ភ្នំពេញៈ​បើទោះ​បីជាការ​ប្រកួត​សាក​ល្បង​សមត្ថ​ភាព​អន្តរ​ជាតិ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កាតា ​នៅ​រាជ​ធានី​ដូ​ហា ប្រទេស​កា​តា ​កាល​ពី​ថ្ងៃទី​៣១ ​ខែធ្នូ ឆ្នាំ​២០២៣ ​កន្លងទៅជាការ​ប្រកួត​បិទ​ទ្វារ ដោយ​មិន​មាន​ការ​ផ្សាយ​ផ្ទាល់ និង​មិន​ផ្តោត​សំខាន់​ទៅ​លើ​ល​ទ្ធផល​ឈ្នះ-​ចាញ់ក្ដី​ ប៉ុន្តែ​គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​លោក Felix Dalmasបាន​ចាត់​ទុក​ជំនួប​នេះ​ ជាការ​ប្រកួត​ដក​ស្រង់​បច្ចេក​ទេស​ដ៏​មានត​ម្លៃសម្រាប់​កម្ពុជា​។​

​គ្រូ​បង្វឹក​​ជនជាតិ​អា​ហ្ស​ង់​ទីន លោក Felix Dalmasបាន​ចាត់​ទុក​ក្រុម​ជម្រើស​ជាតិ​កាតាជា​ក្រុម​មាន​គុណ​ភាព​លេង​ខ្ពស់​កម្រិត​ពិភព​លោកដែល​មាន​ភាព​ខ្លាំង​ទាំង​ការ​រៀបចំ​រចនា​សម្ព័ន្ធ​ ព្រ​មទាំង​ទម្រង់​លេង​ជា​ក្រុម ​និង​លេង​ជា​លក្ខណៈ​បុគ្គល ​ហើយ​ចំណុច​ល្អ​ទាំង​អស់​នេះ បា​នធ្វើឱ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ឃើញ និង​យល់​កាន់​តែ​ច្បាស់​ពី​កម្រិត​លេង​របស់​ខ្លួន​ឯង បន្ទាប់​ពី​បាន​ប្រកួត​ជា​មួយ​ក្រុម​កាតា​។​

​លោក ​Felix Dalmasបាន​និយាយ​ជា​មួយ​កូន​ក្រុមនៅ​លើ​ទីលាន​ក្រោយ​ការ​ប្រកួត​សាក​ល្បង​សមត្ថភា​ព​អន្ត​រជាតិ​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កាតា​ថា​៖«​ខ្ញុំ​សង្ឃឹម​ថា អ្នក​ទាំង​អស់គ្នា​ បាន​មើលឃើ​ញ​ហើយ​ថា ការ​លេង​​ជាមួយ​ក្រុម​ខ្លាំង​ដែលមា​ន​កម្រិត​ពិភព​លោក​ដូច​ជា​ក្រុម​កាតា​នេះ គឺ​យើង​ត្រូវធ្វើ​ការ​ងារ​ខ្លាំង​បែប​ណាដើម្បី​អាច​ប្រកួត​ប្រជែង​បាន​»​។​


​គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​រូបនេះ​ បាន​បន្ថែម​ថា​៖ «​ខ្ញុំ​គិតថា​ អ្នក​ទាំង​អស់​គ្នា​មាន​អារម្មណ៍​បែប​នេះ​ដូច​ខ្ញុំ​ដែរ ​ហើយ​ខ្ញុំ​ពិត​ជាមាន​មោទន​ភាពចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​រប​ស់​យើង​ ព្រោះនេះ​​ជាការ​ប្រកួត​ដ៏​អស្ចារ្យ​ ដែល​ក្រុម​របស់​យើងបាន​បង្ហាញ​ពី​ឆន្ទៈ​ខ្លាំងក្នុងការ​ព្យា​យាម​លេង​ជា​មួយ​បាល់គ្រប់​ស្ថាន​ភាពនៅលើ​ទីលាន​»​។​

