ភ្នំពេញៈ អតីតរដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​លោក​ ច​ច យ៉ូ យ៉ុង ប៊ូ​ន (George Yeo Young​ Boon)​ បាន​មើលឃើញ​ពី​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​របស់​កម្ពុជា ខណៈ​លោក​ចាប់អារម្មណ៍​លើ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​។​


​លោក ​ច​ច យ៉ូ យ៉ុង ប៊ូ​ន បានលើកឡើង​ដូចនេះ ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត ​ក្នុងជំនួប​សម្តែង​ការគួរ​សម នៅ​វិមាន​សន្តិភាព នា​ថ្ងៃទី​ ៧ ខែធ្នូ ឆ្នាំ​ ២០២៣​។ អតីត​​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី​បានធ្វើការ​កត់សម្គាល់​ពី​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​របស់​កម្ពុជា​។ នេះ​បើ​យោងតាម​លទ្ធផល​នៃ​ជំនួប​នេះ​ដែល​ផ្សព្វផ្សាយ​តាមរយៈ​តេ​ឡេ​ក្រាម​របស់លោក ហ៊ុន​ ម៉ា​ណែ​ត​។ 

​លទ្ធផល​នៃ​ជំនួប​បាន​លើកឡើងថា លោក ​ច​ច យ៉ូ យ៉ុង ប៊ូ​ន ​បានបង្ហាញ​នូវ​ភាព​ ​រីករាយ​ដែល​លោក​បានមក​កាន់​ទឹកដី​កម្ពុជា​សាជាថ្មី​ម្តងទៀត ព្រម​ជាមួយនឹង​ការកត់សម្គាល់​ពី​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​របស់​កម្ពុជា ដែលជា​ប្រទេស​ទើប​ចេញ​ចាក​រួច​ផុតពី​សង្គ្រាម​។  


​ប្រភព​ដដែល​បាន​បញ្ជាក់ថា​៖ «​ឯកឧត្តម​ ច​ច យ៉ូ យ៉ុង ប៊ូ​ន ​ក៏បាន​ជម្រាបជូន​សម្តេច​ធិបតី​ចំណាប់អារម្មណ៍​ក្នុងការ​ស្វែង​​យល់​បន្ថែម​ពី​សក្តានុពល​នៃ​វិស័យ​វិនិយោគ និង​វិស័យ​មួយចំនួនទៀត​នៅ​កម្ពុជា ជាពិសេស​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស ស្របពេល​ឯកឧត្តម​ក៏បាន​ចូល​​រួម​ធ្វើ​បាឋកថា ដល់​សិក្ខាកាម​នៅ​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​នៃ​ក្រសួង​ការបរទេស​កម្ពុជា​ផងដែរ​»​។​

​នា​ជំនួប​នោះដែរ លោក ហ៊ុន​ ​ម៉ា​ណែ​ត បាន​ស្វាគមន៍​ចំពោះ​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​អតីតរដ្ឋមន្ត្រី​ការបរទេស​សិង្ហ​បុរី និង​សហការី​ហើយ​លោក​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​ធ្វើ​បាឋកថា នៅ​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ នៃ​ក្រសួងការបរទេស​កម្ពុ​ជា​។


​ឆ្លៀតឱកាស​នោះ លោក​ ហ៊ុន​ ម៉ា​ណែ​ត ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​អតីត​នាយករដ្ឋមន្ត្រី​សិង្ហ​​បុរី ដែល​តែងតែបាន​គាំទ្រ​ដល់​តួនាទី​របស់​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ​ក្នុង​រយៈកាល​កន្លងមក ព្រមទាំង​បានលើកឡើង​អំពី​គោលនយោបាយ និង​កម្មវិធី​នយោបាយ​អាទិភាព​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ ​នៃ​រដ្ឋសភា​ក្នុង​ការបន្ត​អភិវឌ្ឍ​ប្រទេស​ផងដែរ​។​

​នៅ​ថ្ងៃ​ដដែល​នោះ លោក ច​ច យ៉ូ យ៉ុង ប៊ូ​ន​ ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយនឹង​លោក​ ហ៊ុន សែន ប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ និង​ជា​អតីត​នាយករដ្ឋមន្ត្រី​ផងដែរ​។ យោងតាម​ហ្វេ​ស​ប៊ុ​កលោក​ហ៊ុន សែន នា​ជំនួប​នោះ​លោ​ក ច​ច យ៉ូ យ៉ុង ប៊ូ​ន ​បានលើកឡើង​ទៀតថា រាជ​ធានី​ភ្នំពេញ​ក៏​រៀបចំ​បានល្អ​មាន​ប្រជាជន​ធ្វើ​ចរាចរណ៍​ច្រើន មាន​អគារ​ថ្មីៗ ខ្ពស់ៗ ហើយ​ប្រជាជន​រស់នៅ​ប្រកបដោយ​ស្មារតី​រីករាយ ក្រោម​ការអភិវឌ្ឍ​ប្រកប​ដោយ​សុខសន្តិភាព​។​

