​ភ្នំពេញៈ អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​ចូលជួប​ដើម្បី​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក ហ៊ុន ម៉ា​​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​វិមាន​សន្តិភាព កាលពី​ម្សិលមិញ និង​បាន​ជួប​លោក កើត រិ​ទ្ធ រដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌​ដាច់​ដោយ​ឡែក​ពីគ្នា​កាលពី​ថ្ងៃទី ​៦ ខែធ្នូ នៅ​ទីស្ដីការក្រសួង ពិភាក្សា​លើ​បញ្ហា​កំណែទម្រង់​ប្រព័ន្ធ​យុ​ត្តិ​ធម៌ និង​ពិភាក្សា​អំពី​ស្ថានភាព​ទូទៅ​នៃ​បញ្ហា​សិទ្ធិមនុស្ស​។​នេះ​បើ​យោងតាម​សារ​នៅលើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​របស់​នាយ​ក​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​។​


​លោក ហ៊ុន ម៉ា​ណែ​ត បានទទួល​ជួប​លោក វិ​ទិ​ត មុន​តា​ប៊​ន (Vitit Muntarbhorn) អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ពិភាក្សា​អំពី​ស្ថានភាព​ទូទៅ​នៃ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត​។​

​លោក វិ​ទិ​ត មុន​តា​ប៊​ន  កាលពី​ថ្ងៃទី​ ៦ ខែធ្នូ ក៏បាន​ជួប​ជាមួយ​លោក​កើត​ រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នៅ​ទីស្តីការ​ក្រសួងយុត្តិធម៌ ហើយ​ក្នុងជំនួប​នោះ លោក វិ​ទិ​ត បាន​ថ្លែង​គាំទ្រ និង​ទទួលស្គាល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​កម្ពុជា​លើ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​ដែលជា​ចំណែក​លើកកម្ពស់​សិទ្ធិមនុស្ស​។ នេះ​បើ​យោងតាម​ក្រសួងយុត្តិធម៌  ​បាន​ឱ្យដឹងពី​ខ្លឹមសារ​នៃ​ជំនួប​នោះ​។​


​ប្រភព​ដដែល​នេះ​បញ្ជាក់ថា លោក កើត រិ​ទ្ធ បាន​ថ្លែង​ទៅកាន់ លោក វិ​ទិ​ត អំពី​ការងារ​អាទិភាព​របស់​ក្រសួងយុត្តិធម៌ ជាពិសេស​ការរៀប​ចំកា​រងារ​លើក​កម្ពស់​គុណភាព និង​ប្រសិទ្ធភាព​ប្រព័ន្ធយុត្តិធម៌ ដែលជា​វិធាន​គន្លឹះ​អាទិភាព ​១ ក្នុងចំណោម​ ៥ ដែល​ដាក់ចេញ​ដោយ​ប្រមុខ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​។​

​ក្នុងជំនួប​នោះដែរ លោក វិ​ទិ​ត មុន​​តា​ប៊​ន បាន​ថ្លែង​ការស្វាគមន៍​ដោយ​ទទួលស្គាល់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​កន្លងមក​លើ​ការងារ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ ហើយ​បង្ហាញ​ការគាំទ្រ​ចំពោះ​ការងារ​ដែល​ក្រសួងយុត្តិធម៌​បាននិងកំពុង​ដាក់ចេញ ជាពិសេស​យន្តការ​បង្កើត​អាជ្ញាធរ​ជាតិដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​។​


​លោក​ ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី​ ៧ ខែធ្នូ បាន​ថ្លែងថា នៅក្នុង​ជំនួប អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​របស់ UN មិនបាន​លើកឡើង​ពី​ការរិះគន់​ផ្នែក​សិទ្ធិមនុស្ស ឬ​ផ្នែក​យុត្តិធម៌​ណាមួយ​ឡើយ ដោយសារ​ជំនួប​នេះ​មាន​គោលដៅ​ជជែក​ពី​វឌ្ឍនភាព​លើ​វិស័យ​យុត្តិធម៌ បន្ទាប់ពី​ជំនួប​គ្រា​មុន​កាលពី​ខែសីហា ឆ្នាំ ​២០២២​។​

​លោក ម៉ា​លីន ថ្លែងថា​៖ «​យើង​បាន​ជជែក​ពី​ក្របខ័ណ្ឌ​គោលនយោបាយ​អំពី​កែទម្រង់​ប្រព័ន្ធយុត្តិធម៌ ហើយ​ជជែក​ពី​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ការដោះស្រាយ​បញ្ហា​ពន្ធនាគារ ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធ​នា​គារ យន្តការ​ការអនុវត្ត​ទោស​មិនមែន​ពន្ធនាគារ និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​យន្តការ​របស់ UN»​។​

​លោកថ្លែងថា ជារួម លោក វិ​ទិ​ត មុន​តា​ប៊​ន បាន​កោតសរសើរ​និង​លើក​ទឹក​ចិត្ត​បន្ត​លើ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌ ដែលជា​ចំណែក​សំខាន់​ក្នុង​ការលើក​​កម្ពស់​សិទ្ធិមនុស្ស​តួយ៉ាង សិទ្ធិ​ទទួលបាន​យុត្តិធម៌ ធានាបាន​នូវ​នីតិរដ្ឋ និង​លើកកម្ពស់​ប្រជាធិបតេយ្យ​។​

