លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែងថា កសិកម្ម​ត្រូវ​ផ្សារភ្ជាប់​នឹង​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ ដែល​តម្រូវឱ្យ​មានការ​សិក្សា​ពីគ្នា​ឱ្យបាន​ច្បាស់លាស់ ដើម្បីឱ្យ​និស្សិត​ត្រៀមលក្ខណៈ​ប្រកបដោយ​ភាពជឿជាក់ និង​ឆន្ទៈ​ក្នុងការ​ចូលរួម​ជួយ​ក្រុមហ៊ុន​ឱ្យមាន​ការរីកចម្រើន​។


លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​បែបនេះ នៅក្នុង​អំឡុងពេល ដែល​លោក​អញ្ជើញ​ជា​អធិបតី​បើក​ពិព័រណ៍​ការងារ​ក្នុង​វិស័យ​អប់រំ​កសិកម្ម​ស្តីពី​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ការស្វែងរក​ការងារ​ក្រោយ​បញ្ចប់​ការសិក្សា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២៣​។

នៅក្នុង​ពិធី​សំណេះសំណាល និង​ថ្លែង​សុន្ទរកថា​បើក​ពិព័រណ៍​ការងារ​នេះ លោក​រដ្ឋមន្ត្រី បាន​ផ្តល់នូវ​អនុសាសន៍​គន្លឹះ​ក្នុងការ​ផ្សារភ្ជាប់​ធនធាន​មនុស្ស​រវាង​សាកលវិទ្យាល័យ និង​ក្រុមហ៊ុន​ឯកជន ដើម្បី​រៀបចំ​កម្មវិធីសិក្សា​ស្របទៅតាម​តម្រូវការ​ទីផ្សារការងារ​។


លោក​បាន​បន្ថែមថា​៖«​កម្មវិធីសិក្សា​គោល​ដែលមាន​ស្រាប់ គឺជា​អាទិភាព ប៉ុន្តែ​និស្សិត​ត្រូវ​ទទួលបាន​ការអប់រំ​អំពី​ចំណេះដឹង​ទូទៅ ភាសា​អង់គ្លេស និង​កុំ​ព្យុ​ទ័​រ ដែល​ចាំបាច់​សម្រាប់​ការស្រាវជ្រាវ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ការងារ​"​។

លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​បន្ថែមថា​៖« ធនធានមនុស្ស គឺជា​កត្តា​ចម្បង​សម្រាប់​ក្រុមហ៊ុន​នីមួយៗ ហើយ​ធនធានមនុស្ស​ដើរតួនាទី​សំខាន់​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​ជាតិ ឱ្យចំ​ទិសដៅ និង​ឈាន​ទៅកាន់​ភាពជោគជ័យ​»​។  
​លោក​បន្តថា គោលនយោបាយ​កសិកម្ម​អាណត្តិ​ទី​៧​នេះ រាជរដ្ឋាភិបាល​បានរៀបចំ​ឡើង ក្នុង​គោលការណ៍​ជំរុញ​សហគមន៍​កសិកម្ម​ទំនើប ដែលមាន​សមត្ថភាព​ផលិត​ក្នុង​ទ្រង់ទ្រាយ​ធំ ព្រមទាំង​ការដាក់​ពង្រាយ​មន្ត្រី​ផ្សព្វផ្សាយ​កសិកម្ម​តាម​ភូមិ​ឃុំ ដើម្បី​ជួយ​ដល់​កសិករ ទាំង​បច្ចេកទេស ការកាត់បន្ថយ​ថ្លៃដើម ទីផ្សារ និង​បញ្ហា​ប្រឈម​ផ្សេងៗ​ឱ្យបាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព​។


លោក ង៉ោ ប៊ុន​ថា​ន សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម បាន​មានប្រសាសន៍ថា សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​បាន​បង្កើត​នូវ​មជ្ឈមណ្ឌល​ការងារ​មួយ ហើយ​បាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០២៣ កន្លងមក ។

លោក​បាន​បន្ថែមថា មជ្ឈមណ្ឌល​ការងារ​នេះ​មាន​ចក្ខុវិស័យ និង​បេសកកម្ម​សំខាន់​ដើម្បី​គាំទ្រ​ដល់​និស្សិត នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ក្នុងការ​អភិវឌ្ឍ​ការងារ និង​អាជីព​អនាគត​របស់ខ្លួន ឱ្យស្រប​ទៅតាម​ជំនាញ និង​គោលបំណង​ផ្ទាល់ខ្លួន និង​បង្រួម​ភាពមិន​ឆ្លើយតប​គ្នា​រវាង​ជំនាញ និង​ការងារ​របស់​និស្សិត ដើម្បី​ទទួលបាន​ផលចំណេញ​ផ្នែក​សេដ្ឋកិច្ច​នៃ​ប្រទេសជាតិ​ទាំងមូល​។

បេសកកម្ម​សំខាន់​របស់​មជ្ឈមណ្ឌល គឺ​ចងក្រង​នូវ​សំណុំ​នៃ​កម្មវិធី និង​សេវាកម្ម​នានា​ដែល​ជួយ​ឱ្យ​និស្សិត​អាចមាន​សមត្ថភាព ក្នុងការ​ត្រៀមខ្លួន​ចូលទៅ​កាន់​ទីផ្សារការងា​រ​។

លោក​បាន​បញ្ជាក់ថា​៖«​មជ្ឈមណ្ឌល​ការងារ​បានកំណត់​គោលដៅ​របស់ខ្លួន​ក្នុងការ​ធ្វើជា​ស្ពាន​ត​ភ្ជាប់​រវាង និស្សិត​ជាមួយនឹង​និយោជក ក៏ដូចជា​ផ្តល់ឱកាស​ដល់​និស្សិត​បង្កើត​បណ្តាញ​ទំនាក់ទំនង​ជាមួយ​និយោជក និង​បង្ហាញ​ពី​ភាព​សម្បូរបែប​នៃ​ការងារ​នៅក្នុង​នៅក្នុង​ជំនាញ​របស់​ពួកគេ​»​។

ដោយឡែក នៅក្នុង​ថ្ងៃ​តែមួយ​នេះ (​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២៣) ក្រសួងកសិកម្ម ក៏បាន​រៀបចំ​កម្មវិធី​កសិកម្ម វាល​បៃតង ដើម្បី​បង្ហាញ​ពី​ផលិតផល​កសិកម្ម នៅ​ទីស្តីការ​ក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និង​នេសាទ​។ 
​លោក ឌិ​ត ទីណា បានលើកឡើង​នៅក្នុង​កម្មវិធី​នេះ​ថា ការរៀបចំ​នេះ​ក្នុង​គោលបំណង​បង្ហាញ​ពី​ផលិតផល​កសិកម្ម​ដែលមាន​សក្ដានុពល​រប​ស់​កម្ពុជា តាមរយៈ​ពិព័រណ៍​ផលិតផល​កសិកម្ម​ពី​សហគ្រាស​ជាច្រើន ៕