ភ្នំពេញៈ​អ្នក​នាំ​ពាក្យ​ស្នង​ការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​លោក​ សំ វិច្ឆិកា ​បាន​ឱ្យដឹង​ថា ​នៅ​យប់​ថ្ងៃទី​៣១​ ខែធ្នូ ​ឆ្នាំ​២០២៣ ​ឆ្លង​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​២០២៤​ នៅ​រាជធានី​ភ្នំពេញ​មាន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ចំនួន​៩​ករណី បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ចំនួន​៦​នាក់​បាន​បាត់​បង់​ជីវិត​, របួស​ធ្ងន់​ចំនួន​៣​នាក់​ និង​របួស​ស្រាល​ចំនួន​២​នាក់​។ 


​លោក ​សំ វិច្ឆិកា បាន​ប្រាប់​នៅ​ថ្ងៃទី​១ ​ខែមករា​ ឆ្នាំ​២០២៤ ​ថា ក្នុង​ចំណោម​ករណី​គ្រោះ​ថ្នាក់​ចរាច​រណ៍​នេះ​ បាន​កើត​ឡើង​រវាងរ​ថយន្ត​និង​ម៉ូតូ​ដែល​ករណី​ខ្លះ​អ្នក​បង្ក​បាន​ចូល​មក​សារ​ភាព ​ប៉ុន្តែ​អ្នក​បង្ក​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ផ្សេងទៀត​បាន​រត់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ​។​

​ទាក់​ទង​នឹង​ការ​រត់​គេច​ខ្លួន​នេះ​ដែរ​ លោក សំ វិច្ឆិកា បាន​អំពាវ​នាវ​ឱ្យ​ចូល​ខ្លួន​មក​សារ​ភាព​ដើម្បីឱ្យ​សមត្ថ​កិច្ច​អនុវត្ត​តាម​នីតិ​វិធី​។​


​លោក​បាន​ថ្លែង​ថា៖«រាល់​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​បើក​រត់​គេច​នេះ ​ឯក​ឧត្តម​ ជួ​ន ណា​រិន្ទ ​អគ្គ​ស្នង​ការរ​ង និង​ជា​ស្នង​ការ​នគរ​បាល​រាជ​ធានី​ភ្នំពេញ​បាន​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​ស្រាវ​ជ្រាវ​យ៉ាង​ម៉ឺង​ម៉ាត់​នៅ​កន្លែង​កើត​ហេតុ​រួមទាំង​វត្ថុ​តាង​និង​បាន​បង្កើត​ក្រុម​ការ​ងារ​តាម​ដាន​ស្រាវ​ជ្រាវ​ស្វែង​រក​ចាប់​ខ្លួន​រាល់​ជន​បង្ក​ពោលគឺ​មិន​អាច​គេច​ខ្លួន​ពី​សំណាញ់​ច្បាប់​បាន​នោះ​ទេ​»​។ 

​លោក​សំ ​វិច្ឆិកា បាន​បន្ថែម​ថា ​ជាពិសេស​ក្នុង​ករណី​បើក​បង្ក​គ្រោះ​ថ្នាក់​ហើយ​គេច​ខ្លួន​មិន​ទទួល​ខុស​ត្រូវជា​បទ​ល្មើស​ផ្សេង​មួយ​ទៀត​។​


​លោក​ គឹម បញ្ញា ​នាយក​អង្គការ​បង្ការ​របួស​អា​ស៊ី​នៅ​ថ្ងៃទី​១ ​ខែមករា​ ឆ្នាំ​២០២៤​ ក៏បាន​ប្រាប់​ដែរ​ថា​ វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​ឱ្យ​តែ​មាន​កម្ម​វិធី​បុណ្យ​ទាន​ផ្សេងៗមាន​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​និង​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរ​ចរណ៍​នេះ ​កើន​ឡើង​គួរ​ឱ្យ​ព្រួយ​បារម្ភ​។​

