ភ្នំពេញៈ យុវជនខ្មែរចំនួន ៦០០ នាក់ បានបញ្ចប់ការបណ្តុះបណ្តាលជំនាញកាំភ្លើងធំ ពីបញ្ជាការដ្ឋានកាំភ្លើងធំ ក្នុងវគ្គហ្វឹកហ្វឺនរយៈពេល ៩ ខែ ខណៈបញ្ជាការដ្ឋានកាំភ្លើងធំ មានផែនការផ្តល់វគ្គហ្វឹកហ្វឺនចំនួន ៤ វគ្គ បន្ថែមទៀត ដល់សិក្ខាកាមទាំងនេះ។
យោងតាមហ្វេសប៊ុកក្រសួងការពារជាតិនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ បញ្ជាការដ្ឋានកាំភ្លើងធំ បានបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលដល់នាយទាហាន នាយទាហានរងជំនាញកំាភ្លើងធំ ជំនាន់ទី៦ និងបើកវគ្គហ្វឹកហ្វឺនជំនាញកាំភ្លើងធំឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ណុប រតនា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការបញ្ជាការដ្ឋានកាំភ្លើងធំ នៃកងយោធពលខេមរភូមិន្ទ។
បើតាមក្រសួងការពារជាតិ ដំណើរការនៃការបណ្តុះបណ្តាលជំនាញកាំភ្លើងធំ ក្នុងជំនាន់ទី៦នេះមាន ចំនួន ១វគ្គ ដល់នាយទាហានរង និងនាយទាហាន ក្នុងបញ្ជាការដ្ឋានកាំភ្លើងធំ ក្នុងនោះមានសិក្ខាកាមសរុបចំនួន ៦០០នាក់ និងយោធាចារ្យ ៦០នាក់ ក្នុងរយៈពេលហ្វឹកហ្វឺនចំនួន ៩ខែ ឬស្មើនឹងចំនួន ២៧៣ថ្ងៃ ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដល់ដើមខែតុលា ឆ្នាំ២០២៣ លើខ្លឹមសារមេរៀន ជំនាញពាក់ព័ន្ធ និងការហ្វឹកហ្វឺនជំនាញកាំភ្លើងធំ។
ប្រភពដដែលបានបន្តថា ក្រោយបញ្ចប់ការសិក្សាជំនាញកាំភ្លើងធំនេះ សិក្ខាកាមចំនួន ១១០នាក់ទទួលបាននិទ្ទេសល្អ, ចំនួន ២៧២នាក់ទទួលបាននិទ្ទេសល្អបង្គួរ និងចំនួន ២០៩នាក់ទទួលបាននិទ្ទេសមធ្យម។
លោក នៅ ស៊ីណា មេបញ្ជាការរង បញ្ជាការដ្ឋានកាំភ្លើងធំ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា ដោយពិនិត្យឃើញពីសន្ទស្សន៍នៃការហ្វឹកហ្វឺនដល់នាយទាហានរងទាំងនេះ ក្នុងឆ្នាំ២០២៤ បញ្ជាការដ្ឋានកាំភ្លើងធំ នៃអគ្គបញ្ជាការមានផែនការហ្វឹកហ្វឺនបំប៉នជំនាញបន្ថែមដល់នាយទាហានខ្លួនចំនួន ៤ វគ្គ បន្ថែមទៀត។
ក្នុងនោះទី១ មានវគ្គបំប៉ននាយទាហានរងជំនាញកាំភ្លើងធំស្វយ័តចល័ត សម្រាប់សិក្ខាកាម ២០០ នាក់ រយៈពេល៣ខែ, ទី២ វគ្គជំនាញកាំភ្លើងធំ ប្រតិកម្មដល់សិក្ខាកាម ២០០ នាក់ ក្នុងរយៈពេល ៣ខែដូចគ្នា។ ចំណែកទី៣ វគ្គបំប៉នលើជំនាញកាំភ្លើងធំប្រតិកម្មរយៈចម្ងាយឆ្ងាយ សម្រាប់សិក្ខាកាម ២០០ នាក់ និងទី៤ វគ្គបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ ដល់សិក្ខាកាមដែលមិនបានចូលវគ្គហ្វឹកហ្វឺនចំនួន ៦០ នាក់។
