ភ្នំពេញៈ​លោក​ស្រី ម៉ែន នារី​សោ​ភ័គ​ អគ្គ​លេខាធិ​ការ​រង​ទី​១​នៃ​កាក​បាទ​ក្រហម​កម្ពុជា​បាន​លើក​ឡើង​ថា រយៈ​ពេល​២៥​ឆ្នាំ​នៃ​ការ​អនុវត្ត​ជោគ​ជ័យ​នៃ​នយោបា​យ​ឈ្នះ​ឈ្នះក៏​ជា​រយៈ​ពេល​២៥​ឆ្នាំ​នៃ​ការ​ដឹកនាំ​របស់​លោក​ស្រី ប៊ុន​ រ៉ានី ​ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​ដែល​គ្រប់​កាលៈ​ទេសៈ​ស្ថាប័ន​នេះនៅ​តែ​ធ្វើ​ប្រតិ​បត្តិ​ការ​ជួយ​ប្រជា​ពលរដ្ឋ​រហូត​មក​។​


​លោក​ស្រី​បាន​ថ្លែង​ដូច​នេះកា​លពី​ថ្ងៃទី​២៩ ខែធ្នូ​ ឆ្នាំ​២០២៣ ​ក្នុង​ពិធី​អប​អរសា​ទរ​ខួប​លើក​ទី​២៥ (២៩ធ្នូ១៩៩៨-​២៩​ធ្នូ២០២៣)នៃ​ការ​បញ្ចប់​សង្គ្រាមស៊ី​វិល​នៅ​កម្ពុជា​និង​ការអ​នុវត្ត​ប្រក​បដោយ​ជោគ​ជ័យ​នយោ​បាយ​ឈ្នះ​ឈ្នះ ​និង​ខួប​៥​ឆ្នាំ (២៩ធ្នូ២០១៨ - ២៩ធ្នូ២០២៣)នៃ​ការ​កសាង​វិមាន​ឈ្នះ ​ឈ្នះ​។​

​លោក​ស្រី ម៉ែន នារី​សោ​ភ័គ បាន​បញ្ជាក់​ថា៖ «​យើង​មិនមា​ន​ការ​រើស​អើង​​ទេ គឺ​បាន​ន័យ​ថា ​គ្រប់​កាលៈ​ទេសៈ​កាក​បាទ​ក្រហម​កម្ពុជា​នៅតែ​ធ្វើ​ប្រតិ​បត្តិ​ការ​គ្រាន់​តែ​យើង​មាន​ការ​ផ្លាស់​ប្តូរ​ ដូច​ជា​បច្ចុប្បន្ន​យើង​ត្រូវ​គិត​គូ​រលើ​រឿង​អី​? បញ្ហា​អប់រំ ​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​សុខភា​ព​ប្រជា​ពលរដ្ឋ​ បញ្ហា​អប់រំ​តាម​រយៈ​កម្លាំង​យុវ​ជន​កាក​បាទ​ក្រហម​កម្ពុជា និង​ការ​បន្ត​ចុះ​ជួយ​ប្រជា​ពល​រដ្ឋ​ដែល​ងាយ​រង​គ្រោះ​បំផុត​»​។​


​កាកបា​ទ​ក្រហមក​ម្ពុជា បាន​ចាប់​កំណើត​ឡើង​តាំងពី​ឆ្នាំ​១៩៥៥ ​ប៉ុន្តែ​ក្នុង​រយៈ​ពេល​២៥​ឆ្នាំ​នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​នេះ​ កាក​បាទ​ក្រហម​កម្ពុជា​បាន​ចូល​រួម​ក្នុង​ប្រតិ​បត្តិការ​ធំ​២ដែល​ផ្សារ​ភ្ជាប់​ទៅនឹង​នយោបា​យ​ឈ្នះ​ឈ្នះ​ក្នុង​នោះ​រួម​មាន​ ប្រតិបត្តិ​ការ​នៃ​ការធ្វើ​​មាតុ​ភូមិ​និវត្តន៍ និង​ការធ្វើ​​សមា​ហរណ​កម្ម​។​

​លោក​ស្រី  ម៉ែន នារី​សោ​ភ័គ បាន​បន្ត​ថា ប្រតិ​ប​ត្តិការ​ដ៏​សំខាន់​១ទៀត​គឺ​បញ្ហា​កើត​មាន​ឡើង​នៅ​ប្រាសាទ​ព្រះ​វិហារ​ដែល​ធ្វើ​ឱ្យ​កាក​បា​ទក្រហម​កម្ពុជាបាន​សម្រេច​បង្កើត​មជ្ឈម​ណ្ឌល​ជនភៀ​សសឹ​ក​នៅក្នុ​ង​ខេត្ត​ព្រះវិហារ ដោយ​បាន​ជួយ​ប្រជា​ពលរដ្ឋ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​។​


