លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី ១១-១២ ខែធ្នូ ឆ្នាំ​ ២០២៣ សំដៅ​បន្ត​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ជាច្រើន ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រជាជន​នៃ​ប្រជាជាតិ​ទាំងពីរ​។


សេចក្តីជូនដំណឹង​រប​ស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃទី​៧​ខែធ្នូ ឆ្នាំ ២០២៣ បានឱ្យដឹងថា ការបំពេញ​ទស្សនកិច្ច​នេះ​តប​តាម​ការអញ្ជើញ​របស់លោក ផាម មិញ ជិ​ញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

គណៈប្រតិភូ​អញ្ជើញ​អមដំណើរ​លោក ហ៊ុន ម៉ា​ណែ​ត រួមមាន ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ រដ្ឋមន្ត្រី និង​មន្ត្រី​សំខាន់ៗ នៃ​រាជរដ្ឋាភិបាល ព្រមទាំង​ថ្នាក់ដឹកនាំ​វិស័យ​ឯកជន​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​។


សេចក្តីប្រកាស​បញ្ជាក់ថា​៖«​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង ឯកឧត្តម​នាយករដ្ឋមន្ត្រី ផាម មិញ ជិ​ញ នឹង​ជួបប្រជុំ ទ្វេភាគី ក្នុង​គោលបំណង​បន្ត​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន រួមមាន អប់រំ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារជាតិ និង​កិច្ចការ​ព្រំដែន ជាដើម​»​។ បញ្ហា​អនុតំបន់ តំបន់ និង​អន្តរជាតិ​ដែលជា​ចំណាប់អារម្មណ៍ និង​ក្តីបារម្ភ​រួម ក៏​នឹងត្រូវ​លើក​យកមក​ពិភាក្សា​ផងដែរ​។ នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា លើ​ឯកសារ​កិច្ចព្រមព្រៀង​មួយចំនួន និង​ធ្វើជា​សហ​អធិបតី​ក្នុង​វេទិកា​កម្ពុជា​-​វៀតណាម​ស្ដីពី​ការជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​។

នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ជាមួយ​លោក ង្វៀន ហ្វ៊ី​ចុង (NGUYEN Phu Trong) អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត វៀតណាម លោក វ៉ វ៉ាន់​ធឿ​ង (Vo Van Thuong) ប្រធាន​រដ្ឋ​វៀតណាម និង​លោក វ៉ាំ​ង ឌិ​ញ​ហ្វេ (VUONG Dinh Hue) ប្រធានរដ្ឋសភា​វៀតណាម​។


លោក ហ៊ុន ម៉ា​ណែ​ត ក៏​នឹង​អនុញ្ញាត​ជូន លោកស្រី ង្វៀន ធី​ថា​ញ់ (NGUYEN Thi Thanh) ប្រធាន​សមាគម​មិត្តភាព​កម្ពុជា​-​វៀតណាម ព្រមទាំង​ថ្នាក់ដឹកនាំ​សម្ព័ន្ធ​យុវជន​កុម្មុយនីស្ត ហូជីមិញ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា ការងារ​ផងដែរ​។

ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​នេះដែរ លោក ហ៊ុន ម៉ា​ណែ​ត នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ​ស្តីពី គោលនយោបាយ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​កម្ពុជា និង​វៀតណាម នៅ​សាកលវិទ្យាល័យ ពាណិជ្ជកម្ម​អន្ដរជាតិ នៅ​ទីក្រុង​ហាណូយ​។

សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ​បាន​គូស​រំលេច​ថា​៖«​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ សម្ដេច​ធិបតី ទៅកាន់​ប្រទេស​វៀតណាម​នាពេលខាងមុខ នឹង​បង្ហាញ​ពី​ការធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង​ដ៏​យូរអង្វែង ឈរលើ​ស្មារតី «​ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​» រវាង កម្ពុជា និង​វៀតណាម ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រជាជន​នៃ​ប្រជាជាតិ​ទាំងពីរ​»៕