ភ្នំពេញៈ​កីឡា​ករ​ធ្លាប់​សាង​បាន​ភាព​ល្បី ​ផាន់​ គ្រាន់​ បាន​បង្កើត​រឿង​ដ៏​គួ​រឱ្យ​ភ្ញាក់​ផ្អើល​មួយ​សម្រាប់​ការ​បង្ហាញ​វត្ត​មាន​ជាថ្មី​នៅ​លើ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ ​ដោយ​រូបគេ​បាន​ស្រវា​ងើប​ឡើង​ទាំង​វង្វេង​ស្មារតី​ពី​ការ​រាប់​របស់​លោក​អាជ្ញា​កណ្តាលដើម្បី​វ៉ៃ​កីឡា​ករ​ថៃ​ Ba Bou ឱ្យ​សន្លប់​ធំ​វិញ​ ចំណែក​ទម្ងន់​ជើង​របស់​ គង់ ហូវ​ ក៏​ប៊ិះ​នឹង​ធ្វើ​ឱ្យ​កីឡា​ករ​ថៃ Amy SelakChhai រក​កល​នឹង​សន្លប់​ផង​ដែរ​ ប៉ុន្តែ រិន​ សា​រ័ត្ន ​បាន​ចាញ់​ទាំង​មិន​អស់​ចិត្ត​។​

​កីឡាក​រ ផាន់ គ្រាន់ ​ដែល​ធ្លាប់​ជា​ជើង​ខ្លាំង និង​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវា​ត់កាល​រូបគេ​មាន​ទម្ងន់​ចន្លោះ​ពី​៦០​ទៅ​៦៣,៥​គីឡូ​ក្រាម​នោះ ​ហាក់​មិន​បាន​ឡើង​ប្រកួត​​ទេសម្រាប់​ការវិល​មក​កាន់​សង្វៀន​ឡើង​វិញ​នេះ ​ហើយ​សមត្ថ​ភាព​ប្រកួត​របស់​គេក៏មាន​ការ​ធ្លាក់​ចុះ​ផង​ដែរ ​ជា​ពិសេសនៅ​ពេល​កីឡាករ​មិន​សូវ​បាន​កម្ពស់​រូបនេះ​ បាន​ឡើង​ទម្ងន់​រហូត​ដល់​៦៩​គីឡូ​ក្រាម​។​

​ទោះបី​ជា​យ៉ាង​ណា  ​សម្រាប់​ការ​ប្រកួត​ក្នុង​ទម្ងន់​៦៥​គីឡូ​ក្រាមនៅលើ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ កាលពី​យប់​ថ្ងៃទី​៣១ ខែធ្នូ ​កន្លង​មក​​  ផាន់​ គ្រាន់ ​បាន​ទាត់​ខ្លាំងៗ​ទៅ​លើ​ភ្លៅ​ខាង​ស្តាំ​របស់​កីឡាករ​ថៃ Ba Bou ហើយ​ការ​ទាត់​លើក​ទី​៥​របស់​គេបាន​ធ្វើ​ឱ្យ​ដៃគូ​ម្នាក់​នេះ​ បង្ហាញ​កា​រឈឺចា​ប់​ខ្លាំង​នាំឱ្យ​លោក​អាជ្ញាក​ណ្តាល​រាប់នៅ​ពាក់​កណ្តាល​ទឹកទី​១​។​


​ឃើញ​ស្ថាន​ភាព​បែប​នេះ ​ផាន់​ គ្រាន់ កាន់​តែ​ខំប្រឹង​វាយ​លុក​ទៅ​លើ ​Ba Bou ក្នុង​បំណង​ផ្តួល​កីឡាករ​ថៃ​ម្នាក់​នេះ​ឱ្យ​សន្លប់ ​ប៉ុន្តែ​រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​បាន​កើត​ឡើង​ គឺ ផា​ន់ គ្រាន់ ត្រូវបា​ន Ba Bou លោត​បុក​ជង្គង់​ចូល​ដើម​ទ្រូង​ពេញ ​រួច​បាន​ស្ទុះ​ចូល​ចាប់ ​និង​វាយ​កែង​ឆ្វេង​ចូល​ថ្គាម​ពេញ​បណ្តាល​ឱ្យ ​ផាន់ គ្រាន់ ដួល​សន្លប់​មួយ​ភាំង​ តែ​បាន​ព្យា​យាម​ងើប​ឡើង​វិញ ​នៅ​ពេល​លោក​អាជ្ញា​កណ្តាល​រាប់​ដល់​៨​។​

