លោក​ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បានស្នើ​លោក WANG YI រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជួយ​ជំរុញឱ្យមាន​ជើងហោះហើរ​ផ្ទា​ល់ពី​ខេត្ត​នានា​របស់​ចិន មកកាន់​ព្រលានយន្តហោះ​ថ្មី​ក្នុង​ខេត្តសៀមរាប​។


ការស្នើ​របស់​កម្ពុជា​ធ្វើឡើង នាឱកាស​លោក សុខ ចិន្តា​សោភា អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង លើក​ទី​៨ នៅឯ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន និង​បាន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ លោក WANG កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២៣​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

បន្ថែម​លើ​ការស្នើ​ឱ្យមាន​ជើងហោះហើរ​ត្រង់​លោក សុខ ចិន្តា​សោភា ក៏បាន​លើកទឹកចិត្ត​ឱ្យមាន​កំណើន​អ្នកទេសចរ​ចិន​បន្ថែមទៀត ដែលជា​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ដើម្បី​អនុវត្ត​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន ឆ្នាំ​២០២៤ ដូចដែល​បានប្រកាស​ដោយ​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​។


ជាមួយគ្នានេះ​លោក​បាន​សង្កត់ធ្ងន់​ពី​តួនាទី​ដ៏​សំខាន់​របស់​ចិន​នៅក្នុង​ការអភិវឌ្ឍ​រប​ស់​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ប្រទេស​ចិន​សម្រាប់​ការបន្ត​ជំនួយ​ក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ រួមមាន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ និង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​។

នាឱកាស​នោះ WANG YI បាន​សន្យា​ប្ដេជ្ញា​បន្ត​គាំទ្រ​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា និង​ជួយ​ជំរុញ​ការអនុវត្ត​ប្រកបដោយ​ផ្លែផ្កា​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​រួមទាំង​ការផ្សព្វផ្សាយ ទេសចរណ៍ និង​ការបង្កើន​ជើងហោះហើរ​ផ្ទា​ល់ពី​ប្រទេស​ចិន​មក​ខេត្តសៀមរាប​ផងដែរ​។


នៅក្នុង​អំឡុងពេល​នោះដែ​រ លោក សុខ​ចិន្តា សោភា ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ U Than Swe ឧបនាយក​រដ្ឋ
​មន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​។ ក្នុងឱកាស​នោះ លោក U Than Swe បាន​សម្តែង​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា និង​ការគាំទ្រ​ចំពោះ​មី​យ៉ាន់​ម៉ា​នៅក្នុង ក្របខ័ណ្ឌ​អាស៊ាន ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែលជា​ការរួមចំណែក​ដល់​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។

តាមរយៈ​ជំនួប​នេះដែរ ភាគី​ទាំងពីរ បាន​ឯកភាពគ្នា​ពង្រឹង​ទំនាក់ទំនង ទ្វេភាគី​កាន់តែខ្លាំង ដើម្បី​ផលប្រយោជន៍​រួម​នៃ​ប្រទេស​ទាំងពីរ​។

សូមបញ្ជាក់ថា សម្រាប់​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង រដ្ឋមន្ត្រី​ទាំងអស់ បាន​កោតសរសើរ​ចំពោះ​ស្ថិរភាព និង​វឌ្ឍនភាព​ជាក់ស្ដែង​នៃ​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ក្នុង​រយៈពេល ៧​ឆ្នាំ​ចុងក្រោយ តាមរយៈ​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នៃ​ផែនការ​សកម្មភាព​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង រយៈពេល ៥​ឆ្នាំ (២០១៨-២០២២) និង​មូលនិធិ ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​។

មូលនិធិ​នេះ បាន​គាំទ្រ​គម្រោង​ជាក់ស្ដែង​ជាង ៧០០​គម្រោង លើ​វិស័យ ជាច្រើន​ដូចជា​ការអភិវឌ្ឍ​ជនបទ ការកាត់បន្ថយ​ភាពក្រីក្រ ធនធានទឹក កសិកម្ម សុខាភិបាល អប់រំ ការតភ្ជាប់ ផ្លូវអាកាស និង​ទេសចរណ៍ ដែល​បានរួម​ចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាជន​នៅក្នុង​អនុតំបន់​មេគង្គ​-​ឡាន​ឆាង​។

ជាមួយគ្នានេះ លោក សុខ ចិន្តា​សោភា បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​វឌ្ឍនភាព​សំខាន់ៗ ដែល​ធ្វើឡើង​ក្រោម​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ជាពិសេស​សមិទ្ធផល​នៃ​គម្រោង​ចំនួន ៨៩​គម្រោង ដែលមាន​ទឹកប្រាក់​ជាង ៣៣ លាន​ដុល្លារ​អាមេរិក ដែល​គ្របដណ្តប់​លើ​វិស័យ​ជាច្រើន​ក្នុងប្រទេស​កម្ពុជា​។

ដើម្បី​ជំរុញ​អត្ថប្រយោជន៍​របស់​កម្ពុ​ជា​ទៅមុខ លោក សុខ ចិន្តា​សោភា បានស្នើ​ឱ្យ​ព​ន្លឿ​ន​ការអនុវត្ត​ខ្សែក្រវាត់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មេគង្គ​-​ឡាន​ឆាង ដោយ​សហការ​ជាមួយ​ច្រករបៀង​ពាណិជ្ជកម្ម​ផ្លូវគោក​-​ផ្លូវ​សមុទ្រ​អន្តរជាតិ​ថ្មី និង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​។

ដោយ​សង្កត់ធ្ងន់ លើ​តម្រូវការ​ស្ថិរភាព​តម្លៃ​ក្នុង​វិស័យ​កសិកម្ម និង​ការពង្រឹង​សន្តិសុខ​ស្បៀង លោក សុខ ចិន្តា​សោភា បាន​អំពាវនាវ​ឱ្យ​បង្កើន​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ជាពិសេស​លើ​វិស័យ​វប្បធម៌ អប់រំ សុខាភិបាល វិទ្យាសាស្ត្រ នវានុវត្តន៍ និង​ទេសចរណ៍​៕​