ភ្នំពេញៈ លោក ហេង សួរ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈបាន​ថ្លែង​ថា ជន​បរទេស​ដែល​កា​ន់​​ទិដ្ឋាការ​ទេសចរណ៍ មិន​អាច​ធ្វើកា​រ​នៅ​ប្រទេស​កម្ពុជា​បាន​ទេ ដែល​ការ​អនុវត្ត​បែប​នេះ វា​ជា​ការ​តាំង​ចិត្ត​​របស់​រដ្ឋាភិបាល​ក្នុងកា​រ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញ​ដូរ​មនុស្ស​។


លោកបាន​ថ្លែង​តាម​រយៈវីដេអូ​ ដែល​​បាន​ផ្សព្វផ្សាយ​លើបណ្តញ​សង្គម​ហ្វេស​ប៊ុក​កាលពី​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣​​​​ថា ឥលូវ​នេះអ​គ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍ បាន​បោះ​ត្រា​លើ​ទិដ្ឋាការ​ទេសចរណ៍​នៅ​លើលិ​ខិត​ឆ្លង​ដែន​របស់​ភ្ញៀវ​ទេសចរ​បរទេស ដោយ​មិន​អាច​អនុញ្ញាត​ឱ្យ​ធ្វើ​ការ​ងារ​នៅ​កម្ពុជា​បាន​​ទេ ខណៈ​​​ពីមុ​ន​មក​នេះ ​ជន​បរទេស​ដែល​ចូល​មក​កម្ពុជា គឺ​អាជ្ញាធរ​បោះ​ត្រា​តែ​ទិដ្ឋាការ​ទេសចរណ៍ ប៉ុន្តែ​មិន​មាន​ការ​បញ្ជាក់​ថា ទិ​ដ្ឋាការ​ទេសចរណ៍​នេះ គឺ​មិន​អាច​ធ្វើកា​រ​ងារ​នៅ​កម្ពុជា​បាន​ទេ​។ 

លោក​បាន​បញ្ជាក់​ថា អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ ក៏​បាន​ដាក់​តាំង​​ផ្ទាំង​ព័ត៌មាន​នៅក​ន្លែង​ច្រក​អន្តោ​ប្រវេសន៍ ដើម្បី​ឱ្យជ​ន​បរទេស​ទាំង​អស់​ នៅ​ពេល​ចូល​មក​ដល់​ច្រក​អន្តរ​ជាតិ​របស់​កម្ពុជា គឺ​បាន​ឃើញ​​ទិដ្ឋាការ​ទេសចរណ៍ មិន​អាច​ធ្វើ​ការ​នៅប្រ​ទេស​កម្ពុជា​បាន​ទេ​។​


លោក ហេង សួរ​ បញ្ជាក់​ថា​៖ «​នេះ​គឺ​ជា​ចំណុច​ថ្មី​មួយ ដែល​អាច​ឱ្យ​ជន​បរទេស​ដែល​ត្រូវ​បាន​បោកបញ្ឆោត​ដោយ​បណ្ដាញ​ឧក្រិដ្ឋ​ជន ពេល​ដែល​គាត់​ចូល​មក​ច្រក​អន្តរ​ជាតិ​នា​នា​របស់​យើង គឺ​គាត់​នឹង​ឃើញ​ថា​ ទិដ្ឋាការ​ទេស​ចរណ៍​របស់​គាត់ មិន​អាច​ធ្វើ​ការ​នៅ​កម្ពុជា​បាន​ទេ ពីព្រោះ​យើង​បាន​ដាក់​បង្ហាញ​អក្សរ​ធំៗ​នៅ​ខាង​មុខ​ហ្នឹង​»​។

ប្រសិន​ជា​ជន​បរទេស មាន​ការ​សង្ស័យ​ថា​ ខ្លួន​ត្រូវ​បាន​ចាញ់​បោក​គេ គឺ​អាច​មក​រាយ​ការណ៍​ដល់​សមត្ថកិច្ច​នៅ​តាម​ច្រក​អន្តរ​ជាតិ​​ស្រាប់ ដើម្បី​ធ្វើកា​រ​ចាប់​​បណ្ដាញ​ឧក្រិដ្ឋ​ជន​ទាំង​អស់​នោះ​។