​ជា​មួយ​គ្នា​នេះ លោ​ក Felix Dalmasបាន​ទទួល​ស្គាល់​ថា កីឡាករ​របស់​កម្ពុជា​គ្រប់​រូបដែល​ត្រូវបាន​ដាក់​ឱ្យ​លេង​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កាតា​កាល​ពី​ថ្ងៃទី​៣១ ​ខែធ្នូ​ កន្លងទៅ​ មាន​ការ​ពិបាកដោយ​ត្រូវ​ប្រឈម​នឹង​ការ​ប្រកួត​ដ៏​តាន​តឹង ​ជាមួយ​កម្រិត​លេង​មួយ​ដែល​ពួ​កគេមិន​ធ្លាប់បា​ន​ជួប ​ប៉ុន្តែ​នេះ​ជា​អ្វីដែល​ក្រុម​កម្ពុជា​គួរតែ​បាន​ដឹង​ និង​បាន​ឆ្លង​កាត់ដើម្បី​ពង្រឹង​សមត្ថ​ភាព​ខ្លួន​ឯង​បន្ថែម​ទៀត​។​


​លោក​បាន​បញ្ជាក់​ថា​៖ «​ពិត​ណាស់ ​យើង​មាន​ការ​ពិបាក ​តែ​ពេល​ខ្លះ​យើង​ត្រូវ​ធ្វើបែ​បនេះ ​ព្រោះ​យ៉ាង​ហោច​ណាស់ ក៏​យើង​បាន​មើល​ឃើញ​ថា យើង​អាច​ធ្វើ​បាន​ច្រើន​ក្នុង​កម្រិត​ខ្ពស់​មួយ​ដែរ​ ហើយ​កុំភ្លេច​ថា យើង​បាន​ចំណាយ​ពេល​ចូល​១០​ម៉ោងក្នុ​ងការ​ធ្វើ​ដំណើរ​មក​កាន់​ទី​នេះ ​ដោយ​មាន​ការ​ផ្លាស់​ប្តូរ​ពេល​វេលា និង​អាកាស​ធាតុ ​អ៊ីចឹង​វា​ធ្វើឱ្យ​ភាព​សមរ​បស់​យើង​នៅ​ទី​នេះ មិន​ជា​ល្អ​ប៉ុន្មាន​ទេ​»​។​

​យ៉ាងណា​ក៏​ដោយ​ លោក Felix បាន​ជំរុញ​ឱ្យ​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ទាំង​២៤​នាក់​ ដែល​ទទួល​បាន​ឱកាស​ដ៏​ល្អ ទៅ​ប្រកួត​សាក​ល្បង​សមត្ថ​ភាព​អន្តរ​ជាតិ​លើក​នេះ ត្រូវ​មាន​ភាព​ស្រេច​ឃ្លានក្នុ​ងការ​ពង្រឹង​សមត្ថ​ភាព​ខ្លួនឯង​បន្ថែម​ទៀត​ ដើម្បី​រួមចំ​ណែក​ជួយ​ដល់​ក្រុម​ជម្រើសជា​តិ​កម្ពុជា ​ដោយ​លោក​គិត​ថា ក្រុម​នេះនឹង​អាច​ទទួល​បាន​អ្វីដែល​ល្អៗនៅ​ឆ្នាំ​២០២៤​នេះ​បើទោះ​បីជា​ក្រុម​កម្ពុជាទទួលបា​ន​លទ្ធផ​ល​មិន​គាប់​ប្រសើរ​នៅ​ឆ្នាំ​២០២៣​ក៏ដោ​យ​។​

​លោក ​Felix Dalmas បាន​សង្កត់​ថា​៖ «​អ្វី​ដែល​សំខាន់​ យើង​ត្រូវតែ​មាន​ការស្រេ​កឃ្លាន​ដើម្បី​​ធ្វើឱ្យមា​ន​ភាព​រីក​ចម្រើន​បន្ថែម​ទៀត ប៉ុន្តែ​ក៏ត្រូវ​ឱ្យ​តម្លៃ​នូវ​អ្វី​ដែល​យើង​បាន​ប្រឹងប្រែ​ង​កន្លង​មក​ដូចគ្នា​ ព្រោះនេះ​​ជា​មូលដ្ឋាន​គ្រឹះ អីចឹង​ខ្ញុំ​គិតថា​ ឆ្នាំ​២០២៤​នឹង​ក្លាយជា​ឆ្នាំ​ល្អ​សម្រាប់​ពួក​យើង ​ដូច្នេះ​អ្នក​ទាំង​អស់គ្នា​ត្រូវតែ​រៀបចំ​ខ្លួន​ឱ្យបា​ន​ល្អ​»៕