ក្រសួង​អប់រំ យុវជន និងកីឡា នឹងជ្រើសរើស​ក្រុមភ្លេង​កាយរឹទ្ធិ ដើម្បី​ចូលរួម«ការប្រកួត​ក្រុមភ្លេង​កាយរឹទ្ធិ​ថ្នាក់ជាតិ លើកទី១» ដែលនឹង​ប្រព្រឹត្តចាប់​ពីខែមករា ដល់​ខែមេសា ឆ្នាំ២០២៤ នៅរាជធានី​ភ្នំពេញ។នេះបើយោងតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​អប់រំ​កាលពី​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។


តាមរយៈ​សេចក្តីជូនដំណឹង​ខាងលើ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និងកីឡា និងជាប្រធាន​កាយរឹទ្ធិ​ជាតិ​កម្ពុជា បានឱ្យដឹង​ថា កម្មវិធីនេះ​រៀបចំឡើង ដើម្បី​ផ្តល់នូវ​ឱកាស​អភិវឌ្ឍ​សមត្ថភាព ដល់​កាយរឹទ្ធិ​ជំទង់ និងកាយរឹទ្ធិ​រៀមច្បង ប្រកបដោយ​សក្តានុពល​ខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងផ្លូវអារម្មណ៍ ដើម្បី​ក្លាយជា​សមាជិក​សកម្ម​នៅក្នុងសាលារៀន​និងសហគមន៍​តាមមូលដ្ឋាន​រស់នៅ​របស់ខ្លួន។
 
បន្ថែមពីនេះ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា បានឱ្យដឹងដែរ​ថា ការប្រកួត​ក្រុមភ្លេង​កាយរឹទ្ធិ​ថ្នាក់ជាតិ​នេះ ក៏ជាចំណែកមួយ​ចូលរួម​ក្នុងការលើក​កម្ពស់​ស្តង់ដា​សាលារៀនគំរូ ដែលនឹងជួយ​បណ្តុះនូវ​បំណិនជីវិត និងចរិយា​សម្បត្តិ​ដល់សិស្ស​ឱ្យក្លាយជា​ធនធានមនុស្ស​នាពេល​អនាគត។  

លោកស្រី រំពឹង​ថា៖«តាមរយៈ​ការប្រកួតនេះ ក្រសួង​សង្ឃឹម​ថា នឹងមាន​ក្រុមភ្លេង​កាយរឹទ្ធិ​ចំនួន ៨ រាជធានី/ខេត្តក្រុង ចូលរួម ក៏ដូចជា​អាច​បំផុស​គំនិត​ស្មារតី​យុវជន​ដទៃទៀត​ឱ្យចូលរួម​ថែមទៀត​ផងដែរ»។
 
សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ បានបញ្ជាក់ដែរ​ថា ចំពោះ​លក្ខខណ្ឌ និងការជ្រើសរើស​ការប្រកួត​ក្រុមភ្លេង​កាយរឹទ្ធិ​ថ្នាក់ជាតិ លើកទី១​នេះ នឹងត្រូវជ្រើសរើស​ជាក្រុមភ្លេង​កាយរឹទ្ធិ ដែលជា​ក្រុមភ្លេង​កាយរឹទ្ធិ​មានសមាជិក​ចាប់ពី ២៥ នាក់ ទៅ ៣០ នាក់ ជាកាយរឹទ្ធិ​ជាតិ​កម្ពុជា​មកពី​រាជធានី-ខេត្ត ដោយក្នុងនោះ បេក្ខជន​បម្រុង ៥ នាក់។ 
 
លើសពីនេះ កាយរឹទ្ធិ​ជាតិ​កម្ពុជា ត្រូវមាន​អាយុ​ចន្លោះ​ចាប់ពី ១៦ ឆ្នាំ ទៅ ២៥ ឆ្នាំ មានឯកសណ្ឋាន​ត្រឹមត្រូវ តាមឯកសណ្ឋាន​កាយរឹទ្ធិ​ជាតិ​កម្ពុជា​ដែលបានចែង​នៅក្នុង​បទបញ្ជា​ផ្ទៃក្នុង មាន​សុខភាពល្អ និងមាន​ឆន្ទៈចូលរួម​សកម្មភាព​គ្រប់កាលៈទេសៈ និងមានគំនិត​ច្នៃប្រឌិត ស្មារតី​ធ្វើការ​ជាក្រុម និងមានទំនួលខុសត្រូវ​ខ្ពស់ជាដើម។
 