​លោកស្រី​បាន​បញ្ជាក់​ទៀត​ថា៖«​នេះ​ជា​ព្រឹត្តិ​ការណ៍និង​ប្រវត្តិ​នៃ​ការជួ​យ​ប្រជា​ពលរដ្ឋ​របស់​កាក​បាទ​ក្រហម​កម្ពុជា​។ ជា​មួយ​គ្នា​នោះដែ​រ ​យើង​មិន​ដែល​ភ្លេច​ទេ​​ ពី​ការ​ចូលរួម​ពី​សំណាក់​សម្តេច​ព្រះ​មហាក្ស​ត្រី ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ដែល​ទ្រង់​តែង​តែ​ប្រោស​ព្រះរាជ​ទាន​ព្រះ​រាជ​ទ្រព្យ​ជួយ​ដល់​កាក​បាទ​ក្រហម​កម្ពុ​ជាជា​រៀង​រហូតម​ក​»​។​

​សូម​រំឭក​ដែរ​ថា ចាប់​តាំង​ពី​ថ្ងៃ​ចាប់​បដិ​សន្ធិ​នៅ​ថ្ងៃទី​១៨ ​ខែកុម្ភៈ ឆ្នាំ​១៩៥៥​ កាក​បាទ​ក្រហមក​ម្ពុជាមាន​ការ​ទទួ​លស្គាល់​ពី​គណៈក​ម្មាធិកា​រ​អន្ត​រជាតិ​កាក​បាទ​ក្រហម ​(ICRC) និង​បានចូល​ជា​សមា​ជិក​ទី៨៥​របស់​សហ​ព័ន្ធ​អន្តរ​ជាតិ​នៃ​សមា​គម​កាក​បាទ​ក្រហម និង​អឌ្ឍ​ចន្ទ​ក្រហម ​(IFRC)​។ 

​យ៉ាងណាក្ដី បើ​តាម​លោក​ស្រី ម៉ែន នារី​សោ​ភ័គ ​ នៅ​ឆ្នាំ​១៩៧៥​ ម​កដល់​ឆ្នាំ​១៩៧៩​ កា​កបាទ​ក្រហម​កម្ពុជា ពុំមាន​អត្ថិ​ភាព​នៅ​ក្នុង​ប្រទេស​​ទេ ​ដោយ​សារ​របប​ប្រល័យ​ពូជ​សាសន៍ ​ប៉ុល ពត​។ បន្ទាប់​ពី​រំដោះ​ប្រទេស​មក​វិញ ​១៩៧៩-១៩៩២ ​កាក​បាទ​ក្រហម​កម្ពុជា ​ត្រូវ​បាត់​បង់​អាសនៈ​របស់​ខ្លួន ព្រោះ​កាក​បាទ​ក្រហម​កម្ពុជា​បាន​បាត់​បង់​គោល​ការណ៍​ឯក​ភាព ដោយ​មាន​កាក​បាទ​ក្រហម​កម្ពុជា​ចំនួន​៤​ក្រុម​។ 

​លោក​ស្រី ​បាន​បន្ត​ថា មក​ដល់​ឆ្នាំ​១៩៩២-​១៩៩៤​ ព្រះ​ករុណា​ ព្រះបាទ​សម្តេច ​ព្រះបាទ​នរោត្តម ​សីហនុ ព្រះ​វរ​រាជ​បិតា​ជាតិ​ខ្មែរ​ ព្រះ​បរម​រតន​កោដ្ឋ ​បាន​បង្រួប​បង្រួម​កាក​បាទ​ក្រហម​កម្ពុជា​ទាំង​៤​ក្រុម ​ទៅ​ជា​កាក​បាទ​ក្រហម​កម្ពុជា​តែ ១​វិញ​ និង​បាន​ប្រារព្ធ​មហា​សន្និ​បាត​កាក​បាទ​ក្រហម​កម្ពុជា​អាណត្តិ​ទី​១ ​នៅ​ឆ្នាំ​១៩៩៤​។​

​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ស្រី ប៊ុន រ៉ានី ហ៊ុនសែន ដោយ​ផ្សារ​ភ្ជាប់​ជាមួយ​នយោ​បាយ​ឈ្នះ ឈ្នះ​ រយៈ​ពេល ២៥​ឆ្នាំ​កន្លង​មក​កាក​បាទក្រ​ហមក​ម្ពុជាបាន​វិ​វឌ្ឍ​ខ្លួន​ដោយ​មាន​សា​ខា​ទាំង ២៥ រាជធានី​-ខេត្ត​ បាន​ដាក់​ចេញ​​ទិស​វិមជ្ឈ​ការ​-​សហ​វិមជ្ឈ​ការ ធ្វើ​ឱ្យ​កាក​បាទ​ក្រហម​កម្ពុជា មានល​ទ្ធភាព និង​សមត្ថ​ភាព​អាច​ជួយ​ខ្លួន​ឯង​បាន និង​មាន​កេរ្តិ៍ឈ្មោះ​​ល្បី​ល្បាញ​ទាំង​ថ្នាក់​ជាតិ​ និង​ឆាក​អន្តរជាតិ​។ នេះបើតាមការបញ្ជាក់​បន្ថែមពីលោក​ស្រី ម៉ែន នារី​សោ​ភ័គ​៕