ក្រសួងសុខាភិបាល អំពាវនាវនិងក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើសុខភាព ដើម្បីបង្ការនូវការចម្លងជំងឺផ្តាសាយនារដូវធ្លាក់ខ្យល់ និងជំងឺកូវីដ ១៩ ជាយថាហេតុ ខណៈនាពេលបច្ចុប្បន្ននេះ វីរុសកូវីដ១៩ មិនទាន់បាត់អស់ពីប្រទេសកម្ពុជានៅឡើយ។
សេចក្តីអំពាវនាវរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៣ បានឱ្យដឹងថា យើងកំពុងរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ១៩ ដោយសារយើងបានចាក់វ៉ាក់សាំងគ្រប់ៗគ្នា ដែលធ្វើឱ្យមាននូវភាពស៊ាំ សហគមន៍នៅទូទាំងប្រទេសកម្ពុជា។ ក្នុងពេលថ្មីៗនេះ នៅបណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ាន ក៏មានការកើនឡើងដោយកន្លងនូវការចម្លងជំងឺកូវីដ១៩ ឡើងវិញ។
ក្រសួងបញ្ជាក់ថា៖ "ជាមួយគ្នានេះ ប្រព័ន្ធតាមដានជំងឺឆ្លងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ពីការរកឃើញករណីជំងឺកូវីដ១៩ ជារឿយៗ នៅក្នុងចំណោមអ្នកជំងឺដែលមកទទួលសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យ»។
អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល អំពាវនាវក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីបង្ការនូវការចម្លងជំងឺផ្តាសាយ និងជំងឺកូវីដ១៩ ជាយថាហេតុ ដោយត្រូវអនុវត្តនូវវិធានការបង្ការនានា។
វិធានការទាំងនោះរួមមាន អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការបង្ការការចម្លង គឺពាក់ម៉ាស់ក្នុងករណីមានបញ្ហាសុខភាពផ្លូវដង្ហើម និងលាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ឬជែលលាងដៃ។
ត្រូវខ្ទប់មាត់ និងច្រមុះពេលក្អកកណ្ដាស់ ដោយប្រើផ្នត់កែងដៃ ម៉ាស់ ក្រម៉ា កន្សែង ឬក្រដាស អនាម័យ រួចខ្ចប់បោះចោលក្នុងធុងសំរាមបិទជិត។
ប្រសិនបើមានរោគសញ្ញាគ្រុនក្តៅ ក្អក ឈឺក្បាល ហៀរសំបោរ ពិបាកដកដង្ហើម សូមទៅស្វែងរក ការពិគ្រោះយោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឱ្យបានទាន់ពេលវេលា។
ក្រសួងសុខាភិបាល ក៏ណែនាំឱ្យបងប្អូនប្រជាពលរដ្ឋបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ១៩
ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជំរុញនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរៀងៗខ្លួន ឱ្យបាន សមស្របដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩។
ក្រសួងសុខាភិបាល នឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជា ទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង។
ពាក់ព័ន្ធស្ថានភាពកូវីដ១៩វិញ ក្រសួងសុខាភិបាលបានឱ្យដឹងថា សម្រាប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣មានករណីឆ្លងថ្មី ១ នាក់ ករណីជាសះស្បើយ ១នាក់ និងករណីស្លាប់គ្មាន ខណៈករណីឆ្លងសរុបមានចំនួន ១៣៨ ៩៦០ នាក់៕