​ទោះ​ជា​យ៉ាង​ណាក្ដី  ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​១ បាន​ជួយ​ឱ្យ ​ផាន់​ គ្រាន់​ អាច​ស្តារ​ភាព​រឹង​មាំ​បាន​មក​វិញ ​សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ទឹក​ទី​២ ក្នុងពេ​លដែ​ល​កីឡាករ  Ba Bou បាន​បញ្ឆេះ​ឱ្យ​មាន​ការ​វាយ​កែង​ប្តូរ​គ្នា​យ៉ាងរ​ន្ថើន​បំផុត ដោយ​ក្នុង​នោះ ​ផាន់​ គ្រាន់ ​ផ្តោត​ខ្លាំង​លើ​ការ​ប្រើ​កែង​ស្តាំ ​ចំណែក ​Ba Bou ប្រើ​កែង​ឆ្វេង ​ប៉ុន្តែ​នៅ​ពេល​ Ba Bou ហាក់​ស្រុត​កម្លាំង​ជា​មួយ​ការ​បុក​កែង​ស្តាំ​នោះ​ ផាន់ គ្រាន់ ​បាន​ច្រាស​កែង​ឆ្វេងចូល​ថ្គាម​ពេញ ​បណ្តាល​ឱ្យ​ថៃ​ម្នាក់​នេះ ​ដួល​សន្លប់​ធំ​តែ​ម្តង​។​


​ជ័យ​ជម្នះ​របស់ ​ផាន់ គ្រាន់ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ផ្ទាល់មាន​ការ​សាទរ​ខ្លាំង​ ព្រោះ​នេះ​ជា​លទ្ធ​ផល​ដែល​កម្រ​នឹង​បាន​ឃើញ​ណាស់ ​ចំណែក ​ផាន់ គ្រាន់ ​ខ្លួនឯ​ង ក៏មាន​ការ​ចម្លែក​ចិត្ត​ផង​ដែរ​ ដែល​អាច​ប្រើ​ក្បាច់​កែង​ ផ្តួល Ba Bou ឱ្យ​សន្លប់ ​ទាំង​ខ្លួន​មាន​កម្ពស់​ទាប​ជាង​គេ ​ប៉ុន្តែ​ ផាន់ គ្រាន់ ​ក៏បាន​បង្ហាញ​អា​ការ​ចង់​រឹង​ថ្គាម​ ក្រោម​ការ​វាយ​ចូល​យ៉ាង​ច្រើន​របស់​កីឡា​ករ​ថៃ​ផង​ដែរ​។​

​ជា​មួយ​គ្នានេះ ​កីឡាករ គង់ ហូ​វ ក៏បាន​ទាត់​ចូល​កញ្ចឹង​ក​ បណ្តាល​ឱ្យ​អ្នក​ប្រដាល់​ថៃ  Amy Selakchhai ដួល​ទាំង​វង្វេង​ ហើយ​ត្រូវ​បាន​លោក​អាជ្ញា​កណ្តាល​រាប់នៅ​ចុង​ទឹក​ទី​២​ ផង​ដែរ ប៉ុន្តែ​ការ​ព្យា​យាម​តាម​វាយ​សម្រុក​របស់​គង់ ​ហូវ ​ដើម្បី​ផ្តាច់​កីឡា​ករ​ថៃ​ម្នាក់​នេះ គឺ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​។​

​បើ​ទោះបី​ជា គង់ ហូ​វ បាន​បុក​ជង្គង់​ចូល​ពេញៗ ​និង​បាន​ទាត់​ចូល​កញ្ចឹង​ក​២​ទៅ​៣​ដង​ទៀត ​ប៉ុន្តែ​ការ​បិទ​របស់ Amy Selakchhai គឺ​មិន​បណ្តោយ​ឱ្យ​ទម្ងន់​ជើង​របស់ ​គង់ ហូ​វ ចូល​ពេញ​ទៀត​នោះ​ទេ ​ហើយ​បន្ថែម​ទៅ​លើ​ភាព​រឹង​មាំ​នេះ Amy Selakchhai ក៏បាន​វាយ​បក​ត្រឡប់​មក​វិញ​ជា​បន្ត​បន្ទាប់ ​ធ្វើ​ឱ្យ ​គង់ ហូ​វ មាន​ការ​លំបាក​ដូច​គ្នា មុន​ពេល​ត្រូវ​បាន​ប្រកាស​ឱ្យ​ឈ្នះ​កីឡា​ករ​ថៃ​ម្នាក់​នេះ ​ដោយ​ពិន្ទុ​។​

