សៀមរាបៈ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី ភឿង ស​កុ​ណា​ បាន​លើកឡើងថា ការរៀបចំ​ព្រឹត្តិការណ៍​រំឭក​គុណ​អង្គរ គឺធ្វើឡើង​ដើម្បី​រំឭក​នឹក​គុណ​ដល់​បុព្វការី​ជន​ព្រះមហា​​ក្សត្រ​ជំនាន់​មុន​គ្រប់​ព្រះអង្គ​ដែល​បាន​កសាង​ប្រាសាទ​នានា ដែល​ពិធី​នេះ​នឹង​ក្លាយជា​យុទ្ធនាការ​រួមមួយ​ក្នុង​ការជួយ​ជំរុញឱ្យមាន​ការជួយឧបត្ថម្ភ​គាំទ្រ​នានា​ក្នុង​កិច្ចការ​អភិរក្ស​បេតិកភណ្ឌ​ជាតិ​។​


​លោកស្រី​ ភឿង ស​កុ​ណា ដែលជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា​ផង​នោះបាន​លើកឡើង​បែបនេះ នាឱកាស​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បានរៀបចំ​ពិធីបួងសួង​សុំ​សេចក្ដីសុខ និង​រាប់បាត្រ​ព្រះសង្ឃ​​ ១៣១ ​អង្គ បើក​ព្រឹត្តិការណ៍​រំឭក​គុណ​អង្គរ​ឆ្នាំ​ទី​៣ ​នៅ​ព្រឹក​ថ្ងៃទី​ ៧ ខែធ្នូ ឆ្នាំ​ ២០២៣​។

ពិធី​នេះ​ក៏មាន​ការ​ចូលរួម​ពី​លោកស្រី​ ម៉ែន សំអន​ ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ លោកស្រី ពេ​ជ ចន្ទ​មុន្នី​ ហ៊ុន​ ម៉ា​ណែ​ត ព្រមទាំង​អភិបាលខេត្ត​​សៀមរាប ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​បុគ្គលិក​អាជ្ញាធរ​​ជាតិ​អប្សរា​ជាច្រើន​រយ​នាក់​។


​លោកស្រី​ ភឿង ស​កុ​ណា ថ្លែងថា ព្រឹត្តិការណ៍​រំឭក​គុណ​អង្គរ​ធ្វើឡើង​ក្នុង​គោលបំណង​ ២ ​សំខាន់ៗ​ពោល គឺ​ដើម្បី​អបអរសាទរ​ខួប​ ៣១ ​ឆ្នាំ​នៃ​ការចុះ​រមណីយដ្ឋាន​អង្គរ​ទៅក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​ថ្ងៃទី​ ១៤ ខែធ្នូ ឆ្នាំ ​១៩៩២​។ ពិធី​នេះ​ក៏​ដើម្បី​រំឭក​នឹក​គុណ​ដល់​បុព្វការី​ជន​ព្រះមហា​ក្សត្រ​ជំនាន់​មុន គ្រប់​ព្រះអង្គ ដែល​បាន​កសាង ប្រាសាទ​នានា បន្សល់ទុក​នូវ​សម្បត្តិ​បេ​តិក​ភណ្ឌ​សិល្បៈ និង​វប្បធម៌​ជាច្រើន​បម្រើ​គុណប្រយោជន៍​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​ជូន​អ្នក​ជំនាន់​នេះ និង​ទៅ​អនាគត​។​

​លោកស្រី​បញ្ជាក់ថា​៖ «​ពិធី​នេះ​ក៏​ឧទ្ទិស​ផងដែរ​ចំពោះ​បុព្វ​បុ​​រស​ខ្មែរ ឥស្សរជន​ខ្មែរ​គ្រប់​ជំនាន់ អ្នកជំនាញការ​ជាតិ អន្ដរជាតិ​ដែល​បាន​លះបង់​កម្លាំងកាយ កម្លាំងចិត្ត រហូតដល់​អាយុជីវិត​ដើ​ម្ប្រី​ក្សា​ការពារ និង​អភិរក្ស​មរតក​វប្បធម៌​ជាតិ​យើង​»​។ 


​លោកស្រី​រំពឹងថា ការ​ប្រារព្ធ​ពិធី​រំឭក​គុណ​អង្គរ​នាពេលនេះ​នឹង​ក្លាយជា​យុទ្ធនាការ​រួមមួយ ក្នុង​ការជួយ​ជំរុញឱ្យមាន​ការជួយឧបត្ថម្ភ​គាំទ្រ​បន្ថែម​ពី​វិស័យ​ឯកជន សម្រាប់​ជា​គុណប្រយោជន៍​ដល់​កិច្ចការ​ទូទៅ​ក្នុងសង្គម ក៏ដូចជា​កិច្ចការ​អភិរក្ស​បេតិកភណ្ឌ​ជាតិ ដែល​ការចូលរួម​នេះ គឺជា​កាយវិការ​ដ៏​ថ្លៃថ្លា និង​ក្លាយជា​និមិត្តរូប​នៃ​មិត្ត​​ភាព សាមគ្គីភាព​ទាំង​ជាតិ និង​អន្តរជាតិ​សម្រាប់​ការងារ​វប្បធម៌ និង​សង្គម​។​

​ជាមួយគ្នានេះ​លោកស្រី ពេ​ជ​ចន្ទ​មុន្នី លើកឡើងថា ការរៀបចំ​ពិធីបុណ្យ​នេះ គឺជា​ការបង្កើត​ទំនៀមទម្លាប់ និង​វប្បធម៌​នៃ​ការ​​ដឹងគុណ ដែលជា​តម្លៃ​សីលធម៌​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ចង​ចាំ និង​ស្គាល់​ប្រភព និង​អរិយធម៌ ដែល​ដូនតា​យើង​បន្សល់ទុក​។

លោក​ស្រី​បន្តថា​៖ «​ពិធី​នេះ​ប្រាកដ​នឹង​រួម​ចំណែក​ដល់​ការផ្សព្វផ្សាយ​បន្ថែមទៀត​អំពី​សក្តានុពល​វប្បធម៌ និង​ទេសចរណ៍​របស់​កម្ពុជា ដែល​ភ្ញៀវទេសចរ​នឹង​អាច​បន្ត​ទស្សនា​សក្ខីកម្ម​ដ៏​អស្ចារ្យ​របស់​បុព្វបុរស​​ខ្មែរ​ដែលមាន​ទេពកោសល្យ​ខ្ពស់ និង​ដើម្បី​បញ្ជាក់​បន្ថែមទៀត​នូវ​អ្វីដែល​មានចែង​ក្នុង​បុព្វកថា​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​»​។​

​សូមបញ្ជាក់ថា ពិធីបុណ្យ​រំឭក​គុណ​អង្គរ ឆ្នាំ​ ២០២៣​ នឹង​ប្រព្រឹត្តទៅ​រយៈពេល ​១០ ​ថ្ងៃ ដោយ​ចាប់​​ផ្តើម​ពីថ្ងៃ​ទី ​៧ រហូតដល់​ថ្ងៃទី ​១៦ ខែធ្នូ ឆ្នាំ​ ២០២៣ ខណៈ​ឆ្នាំនេះ គឺជា​ឆ្នាំ​ទី​៣ ​ហើយ ដែល​ក្រសួង​វប្បធម៌ និង​អាជ្ញាធរ​ជាតិ​អប្សរា​បានរៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង​៕