តាមរយៈ​កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព​ និង​បរិ​យាប​ន្ន (​ផ្នែក​នេសាទ​) (CAPFISH-Capture) ដែល​គាំទ្រ​ថវិកា​ដោយ​សហភាព​អឺរ៉ុប អនុវត្ត​ដោយ​រដ្ឋបាល​ជលផល បានសម្រេច​ផ្តល់​ថវិកា​ជួយ​គាំទ្រ​ដំណើរការ​ប្រព្រឹត្ត​និង​អនុវត្ត​ផែនការ​សកម្មភាព​រប​ស់​សហគមន៍​នេសាទ​និង​សហគមន៍​ស្រះ​ជម្រក​ត្រី នៅ​កម្ពុជា​ចាប់ពី​ឆ្នាំ​២០២០ មកដល់​បច្ចុប្បន្ន ក្នុង​គោលដៅ​ពង្រឹង​ការអភិរក្ស​និង​គ្រប់គ្រង​ធនធាន​ជលផល​ប្រកបដោយ​ប្រ​សិ​ទ្ឋ​ភាព​និង​និរន្តរភាព​។


សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ ២០២៣ បានឱ្យដឹងថា ចាប់តាំងពី​ឆ្នាំ​២០២០​មក កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និង​បរិ​យាប​ន្ន (​ផ្នែក​នេសាទ​) បានផ្តល់​ថវិកា​ចំនួន​៤​លាន​រៀល (​ប្រមាណ ១០០០ ដុល្លារ​សហរដ្ឋអាមេរិក​) ដល់​សហគមន៍​នីមួយៗ​។

សហគមន៍​ចំនួន​១៥០ បានទទួល​ថវិកា​ក្នុង​ឆ្នាំ​២០២០ និង​បាន​បង្កើន​ចំនួន​សហគមន៍​ដល់​២៥០ ក្នុងការ​ទទួលបាន​ថវិកា ដែល​ក្នុងនោះ​មាន​១៥០​សហគមន៍ នេសាទ​នៅ​១៥​ខេត្ត​គោលដៅ​ដែល​ស្ថិតក្រោម​ការសម្របសម្រួល​ដោយ​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍​នេសាទ និង​១០០​សហគមន៍​ស្រះ​ជម្រក​ត្រី នៅ​១១​ខេត្ត​គោលដៅ​ដែល​ស្ថិតក្រោម​ការសម្របសម្រួល​ដោយ​នាយកដ្ឋាន​អភិវឌ្ឍន៍​វារីវប្បកម្ម​។ ក្នុង​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣​នេះ កម្មវិធី​បាន​បន្ត​ផ្តល់​ថវិកា​ជូន​សហគមន៍​ចំនួន​២៥០​ដដែល​។


សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖«​ការផ្តល់​ថវិកា​ជូន​សហគមន៍​នេសាទ​ទាំងនេះ បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការជួយ​ជំរុញ​ការចូលរួម បង្ក​លទ្ធភាព​ការបំពេញ តួនាទី​ភារកិច្ច​របស់​សហគម​ន៍ និង​លើកទឹកចិត្ត​សហគមន៍​ក្នុង​ការចូលរួម​គ្រប់គ្រង និង​អភិរក្ស​ដោយ​សហគមន៍​នេសាទ និង​សហគមន៍​ស្រះ​ជម្រក​ត្រី​»​។

ការផ្តល់​ថវិកា​នេះ មាន​សារៈសំខាន់​ណាស់​ក្នុង​ការគាំទ្រ​ដល់​ការការពារ​ត្រី​មេ​ពូជ ការបង្កើត និង​ការការពារ​កន្លែង​អភិរក្ស​ជលផល​ក្នុង​សហគមន៍​នេសាទ (​រួមទាំង​ការដាក់​ស្លាក​សញ្ញា​កន្លែង​អភិរក្ស​ជលផល ការបោះបង្គោល​កន្លែង​សហគមន៍​នេសាទ និង​កន្លែង​អភិរក្ស​ជលផល​ជាដើម​) ដែល​ថវិកា​ទាំងនេះ​ជួយ​គណៈកម្មការ​សហគម​ន៍​ឱ្យមាន​សម្ភារ​ចាំបាច់​សំខាន់ៗ​សម្រាប់​បម្រើ​ការងារ​ល្បាត​ជលផល និង​ការស្តារ​ជម្រក​ត្រី​មេ​ពូជ និង​ប្រភេទ​វារីវប្បកម្ម​ផ្សេងៗ​ទៀត​។


លោក EVERAERT Koen អនុប្រធាន​ផ្នែក​សហប្រតិបត្តិការ​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា សហគមន៍​នេសាទ​មាន​សារៈសំខាន់​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប ដោយសារ​ប្រជាជន​កម្ពុជា​ភាគច្រើន​ពឹងផ្អែក​លើ​ការនេសាទ​សម្រាប់​ជីវភាព​រស់នៅ និង​សន្តិសុខ​ស្បៀង​។

លោក​ថា​៖«​សហគមន៍​នេសាទ​ផ្តល់​អំណាច​ដល់​សហគមន៍​មូលដ្ឋាន​ក្នុងការ​គ្រប់គ្រង និង​ការពារ​ធនធាន​ជលផល​ប្រកបដោយ​និរន្តរភាព​។ ការចូលរួម​របស់​ស​ហគ​មន៍​ជំរុញឱ្យមាន​ភាពជា​ម្ចាស់​ដើម្បី​ចូលរួម​សកម្ម​ក្នុង​ការងារ​អភិរក្ស​។ លើសពីនេះ​ទៀត ធនធាន​ជលផល​ដែល​គ្រប់គ្រង​បានល្អ អាចទាក់ទង​ទេសចរណ៍​ដើម្បី​បង្កើត​ឳ​កាស​សេដ្ឋកិច្ច​សម្រាប់​សហគម​ន៍​មូលដ្ឋាន​»​។

