ភ្នំពេញៈ អង្គការ​ភ្លែ​ន​អន្តរ​ជាតិ​ប្រចាំ​កម្ពុជា បាន​ផ្ដួចផ្តើម​បង្កើត​យុទ្ធនាការ «​បើក​ប៊ូ​តុង​សុវត្ថិភាព​»​ ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​របស់​សាធារណជន ដើម្បី​លុបបំបាត់​ការ​បៀតបៀន​ក្មេងស្រី និង​ស្ដ្រី​នៅតាម​ទីសាធារណៈ​។​


​លោក យី គឹម​ថា​ន នាយករង​ប្រចាំ​ប្រទេស​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​ប្រចាំ​កម្ពុជា​បានឱ្យដឹង​នៅ​ថ្ងៃទី​ ៧ ខែធ្នូ​ថា ការផ្ដួចផ្ដើម​យុទ្ធនាការ «​បើក​ប៊ូ​តុង​សុវត្ថិភាព​» វា​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ ១៦ ​ថ្ងៃ ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី ដែល​តែងតែ​ធ្វើជា​រៀងរាល់ឆ្នាំ​នៅ​ទូទាំង​ពិភពលោក ខណៈដែល​ប្រទេស​កម្ពុជា​ក៏​តែង​តែ​ធ្វើ​យុទ្ធនាការ​នេះ​ជា​រៀងរាល់ឆ្នាំ​ផងដែរ​។​

​ការបើក​យុទ្ធនាការ «​ប៊ូ​តុង​សុវត្ថិភាព​» គឺជា​យុទ្ធ​នា​ការ​មួយ​ដែល​បង្កើន​ការយល់​ដឹង​របស់​សាធារណជន​រួមមាន​ឪពុក​​ម្ដាយ អាជ្ញាធរ ក៏ដូចជា​ប្រជាពលរដ្ឋ​ទាំងមូល ចូលរួម​ធ្វើឱ្យ​ក្មេងស្រី និង​ស្ដ្រី មាន​សុវត្ថិ​ភាព​ដូចជា​ក្មេងប្រុស និង​បុរស​ដែរ​។ ពោល​នៅពេលដែល​ស្ត្រី​ធ្វើដំណើរ​តាម​ដងផ្លូវ​សាធារណៈ ឬក៏​និយាយ​តាម​សាធារណៈ និង​តាម​អន​ឡាញ​ផ្សេងៗ​នឹងមិន​ត្រូវ​ទទួលរ​ង​ការ​បៀតបៀន​ឡើយ​។​


​យុទ្ធនាការ​នេះ ក៏​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​លុបបំបាត់​ការ​បៀតបៀន និង​ការ​មាក់ងាយ​នៅតាម​ទីសាធារណៈ​ទៅលើ​ក្មេងស្រី និង​ស្ត្រី​ផងដែរ​។​

​ដោយឡែក​លោកស្រី ស ស៊ី​ណែ​ត អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​​អភិវឌ្ឍន៍​សង្គម នៃ​ក្រសួង​កិច្ច​ការ​នារី បាន​ថ្លែង​ឱ្យដឹង​ដែរ​ថា អ្វីដែល​អង្គការ​ផ្សេងៗ​កំពុងតែ​ធ្វើ​នេះ​គឺ​វា​មាន​គោលបំណង​តែ​ ១ ​គត់ គឺ​ដើម្បី​ធ្វើយ៉ាងណា​ចូលរួម​ទប់ស្កាត់ និង​លុបបំបាត់​រាល់​ទម្រង់​នៃ​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ​នៅក្នុង​ប្រទេស​កម្ពុជា​។​


​លោកស្រី​ថ្លែងថា​៖ «​សកម្មភាព​ពួកគាត់​ដែល​កំពុង​ធ្វើ​ហ្នឹង គឺ​បានបញ្ជាក់​ពី​ការចូលរួម​អបអរ​សាទរ​នៃ​យុទ្ធនាការ​ ១៦ ​ថ្ងៃ​ ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង​​ក្មេងស្រី ដែល​យើង​តែងតែ​ធ្វើជា​រៀងរាល់ឆ្នាំ​»៕​

យុទ្ធនាការ​ «​បើក​ប៊ូ​តុង​សុវត្ថិភាព​»​ ត្រូវបានបង្កើតឡើង​ដើម្បី​លុបបំបាត់​ការ​បៀតបៀន​នៅតាម​ទីសាធារណៈ​។ រូបថត នារី - NEARY