ការអភិរក្ស​ជីវចម្រុះ​ឱ្យសម្រេចបាន​ជោគជ័យ​ជូន​រាជរដ្ឋាភិបាល និង​សង្គមជាតិ​។​


​ឆ្លៀត​ក្នុងឱកាស​នេះដែរ លោក​បាន​ជំរុញ​ឱ្យ​អគ្គនាយដ្ឋាន​តំបន់ការពារធម្មជាតិ​ពង្រឹង​ប្រសិទ្ធ​ភាព និង​ទំនើបកម្ម​ការងារ​រប​ស់​អង្គភាព​ចំណុះ និង​ជំរុញ​ការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​ដោយ​អនុលោម​តាម​ក្រម​បរិ​ស្ថាន និង​ធនធានធម្មជាតិ និង​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​ព្រមទាំង​លើកកម្ពស់​ការសិក្សា​ស្រាវជ្រាវ ការអភិរក្ស​ជីវចម្រុះ បេតិកភណ្ឌ​ធម្មជាតិ និង​វប្បធម៌ នៅតាម​តំបន់ការពារធម្មជាតិ​ផងដែរ​។​

​ជុំវិញ​រឿងនេះ​ដែរ លោកស្រី ផ្លឹ​ក ភី​រុំ អ្នកសម្របសម្រួល​បណ្តា​ញ​ជនជាតិដើម​ភាគតិច​ប្រចាំខេត្ត​មណ្ឌលគិរី​បាន​ថ្លែង​នៅ​ថ្ងៃទី​ ៧ ខែធ្នូ ថា ការជំរុញ​របស់​ក្រសួងបរិស្ថាន​បែបនេះ​គឺជា​រឿង​ល្អ ប៉ុន្ដែ​បើតាម​លោកស្រី ដើម្បីឱ្យ​កិច្ចការ​នេះ​សម្រេចបាន​ជោគជ័យ គឺ​ក្រសួង​ត្រូវតែ​ជជែក និង​ពិភាក្សា​ជាមួយ​ប្រជា​សហគមន៍​ពីព្រោះ​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ភាគច្រើន​គឺមាន​សហគមន៍​ជនជាតិដើម​ភាគតិច​ជា​អ្នកការពារ​។​

​លោកស្រី​បញ្ជាក់ថា​៖«​ខ្ញុំ​គិតថា ក្រសួងបរិស្ថាន​គួរតែ​ពិគ្រោះ​​យោបល់​ជាមួយ​ជនជាតិដើម​ភាគតិច​ដែល​កំពុង​ការពារ​នៅ​តំបន់​ធនធានធម្មជាតិ​ទាំងអស់នោះ អ៊ីចឹង​ខ្ញុំ​ជឿថា ការងារ​នឹងមាន​ប្រសិទ្ធភាព​។ ប៉ុន្តែ​បើ​ក្រសួង​ធ្វើ​តែម្នាក់ឯង​អាច​នឹង​ធ្វើឱ្យ​ជន​ជាតិ​ដើម​ភាគតិច​ជួប​បញ្ហា​ណាមួយ ហេតុនេះ​ខ្ញុំ​សូមឱ្យ​រាជ​រដ្ឋា​ភិ​បាល​សហការ​ជាមួយ​សហ​​គម​ន៍ និង​ជនជាតិដើម​ភាគតិច​មុននឹង​រៀបចំ​ផែនការអភិវឌ្ឍន៍ និង​គ្រប់គ្រង​នៅ​តំបន់​ការពារ​ធនធានធម្មជាតិ​ណាមួយ​»​។​

​បើតាម​ក្រសួងបរិស្ថាន គិត​​មកទល់​បច្ចុប្បន្ន នៅ​កម្ពុជា​តំបន់ការពារធម្មជាតិ​បាន​កើនឡើង​ពី​ចំនួន​ ២៣ ​តំបន់ ដែលមាន​ផ្ទៃដី​សរុប​ប្រមាណ​ ៣,៣ ​លាន​ហិកតា ស្មើនឹង​ ១៨ ​ភាគរយ​នៃ​ផ្ទៃដី​ប្រទេស​ក្នុង​ឆ្នាំ​ ១៩៩៣ ដល់​ចំនួន​ ៧៣​ តំបន់ ដែលមាន​ផ្ទៃដី​សរុប​ជាង​ ៧​ លាន​ហិកតា​ស្មើនឹង ​៤០ ភាគរយ​នៃ​ផ្ទៃ​ប្រទេស​។ 

​តំបន់​ទាំងនេះ​ត្រូវបាន​បែងចែក​ជា​ប្រភេទ តំបន់​ការ​ពារ​ធម្មជាតិ មាន​ជាអាទិ៍ តំបន់​ឧទ្យាន​ជាតិ តំបន់​ឧទ្យាន​ជាតិ​សមុទ្រ តំបន់​ដែន​ជម្រក​សត្វ​​ព្រៃ តំបន់ ការពារទេសភាព តំបន់​ប្រើប្រាស់​ច្រើនយ៉ាង តំបន់​រ៉ា​ម​សារ តំបន់​ស្នូល​នៃ​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេ​សាប និង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ស្ថិតក្នុង​ដែន​យុ​ត្ដា​ធិ​ការ​របស់​ក្រសួងបរិស្ថាន​៕