​ទាក់ទង​នឹង​បញ្ហា​សេដ្ឋកិច្ច លោក​ ហ៊ុន សែន​ មានប្រសាសន៍ថា​៖ «​មាន​បញ្ហា​ ២​ ដែល​កម្ពុជា​កំពុង​បន្ត​យកចិត្តទុកដាក់​រួមមាន បញ្ហា​សន្តិសុខ​ស្បៀង និង​បញ្ហា​សន្តិសុខ​ថាមពល​។ ពាក់ព័ន្ធ​បញ្ហា​សន្តិសុខ​ស្បៀង​គឺ​យើង​បាន​ប្រែក្លាយជា​ប្រទេស​ផលិត​ស្បៀង​សម្រាប់​ផ្គត់ផ្គង់​ខ្លួនឯង សម្រាប់​បរិភោគ និង​ទៅជា​ប្រទេស​ដែល​នៅសល់​ស្បៀង​សម្រាប់​ការនាំ​ចេញ​មួយចំនួន​»​។

លោក ហ៊ុន​ សែន បន្តថា ពាក់ព័ន្ធ​នឹង​សន្តិសុខ​ថាមពល ទោះបីជា​កម្ពុជា​មិនមែនជា​ប្រទេស​ផលិត​ប្រេង ប៉ុន្តែ​កម្ពុជា​នៅ​គ្រប់គ្រង​បាន ដោយ​គិត​មកដល់ពេលនេះ​បាន​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​ប្រមាណ ៦២% ហើយ​បាន​ឈប់​ផលិត​ថាមពល​ពី​ធ្យូងថ្ម​។​

​ដោយឡែក​នា​ថ្ងៃទី ​៦ ​ធ្នូ វិទ្យា​ស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ ក្រោម​គំនិត​ផ្តួចផ្តើម​របស់លោក សុខ​ចិន្តា សោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានរៀបចំ​បាឋកថា ក្រោម​ប្រធានបទ ​«​ការរក្សា​តុល្យ​ភាព​របស់​អាស៊ាន​ក្នុង​អន្តរកាល​ឆ្ពោះទៅរក​ពិភពលោក​ដែលមាន​លក្ខណៈ​ពហុ​ប៉ូល​» ឧទ្ទេសនាម​ដោយ​លោក​ ច​ច យ៉ូ យ៉ុង ប៊ូ​ន​។​

​សូមបញ្ជាក់ថា លោក ច​ច យ៉ូ យ៉ុង ប៊ូ​ន ​គឺជា​បញ្ញវន្ត​កិត្តិយស​នៃ​វិទ្យាស្ថាន​គោលនយោបាយ​សាធារណៈ​លី ក្វាន់​យូ នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី និង​ជា​ស្ថាបនិក​នៃ​វិទ្យាស្ថាន​ប្រកួត​​ប្រជែង​អាស៊ី​។ 

​លោក​បាន​កាន់​តួនាទី​ជាន់ខ្ពស់​ទាំង​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន ហើយ​លោក​បម្រើ​ការងារ​រយៈពេល ២៣ ​ឆ្នាំ ក្នុង​ជួរ​រដ្ឋាភិបាល​សិង្ហ​បុរី ក្នុងតួនាទី​ជា​រដ្ឋមន្ត្រី​ព័ត៌មាន និង​សិល្បៈ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម និង​រដ្ឋមន្ត្រី​ការ​​បរទេស​។ យោងតាម​សេចក្តី​​ប្រកាស​របស់​ក្រសួងការបរទេស បាឋកថា​នេះ មាន​អ្នកចូលរួម​ប្រមាណ ២០០​ នាក់ មកពី​ក្រសួង​-​ស្ថាប័ន បណ្តា​ស្ថានទូត​បរទេស​ប្រចាំ​កម្ពុជា សាកល​វិទ្យាល័យ​នានា​ធនាគារ​ខួរក្បាល និង​ទីភ្នាក់ងារសារព័ត៌មាន​៕