កម្ពុជា និង​សាធារណរដ្ឋ​តួ​ក​គី បានបង្ហាញ​សុទិដ្ឋិនិយម និង​ការប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​ទាំង ​២ ឱ្យ​កាន់តែ​ទទួលបាន​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត ខណៈ​ភាគី​ទាំង​២ នឹង​ខិតខំ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​ទេសចរណ៍​។


ការប្តេជ្ញាចិត្ត​រួមគ្នា​នេះ ធ្វើឡើង​តាមរយៈ​លោក​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ទទួល​ជួប និង​សម្តែង​ការគួរសម លោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​តួ​ក​គី ទើប​តែងតាំង​ថ្មី​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​៨​ខែធ្នូ ឆ្នាំ ២០២៣ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។

យោង​ហ្វេ​ស​ប៊ុ​ក​ក្រសួងមហាផ្ទៃ នាឱកាស​នោះ លោក ស សុខា បានបង្ហាញ​ការកត់សម្គាល់ថា ទំនាក់ទំនង​រវាង​ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ទទួលបាន​សមិទ្ធផល​ប្រកបដោយ​ផ្លែផ្កា បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ស ខេង អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ទៅកាន់​ប្រទេស​តួ​ក​គី កាលពី​ឆ្នាំ​២០១៩​។ លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​តួ​ក​គី ចំពោះ​ការប្ដេជ្ញាចិត្ត និង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​វិស័យ​ជាច្រើន​។


នា​ជំនួប​នោះ លោកស្រី Ülkü Kocaefe បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ទំនាក់ទំនង​ទ្វេភាគី រវាង​ប្រទេស​ទាំងពីរ រួមទាំង​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួងមហាផ្ទៃ​តួ​ក​គី​។

លោកស្រី​សង្កត់ធ្ងន់​ទៀតថា​៖«​ប្រទេស​កម្ពុជា និង សាធារណរដ្ឋ​តួ​ក​គី មានការ​រីកចម្រើន​យ៉ាងខ្លាំង​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ហើយ​ក្នុងនោះដែរ សាធារណរដ្ឋ​តួ​ក​គី​ក៏បាន​បង្កើតឱ្យមាន​ការិយាល័យ​ទីប្រឹក្សា​ទទួលបន្ទុក​កិច្ចការ​ពាណិជ្ជកម្ម​នៅ​កម្ពុជា ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រីកចម្រើន​ទៅមុខ ផងដែរ​»​។


បន្ថែម​ពីនេះ​លោក ស សុខា បាន​ថ្លែងអំណរគុណ និង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​ការខិតខំ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​។ លោក​ក៏បាន​បង្ហាញ​ការជឿជាក់​យ៉ាង​មុតមាំ និង​ការប្ដេជ្ញាចិត្តថា នឹង​បន្ត​ខិតខំ​រុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​រីកចម្រើន និង​ប្រកបដោយ​ផ្លែផ្កា ជាពិសេស​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​ទាំងពីរ​។

សូម​រំឭកថា ក្នុងឱកាស លោក ស ខេង អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បំពេញ​ទស្សនកិច្ច​ប្រទេស​តួ​ក​គី កាលពី​ខែសីហា ឆ្នាំ​២០១៩​នោះ ក្រសួងមហាផ្ទៃ​ប្រទេស​ទាំងពីរ បាន​ឯកភាពគ្នា​កំណត់​យក​កិច្ចសហប្រតិបត្តិការ​រួម​មាន ការផ្លាស់ប្តូរ​បទពិសោធ​ន៍​លើ​ការងារ​គ្រប់គ្រង​សុវត្ថិភាព​ចរាចរណ៍ ការពង្រឹង និង​ពង្រីក​ភាពជា​ដៃគូ​រវាង​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ការបណ្តុះបណ្តាល និង​ការលើកកម្ពស់​សមត្ថភាព​កងកម្លាំង​នគរបាល និង​ការចែករំលែក​បទពិសោធ​ន៍​លើ​ការងារ​ដឹកនាំ និង​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​៕​