​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា ៖ «​ការ​អនុវត្ត​បែប​នេះ វា​ជា​ចំណុច​វិវឌ្ឍន៍ចុង​ក្រោយ​មួយ ​នៃការតាំ​ង​ចិត្ត​របស់​រាជ​រដ្ឋាភិបាលក្នុង​ការ​លុបបំ​បាត់ និងប្រ​យុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញ​ដូរ​មនុស្ស​នៅក​ម្ពុជា ស្រប​ពេល​ដែល​ក្រសួង​ម​ហាផ្ទៃ​បាន​ខិត​ខំ​ខ្លាំង​ណាស់​ ទៅលើ​​ការ​ងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញ​ដូរ​មនុស្ស​»។

ជុំ​វិញ​រឿង​នេះ លោក នី សុខា ប្រធាន​​​​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស អាដ​ហុក បាន​​​ថ្លែង​ថា ប្រ​សិន​ជាភ្ញៀ​វ​ទេសចរ​ដែល​ចូល​មក​កម្ពុជា ក្នុង​គោល​ដៅ​មក​រក​ស៊ី គឺ​ពិត​ណាស់​ភ្ញៀវ​ទេសចរ​ទាំង​នោះ ​មិន​អា​ចប្រ​កប​មុខ​របរ​បាន​ទេ ដែល​​​​វា​ជា​យន្តការ​មួយ​អនុវត្ត​យូរ​មក​ហើយ។ 

លោកបានបន្ថែម​ថា ប៉ុន្តែ​កន្លង​មក​នេះ កម្ពុជាមិ​ន​បាន​គ្រប់​គ្រង​បញ្ហា​នេះ​ឱ្យ​បាន​ច្បាស់​លាស់នៅ​​ឡើយ​ទេ ខណៈ​ដែល​មាន​ភ្ញៀវ​ទេស​ចរ​បរទេស​ខ្លះ​បាន​ហូរ​ចូល​មក​កម្ពុជា​ទាំង​អ្នក​ស្រប​ច្បាប់ និង​អ្នក​មិន​ស្រប​ច្បាប់​ បាន​​មកដ​ណ្ដើម​ការ​ងារ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។

លោក នី សុខា បាន​​បញ្ជាក់​ថា​៖​ «ការ​​តាំង​ចិត្ត​របស់​រាជ​រដ្ឋាភិបាល វា​ជារឿ​ង​មួយ​សំខាន់​ហើយ ក៏​ប៉ុន្តែ​ការ​អនុវត្ត​ជាក់​ស្ដែង វា​រឹត​តែ​សំខាន់​ទៅ​ទៀត ដើម្បី​ចៀស​វាង​កុំ​ឱ្យ​ទាំង​អ្នក​ទេសចរ​ស្រប​ច្បាប់ និង​ខុស​ច្បាប់ ម​ក​ធ្វើ​ការ​រក​ស៊ី​នៅ​ក្នុង​ប្រទេស​យើង​»​។

បើ​តាម​លោក នី សុខា ​ចំពោះកា​រ​អនុវត្ត​របស់​អាជ្ញាធរ​លើ​ជន​បរទេសដែ​ល​ចូល​មក​កម្ពុជា​កាន់លិ​ខិត​ឆ្លង​ដែន​ទេសចរណ៍ មិន​អាច​ធ្វើ​ការ​នៅ​កម្ពុជាបា​ន​ គឺ​ភាគច្រើន​វា​មិន​​ពាក់​ព័ន្ធ​លើ​បញ្ហា​ជួញ​ដូរ​មនុស្ស​ឡើយ ប៉ុន្តែ​រឿង​សំខាន់​គឺ​ពាក់​ព័ន្ធ​នឹង​ការ​ដណ្ដើម​ការ​ងារ​របស់ប្រ​ជាពលរដ្ឋ​ខ្មែរ​។ 

លោក​បន្ថែម​ថា ​​បញ្ហា​ការ​ជួញ​ដូរ​មនុស្សនេះ​ ច្រើន​តែ​ពាក់​ព័ន្ធ​លើ​​ការ​ត្រួត​ពិនិត្យ មាន​បក្ខ​ពួក​និយម មាន​អំពើ​ពុក​រលួយ និង​ការ​មិន​រឹត​បន្តឹង​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​ចំពោះ​ក្រុម​ឧក្រិដ្ឋ​ជន​ជា​ដើម​៕