​លោក​បាន​បន្ត​ថា បើ​អាជ្ញា​ធរ​នៅតែ​បន្ត​ផ្សព្វ​ផ្សាយ​ អប់រំ​ណែនាំ ​ដោយ​មិន​បាន​អនុវត្ត​ច្បាប់​ឱ្យបាន​តឹង​រ៉ឹង​ទេ​នឹង​បន្ត​ឱ្យ​មាន​អ្នក​ស្លាប់​ រង​របួស ពី​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​កាន់​តែ​ច្រើន​ឡើង​។​

​លោក​ គឹម​ បញ្ញា ក៏បាន​សំណូម​ពរ​ទៅ​នគរ​បាល​ចរាច​រណ៍​ទាំង​អស់​នៅ​ក្នុង​ឆ្នាំ​២០២៤ ​នេះ ​បង្កើន​ការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរា​ចរណ៍​ឱ្យ​បាន​តឹង​រ៉ឺងនិង​មាន​ប្រសិទ្ធ​ភាព​ព្រម​ទាំង​ស្មើ​ភាព ​និង​តម្លា​ភាព​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទាំង​នៅ​ក្នុង​ពេល​មាន​ពិធី​បុណ្យ​ទាន និង​ថ្ងៃ​ធម្មតា​។​

​លោក​បាន​ថ្លែង​ថា​៖«​បើ​មាន​តែ​ការ​ផ្សព្វ​ផ្សាយ ​អប់រំ ក្រើន​រំឭកប្រជា​ពល​រដ្ឋ​យើង​មួយ​ចំនួន​គាត់​មិន​ចាប់​អារម្មណ៍​ទេ​។​យើង​ត្រូវ​ផ្សារ​ភ្ជាប់​ជា​មួយ​ការ​អនុវត្ត​ច្បាប់​ដើម្បី​ឱ្យ​ចំនួន​គ្រោះថ្នាក់​វា​ធ្លាក់​ចុះបើ​នៅ​ភ្នំពេញ​ស្លាប់​៦​នាក់​ហើយ​ចុះ​ទម្រាំ​ខេត្ត​ផ្សេង​ទៀត​ដែល​ពល​រដ្ឋ​ទៅ​លេង​កម្សាន្ត​អាច​នឹង​មាន​ច្រើន​ថែម​ទៀត​»​។​

​ក្នុង​ទិវា​អន្តរជាតិ​រំឭក​ដល់​ជន​រង​គ្រោះ​ដោយ​គ្រោះ​ថ្នាក់​ចរាច​រណ៍​ផ្លូវគោ​ក​លើក​ទី​១៨​ដែល​បាន​រៀបចំ​ឡើង​នៅ​ទី​លាន​តេ​ជោ​ក្នុង​ក្រុង​ព្រះ​សីហនុ ខេត្ត​ព្រះសី​ហនុ កាលពី​ថ្ងៃទី​២៥​ ខែធ្នូ ឆ្នាំ​២០២៣ ​លោក ​ស សុខា ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃបាន​ថ្លែង​បញ្ជាក់​ថា នៅ​ឆ្នាំ​២០២៤​នេះ​ទៅគឺជា​វិធាន​ការ​ក្នុង​ការ​រឹត​បន្តឹង​លើ​ច្បាប់​ចរាច​រណ៍ព្រោះ​គ្រប់​គ្នា​យល់​ពី​ច្បាប់​ចរា​ចរណ៍ តែ​​អ្នក​ខ្លះ​ចេះ​តែ​ភ្លេច​ខ្លួន​។ 

​លោក​បានថា៖«​ហានិ​ភ័យ​ដែល​បង្ក​ឱ្យមាន​គ្រោះ​ថ្នាក់​ចរាច​រណ៍​គឺជា​មហ​ន្តរាយ​ធំ​ណាស់​សម្រាប់​ជាតិសម្រាប់​ខ្លួន​ឯង​​និង​សម្រាប់​ក្រុម​គ្រួសារ​»៕