នាឱកាសនោះដែរ លោកណុប រតនា បានថ្លែងកោតសរសើរដល់យោធាចារ្យក្នុងការបណ្តុះបណ្តាលនិងផ្ទេរចំណេះដឹងដល់នាយទាហាន នាយទាហានរង ក៏ដូចជាកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយទាហាន នាយទាហានរងក្នុងការក្រេបជញ្ជក់យកចំណេះដឹង ជាពិសេសវីរភាពក្នុងការស្ម័គ្រចិត្តចូលបំពេញការងារជាកងទ័ពដើម្បីការពារមាតុភូមិ និងបានខំប្រឹងរៀនសូត្រត្រៀមខ្លួនការពារពេលជាតិត្រូវការ។
លោកថ្លែងថា៖ «សូមបងប្អូនចងចាំថា ជំនាញបច្ចេកទេសកាំភ្លើងធំនេះ ត្រូវមានស្មារតីសមូហភាពខ្ពស់ ត្រូវមានស្មារតីជាក្រុម ជាពួកខ្ពស់បំផុត ទើបយើងអាចប្រើប្រាស់អាវុធរបស់យើងបាន ហើយពេលចប់វគ្គនេះទៅ មិនមែនប្អូនៗ ឈប់សិក្សា ឈប់រៀនសូត្រនោះទេ ចំពោះជំនាញឯកទេស ចប់ហើយ យើងត្រូវបន្តស្វែងយល់ពីជំនាញរបស់យើងបន្ថែមទៀត ស្វែងយល់ពីការវិវត្តរបស់កាំភ្លើងធំ របស់ពិភពលោក របស់បច្ចាមិត្តយើង»។
លោកណុប រតនា បានលើកទឹកចិត្តឱ្យនាយទាហានដែលបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញកាំភ្លើងធំ ត្រូវខិតខំបន្តសិក្សាស្វែងយល់ពីជំនាញខ្លួនបន្ថែមទៀត ដែលអាចស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីអាចពង្រឹងសមត្ថភាពប្រើប្រាស់កាំភ្លើងធំរបស់ខ្លួនផង និងតាមទាន់សភាពការណ៍នៃការរីកចម្រើនបច្ចេកវិទ្យាសព្វាវុធរបស់ពិភពលោកផង។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ការពង្រឹងសមត្ថភាពកងទ័ពពិតជាមានសារៈសំខាន់ ដោយឡែកជំនាញកាំភ្លើងធំជាដើមជាជំនាញកម្រមួយ ក្នុងជួរកងទ័ព ព្រមទាំងជាជំនាញសំខាន់សម្រាប់ប្រើប្រាស់ក្នុងសមរភូមិ។
លោកបានប្រាប់ថា៖ «ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ឯកទេស សម្រាប់យោធាកម្ពុជា ជារឿងសំខាន់មួយ ដែលយោធានៃប្រទេសមួយមិនអាចអត់ជំនាញបានទេ មិនថា ជំនាញណាទេ យើងត្រូវលើកទឹកចិត្តឱ្យទាហានយើងមានជំនាញគ្រប់ប្រភេទ មិនថា កាំភ្លើងធំ ថ្មើរជើង និងជំនាញពាក់ព័ន្ធនានា»។
លោក គិន ភា ក៏បានលើកទឹកចិត្តដល់រដ្ឋាភិបាល ក្នុងការបន្តពង្រឹងសមត្ថភាពយោធា ដោយលើកឡើងថា ប្រទេសមួយមិនអាចព្រងើយកន្តើយចំពោះការអភិវឌ្ឍសមត្ថភាពកងទ័ពនោះទេ ខណៈកម្ពុជានៅចន្លោះប្រទេសមហាអំណាច២ ផង។
លោកថា រដ្ឋាភិបាលក៏បានគិតគូរផងដែរចំពោះវិស័យការពារជាតិ តាមរយៈការពង្រឹងវិន័យកងទ័ព យន្តការ ការធ្វើទំនើបកម្មយោធា ហើយកិច្ចការងារនេះត្រូវបន្តធ្វើជាបន្តទៀត៕