ជុំវិញ​រឿងនេះ លោក គង់ សំនៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​កម្ពុជា បានថ្លែង​គាំទ្រ​ចំពោះ​សកម្មភាព​ប្រឡងប្រណាំង​ផ្សេងៗ​របស់​ក្រសួង​ដើម្បី​ផ្តល់នូវ​ឱកាស​អភិវឌ្ឍ​សមត្ថភាព​ដល់​យុវជន និងការអប់រំ​នៅ​កម្ពុជា ពិសេស​ពង្រឹង​សមត្ថភាព​អប់រំ​របស់​សិស្ស​ឱ្យកាន់តែ​មានគុណភាព​ថែមទៀត។
 
លោកបន្ត​ថា៖«សកម្មភាព​ប្រកួត​ក្រុមភ្លេង​កាយរឹទ្ធិ​ថ្នាក់​ជាតិនេះ នឹងធ្វើ​ឱ្យ​យុវជន​កាយរឹទ្ធិ​កម្ពុជា​មានសាមគ្គីភាព​រវាងគ្នា និងគ្នាក្នុងសង្គម​ឱ្យ​បានកាន់តែ​ជិតស្និទ្ធ ចេះធ្វើ​ការសិក្សាស្រាវជ្រាវ​រៀនសូត្រ​ដោយខ្លួនឯង និងជាក្រុម ដែលនឹងផ្តល់​ផលចំណេញ​ដល់​វិស័យ​អប់រំ​កម្ពុជា​បន្ថែមទៀត»។
 
អ្នកជំនាញ​អប់រំ​រូបនេះ​ក៏បានស្នើ​ទៅកាន់​ក្រសួង​អប់រំ ឱ្យបន្ត​រៀបចំ​សកម្មភាព​ប្រឡងប្រណាំង​បែបនេះ ឱ្យបាន​ច្រើន ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​នៅតាម​សាលារៀន​ឱ្យបាន​ទូលំទូលាយ​ថែមទៀត។
 
ដើម្បី​ចូលរួម​ការប្រកួតនេះ ក្រសួង​អប់រំ បានប្រកាស​ថា បេក្ខជន​ត្រូវទាញ​ពាក្យ​សុំចុះ​ឈ្មោះ​ចូលរួម តាមរយៈ​គេហទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​កាយរឹទ្ធិ​ជាតិ​កម្ពុជា ហើយការ​ទទួលពាក្យ​ចូលរួម នឹងចាប់ផ្តើម​ពីខែ​មករា ឆ្នាំ២០២៤ ខាងមុខនេះ។


ដោយឡែក​ចំពោះ ​ការផ្តល់​រង្វាន់​ជយលាភី ក្រសួង​នឹង​ជ្រើសរើស ៥ ក្រុម​ចុងក្រោយ ដើម្បី​ប្រកួតប្រជែង​យករង្វាន់​ជយលាភី ចំណាត់ថ្នាក់​លេខ១ ចំណាត់ថ្នាក់​លេខ២ និងចំណាត់ថ្នាក់​លេខ៣ នៅរាជធានី​ភ្នំពេញ។ ចំពោះ​ចំណាត់ថ្នាក់​លេខ១ នឹងទទួលបាន​ប្រាក់​ឧបត្ថម្ភ ២០​ លានរៀល និងពានរង្វាន់ លេខ២ នឹងទទួលបាន​ប្រាក់​ឧបត្ថម្ភ ១២លាន រៀល និងពានរង្វាន់ និងចំណាត់ថ្នាក់​លេខ៣ នឹងទទួលបាន​ប្រាក់​ឧបត្ថម្ភ ៨លានរៀល និងពានរង្វាន់៕