​ដោយឡែក​នៅ​ថ្ងៃទី​ ៦ ខែធ្នូ ឆ្នាំ ​២០២៣ រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​សេចក្តីសម្រេច​បង្កើត​ក្រុមការងារ​អន្តរក្រសួង​ដឹកនាំ​ការងារ​រៀបចំ​របាយការណ៍​ជាតិ​ស្តីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា ជូន​អង្គការសហប្រជាជាតិ​ដែល​ដឹកនាំ​ដោយ​លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​។​

​សេចក្តីសម្រេច​នេះ​បញ្ជាក់ថា ក្រុមការងារ​អន្តរក្រសួង​នេះ​មាន​តួនាទី​ធ្វើ​សេចក្តីព្រាង​របាយការណ៍​ជាតិ ស្តីពី​ការអនុវត្ត​សន្ធិសញ្ញា​ដែល​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​សម្រាប់​ដាក់ជូន UN តួយ៉ាង​សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​ (ICESCR) របាយការណ៍​ស្តីពី​ការលុបបំបាត់​រាល់​ទម្រ​ង់​នៃ​ការ​រើសអើង​ពូជសាសន៍ ​(CERD) របាយ​​ការណ៍​ស្តីពី​ការការពារ​ជន​គ្រប់រូប​ពី​ការបាត់​ខ្លួន​ដោយ​បង្ខំ​ (CED) របាយ​ការណ៍​ស្តីពី​ការពិនិត្យ​ជា​សកល​តាម​កាលកំណត់​ (UPR) របាយការណ៍​នានា​ទៀត​ដែល UN ស្នើសុំ​។​

​លើសពីនេះទៅទៀត ក្រុមការងារ​អន្តរក្រសួង​មាន​ភារកិច្ច​ពិនិត្យ​និង​លើក​យោបល់​ជូន​រដ្ឋាភិបាល លើ​សេចក្តី​ព្រាង​របាយការណ៍​នានា​របស់ UN និង​របស់​អ្នកតំណាង​ផ្សេងៗ​ទៀត​នៃ​អង្គ​ភាព​សន្ធិសញ្ញា UN ដែល​ដាក់ជូន​រដ្ឋាភិបាល ក៏ដូចជា​បំពេញភារកិច្ច​ពាក់​ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស​តាម​ការប្រគល់​របស់រ​ដ្ឋា​ភិ​បាល​។​

​លោក ស៊ឹ​ង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដ​ហុក បាន​ថ្លែង​ដោយ​បង្ហាញ​ការគាំទ្រ​ទិសដៅ​របស់​រដ្ឋាភិបាល​ចំពោះ​កំណែ​ទម្រង់​ប្រព័ន្ធយុត្តិធម៌ ដែលជា​ចំណែក​មិនអាច​ខ្វះ​បាន​នៅក្នុង​ដំណើរការ​ការ​ពារ និង​គោរព​សិទ្ធិមនុស្ស ដែល​កើតចេញពី​ការរំលោភបំពាន​សិទ្ធិមនុស្ស​នៅក្នុង​ជម្លោះ​នានា ដូចជា​បញ្ហា​បរិស្ថាន និង​បញ្ហាដីធ្លី​ជាដើម​។​

​លោក សែន​ករុណា ថ្លែងថា​៖ «​ទោះជា​យ៉ាងណា ទិសដៅ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​នៅ​មិនមាន​ភាពប្រសើរ​នៅឡើយ​ទេ (​ព្រោះ​)​​ នៅតែ​រង​ការ​រិះ​គន់​ពី​សហគមន៍ជាតិ និង​អន្តរជាតិតួយ៉ាង​ការចាត់​ថ្នាក់​របស់​គម្រោង​ឃ្លាំ​មើល​យុត្តិធម៌ នៅតែ​ចេញ​របាយការណ៍​ចាត់ថ្នាក់​ប្រព័ន្ធយុត្តិធម៌​សង្គម​នៅ​ជិត​ចុងក្រោយ​គេ​ទៅហើយ​។ ជាពិសេស​មានការ​ព្រួយបារម្ភ​ទៅលើ​ការអនុវត្ត​របស់​មន្ត្រី​អនុវត្ត​ច្បាប់ ដែលមាន​ភាព​លម្អៀង​ដោយ​និន្នាការ​នយោបាយ និង​អំពើពុករលួយ​»​។​

​លោក​ ស៊ឹ​ង សែន​ករុណា បាន​ថ្លែង​ដោយ​បង្ហាញ​ឆន្ទៈ​សាទរ​ចំពោះ​ការ​ប្តេជ្ញាចិត្ត​របស់​ប្រមុខ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ហើយ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ នៅតែ​បន្ត​រង់​ចាំមើល​សកម្មភាព​ជាក់ស្តែង​ចំពោះ​កំណែទម្រង់​ប្រព័ន្ធយុត្តិធម៌​នេះ​៕