​ចំណែក រិ​ន សា​រ័ត្ន បាន​ប្រើ​ជើង​ទាំង​២​របស់​គេទាត់​ទៅលើ​ច​ន្ទ​ល់​ក្រោម​របស់​អ្នក​ប្រដាល់​ថៃ  Kang Nampha ជា​បន្ត​បន្ទាប់ ​តាំង​ពី​ទឹក​ទី​១ ដល់​ទឹក​ទី​៣ ហើយ​ការ​វាយ​ប្រហារ​ទៅ​លើ​ជើង​ក្រោម​នេះក៏បាន​ធ្វើឱ្យ ​ Kang Nampha ហាក់​ជាប់​គាំង​ផង​ដែរ​ បើ​ទោះបីជា​​ថៃ​ម្នាក់​នេះ ​នៅមាន​លទ្ធភាព​វាយ​បក​ទៅ​លើ រិ​ន សា​រ័ត្ន ​វិញ​ក្ដី​។ 

​ទោះ​បីជា​យ៉ាង​ណា ​នៅក្នុង​ទឹក​ទី​៤ Kang Nampha បាន​វាយ​សម្រុក​ខ្លាំង​ទៅ​លើ រិ​ន សា​រ័ត្ន ហើយ​ការ​បុក​ជង្គង់ ​ព្រម​ទាំង​ការ​ម៉ាត់​ និង​វាយ​កែង​ចូល​ពេញៗ​របស់​គេ ​បានធ្វើ​ឱ្យ សា​រ័ត្ន​ មា​នការ​ធ្លាក់​កម្លាំង​ច្រើន ​ចំណែក​នៅ​ទឹក​ទី​៥​ផ្តាច់​ព្រ័ត្រ រិន ​សា​រ័ត្ន ធ្វើ​បាន​ល្អ ​នៅ​ដើម​ទឹក ​តា​មរយៈ​ការ​ទាត់ ​និង​បុក​ជង្គង់ ​តែ​ការ​វាយ​ចូល​មួយៗ​របស់ Kang Nampha មាន​ទម្ងន់​ជាង​។ 

​ក្រោយ​បញ្ចប់​ការ​ប្រកួត​នេះ ​ទាំង ​រិន សារ័ត្ន និង Kang Nampha សុទ្ធ​តែ​បង្ហាញ​ការ​ជឿជា​ក់ក្នុង​ការ​ឈ្នះ ​ប៉ុន្តែ​ចុង​ក្រោយ រិ​ន សា​រ័ត្ន បាន​ត្រឹម​បង្ហាញ​ការ​មិន​អស់​ចិត្ត​ នៅពេ​ល​ពិធីករ ​បាន​ប្រកាស​ពី​ការ​ដាក់​ពិន្ទុ​របស់​ចៅក្រម​ទាំង​៥ ​ដោយ​ផ្តល់​ពិន្ទុ​ឱ្យ Kang Nampha ជា​អ្នក​ឈ្នះ​។ យ៉ាង​ណាក្ដី​ អ្នក​គាំទ្របាន​បង្ហាញ​ការ​ពេញ​ចិត្ត សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​អន្ត​រជាតិ​កម្ពុជា​-​ថៃ ​ទាំង​៣​គូ​នេះ​ថា ល្អ​មើល​ ព្រោះ​ការ​ប្រកួត​មាន​ភាព​ទាក់​ទាញ​។​

​ជា​មួយ​គ្នា​នេះ ​លោក សេង ក​ដិ​កា អ្នក​គ្រប់គ្រ​ង​កម្មវិធី​ប្រដាល់​ប្រចាំ​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖«​បើ​ទោះបី​ជា​កីឡា​ករ​ដែល​យើង​បាន​យក​មក​ប្រកួត​នេះ ​ភាគ​ច្រើនជា​អ្នក​ស្ថិតក្នុ​ង​លំដាប់​លេខ​២ ឬ​លេខ​១ ​តែ​មិន​សូវ​មាន​ឈ្មោះ​ល្បី ​ប៉ុន្តែ​ទាំង​កីឡា​ករ​កម្ពុជា និង​បរ​ទេស គឺ​យើង​ព្យាយា​ម​យក​អ្នក​ដែល​មាន​សមត្ថ​ភាព​ប្រហាក់​ប្រហែល​គ្នា ​ហេតុ​នេះ​ការ​ប្រកួត​មាន​ភាព​ទាក់​ទាញនិង​ល្អ​មើល ​ហើយ​ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ឱ្យ​កីឡាករ​កម្ពុជា​កាន់​តែ​ខិតខំ​ប្រឹង​ពង្រឹង​សមត្ថ​ភាពនិង​អាច​ក្លាយ​ជា​កីឡាករ​ ដែល​មាន​បច្ចេក​ទេស​ប្រកួត​កាន់​តែ​ល្អ​»៕