កុមារ​ជិត ២,៩ លាននាក់​ នៅក្នុងប្រទេស​កម្ពុជា បានប្រឈមមុខ​នឹងគ្រោះមហន្តរាយ​ទាក់ទងនឹង​អាកាសធាតុ​យ៉ាងខ្លាំង រួមមាន​ទឹកជំនន់ ខ្យល់ព្យុះ ការបំពុល​ខ្យល់ កង្វះ​ទឹក និងរលកកម្ដៅ​ជារៀងរាល់​ឆ្នាំ។ នេះបើយោង​តាមការវិភាគ​ទិន្នន័យថ្មី​ដោយ​អង្គការ Save the Children មុនពេល​កិច្ចប្រជុំ​សន្និសីទ​កំពូល​នៃបណ្ដាភាគី​អនុសញ្ញា​សហប្រជាជាតិ ស្ដីពី​ការប្រែប្រួល​អាកាសធាតុ លើក​ទី២៨។ 


អង្គការនេះ​បានឱ្យដឹងទៀត​ថា៖«ស្ទើរតែ ៥០% នៃកុមារ​របស់​យើង ប្រឈមនឹង​វិបត្តិ​៤​ប្រភេទ ឬច្រើន​ជាងនេះ។ ពលរដ្ឋ​កម្ពុជា​ម្នាក់​ក្នុង​ចំណោម​បី​នាក់ ដែលរស់នៅ​ក្នុងភាពក្រីក្រ​គឺជាកុមារ​ដែលមាន​អាយុក្រោម ១៥​ឆ្នាំ។ កត្តានេះ កំពុងនាំ​ឱ្យមាន​វិបត្តិ​សិទ្ធិកុមារ​យ៉ាង​ស្ងៀមស្ងាត់»។
 
ដោយឡែក​ពាក់ព័ន្ធ​កុមារ​ជាសកល​វិញ អង្គការ Save the Children បានឱ្យដឹង​ថា កុមារ​ជាង ២៧​លាននាក់ ត្រូវបានទាញ​ចូលក្នុង​ភាពអត់ឃ្លាន និងកង្វះ​អាហារូបត្ថម្ភ​ដោយសារ​ព្រឹត្តិការណ៍​អាកាសធាតុ​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស ដែលរង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយវិបត្តិ​អាកាសធាតុ​ក្នុង​ឆ្នាំ២០២២ ដែលជា​ការកើន​ឡើង ១៣៥% ពីឆ្នាំមុន។ 
 
អង្គការនេះ​បន្តទៀតថា ជាមួយនឹង​ដែនកំណត់​នៃការប្តេជ្ញាចិត្ត​ជាសកល​ នាពេលបច្ចុប្បន្ន​នេះ ការកើនឡើង​សីតុណ្ហ​ភាព ១.៥ អង្សាសេ គឺមិនអាច​សម្រេចបាន​ជាមួយនឹង​គោលនយោបាយ និងការប្តេជ្ញាចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពិភព​លោក​នាពេលបច្ចុប្បន្ន និងប្រទេស​នានា​នោះទេ។ ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្តេជ្ញាចិត្ត​ក្នុងការរួមចំណែក​ថ្នាក់ជាតិ​របស់ខ្លួន​នៅ​ឆ្នាំ២០៣០ កម្ពុជា ត្រូវកៀរគរ​ថវិកា​ចំនួន ៨​ពាន់លាន​ដុល្លារ​នៅក្នុង​ហិរញ្ញប្បទាន​អាកាសធាតុ។ យើង ត្រូវការ​សកម្មភាព និងការគាំទ្រ​ជាសកល​សម្រាប់​រឿងនេះ។
 
លោក ហុង រស្មី នាយក​ប្រចាំ​ប្រទេស​នៃអង្គការ Save the Children International Cambodia មានប្រសាសន៍​ថា៖ «កុមារ​មានទំនួលខុសត្រូវ​តិចបំផុត​ក្នុងការបង្ក​ឱ្យមាន​ការប្រែប្រួល​អាកាសធាតុ ប៉ុន្តែ​ពួកគេ​ងាយរង​គ្រោះបំផុត​ចំពោះ​ផលប៉ះពាល់»។

លោកបានបន្ថែម​ថា៖«អង្គការ Save the Children អំពាវនាវ​ឱ្យអ្នក​បង្កើត​គោលនយោបាយ និងអ្នកពាក់ព័ន្ធ​ទាំងអស់​ស្តាប់សំឡេង​របស់​កុមារ និងចាត់វិធានការ​ជាក់ស្តែង និងភ្លាមៗ ដើម្បី​កសាង​ភាពធន់​សម្រាប់​កុមារ​ចំពោះការប្រែប្រួល​អាកាសធាតុ» ។ 


នៅក្នុងកិច្ចប្រជុំ​សន្និសីទ​កំពូល​នៃបណ្ដាភាគី​អនុសញ្ញា​សហប្រជាជាតិ ស្ដីពី​ការប្រែប្រួល​អាកាសធាតុ លើក​ទី២៨ កាលពី​ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២៣ មូលនិធិ​អាកាសធាតុ​បៃតង និងភាពជាដៃគូ​សកល​សម្រាប់​ការអប់រំ (GPE) និងអង្គការ Save the Children បានចាប់ផ្តើម​ការវិនិយោគ ៧០ លានដុល្លារ​អាមេរិក​ដែលមិនធ្លាប់មាន​ពីមុនមក ដើម្បី​បង្កើត​សាលារៀន​ដែលធន់នឹង​អាកាសធាតុ​នៅក្នុង​ប្រទេស​ដែលងាយ​រងគ្រោះ។ អង្គការ Save the Children ប្រចាំ​កម្ពុជា កំពុង​ប្តេជ្ញា​ផ្តល់អាទិភាព​ដល់​កម្មវិធី​របស់ខ្លួន​ទាក់ទងនឹង​អាកាសធាតុ ដើម្បី​កសាង​ភាពធន់​របស់​កុមារ និងកម្មវិធី​បៃតង។
 
ជាមួយគ្នានេះ Save the Children ប្រចាំ​កម្ពុជា កំពុង​អំពាវនាវ​ឱ្យ​មេដឹកនាំ​ពិភពលោក​ធ្វើឱ្យ​កិច្ចប្រជុំ​សន្និសីទ​កំពូល​នៃបណ្ដា​ភាគី​អនុសញ្ញា​សហប្រជាជាតិ ស្ដីពី​ការប្រែប្រួល​អាកាសធាតុ លើក​ទី២៨ នេះ​ក្លាយជា​ចំណុច​របត់​មួយ ហើយធ្វើ​ឱ្យ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សកល​ដំណើរការ​សម្រាប់​កុមារ តាមរយៈ​ការវិនិយោគ​លើកុមារ។
 
ពាក់ព័ន្ធ​កុមារនេះ​ដែរ អង្គការ​យូនីសេហ្វ នឹងសហការ​ជាមួយ​រដ្ឋាភិបាល ដើម្បី​ជំរុញ​ធ្វើឱ្យ​ធ្លាក់​ចុះ​នូវអត្រា​ជំងឺមិនឆ្លង ការធាត់​ជ្រុល និងជំងឺ​ស្គមស្គាំង​របស់​កុមារ​នៅ​កម្ពុជា៕