ភ្នំពេញៈលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍ លោក ញឹម គឹមញ៉ុល អតីតគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ដែលស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាបន្ទាប់ពីឃើញការដឹកនាំបស់គណបក្សនេះធ្វើឱ្យកម្ពុជាមានសុខសន្តិភាពនិងការអភិវឌ្ឍ។
លោក ហ៊ុន សែន បានសរសេរនៅលើបណ្តាញតេឡេក្រាមរបស់លោកនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ថា៖«ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកញឹម គឹមញ៉ុល ដែលបានសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»។
យោងតាមលិខិតស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ លោក ញឹម គឹមញ៉ុល ដែលបច្ចុប្បន្នរស់នៅក្នុងប្រទេសអូស្ត្រាលី បានសរសេរថា៖«ខ្ញុំបាទបានមើលឃើញយ៉ាងច្បាស់ពីគោលនយោបាយ និងការដឹកនាំប្រទេស ដ៏ត្រឹមត្រូវរបស់សម្តេចតេជោកន្លងមក ដែលធ្វើឱ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព ប្រជាជនមានជីវភាពរស់នៅក្នុងភាពសុខដុមរមនា និងប្រទេសជាតិទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ»។
លោកបានបន្តថា ហេដ្ឋារចនាសម្ព័ន្ធនានាបានគ្របដណ្តប់លើផ្ទៃប្រទេស ហើយជាងនេះទៅទៀតក្រោមការដឹកនាំរបស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាកែប្រែមុខមាត់ថ្មី មានកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅក្នុងតំបន់និងនៅលើពិភពលោកតាមរយៈការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកបានបញ្ជាក់តាមលិខិតដដែលថា ការសម្រេចចូលរួមជីវភាពនយោបាយនេះដែរដោយសារលោកមើលឃើញពីគុណបំណាច់ ដែលមិនអាចកាត់ថ្លៃបានរបស់លោក ហ៊ុន សែន ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជាក្នុងការស្វះស្វែងរកសន្តិភាព ដោយបានបញ្ចប់សង្គ្រាមស៊ីវិល បានជាស្ថាពរនៅកម្ពុជា ក្រោមគោលមាគ៌ានយោបាយឈ្នះឈ្នះ ដែលប្រជាជនកម្ពុជាគ្រប់រូបប្រាថ្នាចង់បាន និងត្រូវចងចាំទុកជាប្រវត្តិសាស្ត្រសម្រាប់មាតុភូមិ។
លោកបានបញ្ជាក់ថា៖«អាស្រ័យហេតុនេះ ខ្ញុំបាទសូមគោរពស្នើសុំសម្តេចតេជោ មេត្តាលើកលែងទោសដល់រូបខ្ញុំបាទដោយក្តីសន្តោសប្រណីនិងឱ្យរួចផុតពីបទចោទតាមសាលដីការបស់តុលាការ ព្រោះតែមួយរយៈកន្លងមក រូបខ្ញុំបាទបានជឿលង់លើនយោបាយប្រជាភិថុតិរបស់ទណ្ឌិត សម រង្ស៊ី ដែលជាទង្វើមិនគប្បីចំពោះសម្តេចតេជោក៏ដូចជា ប្រជាជនកម្ពុជា និងប្រទេសជាតិ»។
លោក ញឹម គឹមញ៉ុល បានបន្តថា៖ «សុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោឱ្យខ្ញុំបាទបានវិលចូលមកកាន់មាតុភូមិកម្ពុជា និងបានចូលរួមក្នុងជីវភាពនយោបាយ ជាមួយនឹងគណបក្សប្រជាជនកម្ពុជាដើម្បីជាកម្លាំងនិងជាធនធានបម្រើប្រជាជន គណបក្ស និងប្រទេសជាតិ ដោយក្ដីអនុគ្រោះបំផុត»។
ជុំវិញបញ្ហានេះ លោក ជ័យ តិច អ្នកសិក្សាការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានប្រាប់នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ថា នៅរាល់មុនការបោះឆ្នោតមកដល់ មិនថា ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាឬការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឬការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ទេ តែងតែមានចលនាការស្នើសុំចូលរួមជីវភាពនយោបាយរបស់មន្ត្រីគណបក្សក្រៅរដ្ឋាភិបាល ជាមួយនឹងគណបក្សកាន់អំណាច។
លោកបានថ្លែងថា៖«ទាក់ទងនឹងការផ្លាស់ប្តូរ ឬចុះចូលរវាងមន្ត្រីគណបក្សក្រៅរដ្ឋាភិបាលជាមួយគណបក្សកាន់អំណាចនេះ ..សំខាន់ការចូលមករួមរស់នេះបើគាត់ជាបេក្ខជនសំខាន់នៅក្នុងគណបក្ស គាត់ជាអ្នកជួយគិតគូរពីយុទ្ធសាស្ត្រ គាត់ជាអ្នកមានប្រជាប្រិយភាព គាត់ជាអ្នកជំនាញសេដ្ឋកិច្ច ឬក៏ជំនាញទាក់ទងនឹងសង្គម ឬក៏ជាអ្នករិះគន់លើគណបក្សកាន់អំណាចនោះក៏គាត់ពិតជាមានឥទ្ធិពល និងជាការបារម្ភមួយរបស់គណបក្សក្រៅរដ្ឋាភិបាលដែរ»។
សូមរំឭកដែរថា ក្នុងរយៈពេល១ឆ្នាំកន្លងទៅ អតីតមន្ត្រីជាន់ខ្ពស់និងអតីតសមាជិកប្រឆាំងបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជាដែលជាតួអង្គដ៏សំខាន់ក្នុងការធានាបានសុខសន្តិភាពយូរអង្វែងសម្រាប់ប្រជាជន និងប្រទេសជាតិ៕