លោក ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល មានប្រសាសន៍ថា សហគមន៍​នេសាទ​មាន​វិសាលភាព​គ្របដណ្តប់​លើ​ភាគច្រើន​នៃ​តំបន់​គ្រប់គ្រង​ជលផល​ទាំង​នៅ​ទឹកសាប និង​តំបន់ឆ្នេរ ចំណែក​សហគមន៍​ស្រះ​ជម្រក​ត្រី​ត្រូវបាន​បង្កើតឡើង​ដើម្បី​គ្រប់គ្រង​ស្រះ​រួម​នៅតាម​ភូមិ​ឃុំ​ដើម្បី​អភិរក្ស​ត្រី​មេ​ពូជ​នៅ​រដូវប្រាំង ដែល​ត្រី​មេ​ពូជ​ទាំងនេះ​ពង​កូន និង​ធំធាត់​ដោយ ត​ភ្ជាប់​ទៅ​តំបន់​វាលស្រែ និង​វាលទំនាប​នៅ​រដូវវស្សា​។

លោក​បញ្ជាក់ថា​៖«​សហគមន៍​នេសាទ និង​សហគមន៍​ស្រះ​ជម្រក​ត្រី​ទាំងនោះ ដើរតួនាទី​យ៉ាងសំខាន់​ណាស់ ក្នុង​ការចូល​រួមការ​អភិរក្ស ការការពារ ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ធនធាន​ជលផល​នៅ​កម្ពុជា​ឱ្យមាន​និរន្តរភាព ដែល​ទាមទារ​ឱ្យ​សហគមន៍​មាន​សមត្ថភាព ភាពម្ចាស់ការ និង​ការទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន​»​។

លោក​បន្ថែមថា ការងារ​នេះ​ទាមទារ​ឱ្យមាន​កិច្ចសហការ រវាង​ស្ថាប័ន និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ អាជ្ញាធរ​មូលដ្ឋាន ដៃគូ​អភិវឌ្ឍ​ជលផល និង​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុងការ​ពង្រឹងសមត្ថភាព​សហគមន៍ តាមរយៈ​ការបណ្តុះបណ្តាល ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សហគមន៍​។ 
 
​ទន្ទឹមនេះ សហគមន៍​ក៏ត្រូវ​មាន​ស្វ័យភាព​ពង្រឹងសមត្ថភាព​របស់​ខ្លួន ធ្វើការ​វាយតម្លៃ​នូវ​ស្ថានភាព​ធនធាន និង​វឌ្ឍនភាព​ក្នុង​សហគមន៍​របស់ខ្លួន លើកកម្ពស់​ការចូលរួម​របស់​សមាជិក​ក្នុងការ​ការពារ​ធនធាន​ជលផល ការអភិវឌ្ឍន​សហគម​ន៍ និង​ចូលរួម​លុបបំបាត់​បទ​ល្មើស​នេសាទ​នៅក្នុង​តំបន់​គ្រប់គ្រង​របស់​សហគម​ន៍ ប្រកបដោយ​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​។​
 
​លោក​បន្ថែមថា​៖ «​បើ​គ្មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន តាមរយៈ​សហគមន៍​នេសាទ​និង​សហគមន៍​ស្រះ​ជម្រក​ត្រី​នោះទេ ការអភិរក្ស ការការពារ ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ធនធាន​ជលផល​នៅ​កម្ពុជា​មិនអាច​សម្រេចបាន​ដោយ​ជោគជ័យ​ដោយ​រលូន និង​មាន​និរន្តរភាព​បានឡើយ​»​។

ដើម្បី​ភាពជា​ម្ចាស់​និង​គ្រប់គ្រង​ថវិកា​ប្រកបដោយ​ប្រសិទ្ធភាព​ដោយ​សហគមន៍  រដ្ឋបាល​ជលផល​ដែល​ទទួលបាន​ការគាំទ្រ​បច្ចេកទេស​ពី​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ បានរៀបចំ​គោលការណ៍​ណែនាំ​ស្តីពី​ការផ្តល់​និង​ការគ្រប់គ្រង​ថវិកា​សម្រាប់​ដំណើរការ​អភិវឌ្ឍ​ន៍ស​ហគ​មន៍​នេសាទ​និង​សហគមន៍​ស្រះ​ជម្រក​ត្រី និង​បានផ្តល់​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ដល់​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល សហគមន៍​នេសាទ​និង​សហគមន៍​ស្រះ​ជម្រក​ត្រី​ចាប់ពី​ខែសីហា​ឆ្នាំ​២០២២​ដល់​ខែមិថុនា​ឆ្នាំ​២០២៣​។

កញ្ញា Rebekah Bell នាយិកា​ប្រចាំ​ប្រទេស​នៃ​អង្គការ​FAO មានប្រសាសន៍ថា អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ ក្នុង​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ជលផល ក៏បានផ្តល់​វិញ្ញាបនបត្រ​ជូន​គ្រូ​បង្គោល​ចំនួន​៥៦៨​នាក់ (​ស្ត្រី​៩២​នាក់​) ដែល​បានបញ្ចប់​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល សមាជិក​គណៈកម្មការ​សហគមន៍​នេសាទ និង​សហគមន៍​ស្រះ​ជម្រក​ត្រី ដែល​ជួយ​ជំរុញ​ដំណើរការ​ប្រព្រឹត្តទៅ​រប​ស់​សហគមន៍​៕