បាត់​ដំបងៈ មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង បាន​ឱ្យដឹង​ថា ក្នុង​កម្មវិធី​«ពិព័រណ៍​ម្ហូប​អាហារ​ខ្មែរ​អ្នក​បាត់​ដំបង» ការ​ប្រណាំង​ទូក និង​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល រយៈ​ពេល៣​ថ្ងៃ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ​ជាង ៣៥​ម៉ឺន​នាក់ ​បាន​មក​លេង​កម្សាន្ត​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​។


បើ​យោង​តាម​របាយ​ការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់​ដំបង បាន​ឱ្យដឹ​ង​នៅ​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ២០២៤​ ថា កម្មវិធី​ពិព័រណ៍​ម្ហូប​អាហារ​ខ្មែរ​អ្នក​បាត់ដំបង ការ​ប្រណាំង​ទូក និង​ពិធី​បុណ្យ​ចូល​ឆ្នាំ​សកល​រយៈ​ពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៣ ខេត្ត​បាត់ដំបង​បាន​ទទួល​ភ្ញៀវ​ទេស​ចរ​ជា​តិ​សរុប​ចំនួន ៣៥២ ៧៩០​នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​សរុប​ចំនួន ៩១៨នាក់ ដែល​មក​ចូល​ទស្សនា​កម្សា​ន្ត។​

ឆ្នាំ​២០២៣នេះ​ចំនួនភ្ញៀវទេសចរជាតិមកកម្សាន្ត​​​​ធៀប​នឹង​ឆ្នាំ២០២​២ មាន​ការ​កើនឡើ​ង​ប្រមា​ណ ៦៧,៧៨​ភាគរយ​​ ចំណែក​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​ ក៏មានការកើនឡើង​​​ប្រមាណ ២០,១៦​ភាគរយ​ផង​ដែរ​។


របាយការណ៍ដដែល​បាន​​បញ្ជាក់​​ថា ទាំង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ សរុប​មាន​ចំនួន​ ៣៥៣ ៧០៨​នាក់ មាន​ការ​កើន​ឡើង ៦៧,៦០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២២ ដែល​មាន​ចំនួន ២១១ ០៣៨​នាក់​។

លោក សុខ លូ អភិបាល​ខេត្ត​បាត់ដំបង បានថ្លែ​ង​ក្នុង​ពិធី​បើក​ពិព័រណ៍​ម្ហូប​អាហារ​ខ្មែរ​កាល​ពី​ថ្ងៃទី​២៩ ខែ​ធ្នូ​​ថា ​​វិស័យម្ហូ​ប​អាហារ​​បាន​ចូល​រួម​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ​ជា​ច្រើន មក​ចូល​ទស្ស​នា​​ក្នុង​ខេត្ត​បាត់​ដំបង​ ខណៈ​ដែល​លោក​បាន​កត់​សម្គាល់​ថា វិស័យ​នេះ បាន​ធ្វើ​ឱ្យមា​ន​កំណើន​ទេសចរណ៍​កើន​ឡើង​វិញ​។


លោកបាន​បន្តថា ​ខេត្ត​បាត់ដំបង​ក៏​មាន​តំបន់​រមណីយ​ដ្ឋាន​​ទេសចរណ៍ដ៏​សម្បូរ​បែប ទាំង​បែប​ធម្មជាតិ ទាំង​បែប​ច្នៃ​ប្រ​ឌិត ក៏​ដូច​ជា​ទាំង​បែប​បុរាណ​ផង​ដែរ​។

លោកបាន​​បញ្ជាក់​ថា​៖ «​បង​ប្អូនដែល​​ធ្លាប់​មក​លេងបា​ត់​ដំបង​ម្ដង​ហើយ គឺ​គាត់​មាន​អារម្មណ៍​ចង់​មក​ម្ដង​ទៀត​ ដោយ​សារ​គាត់​ចង់​មក​ភ្លក់​ម្ហូប​នេះ ម្ហូប​នោះ​របស់​អ្នក​បាត់ដំបង​ ហើយ​យើងស​ង្កេត​ឃើញ​ថា វិស័យ​ម្ហូ​ប​អាហារ​ហ្នឹង គឺ​វា​ជា​សក្តានុពល​របស់​ខេត្ត​បាត់ដំបង​យើង​»​។

បើ​តាម​លោក សុខ លូ ​សព្វ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​កំពុង​ខិត​ខំ​ធ្វើ​យ៉ាង​ណា គឺ​កសាង​នូវ​សេដ្ឋកិច្ច​សម្រាប់​ប្រ​ជា​ពលរដ្ឋ​ទូ​ទាំង​ខេត្ត ដើម្បី​បង្កើន​នូវ​មុខ​របរ និង​ចូល​រួម​កាត់​បន្ថយ​ការ​​ចំណាក​ស្រុករបស់​ប្រជាពលរដ្ឋ​​ផ​ង​ដែ​រ​។ 

សូម​បញ្ជាក់ថា​​ កម្ម​វិធី​ពិព័រណ៍​ម្ហូប​អាហារ​ខ្មែរ​មាន​ការ​ដាក់​ពិព័រណ៍ម្ហូប​អាហារ​ជិត ១០០​មុខ មាន​ទាំង​បង្អែ​ម នំ និង​មុខ​ម្ហូប​ប្រចាំ​ខេត្ត​ ហើយ​កម្មវិធី​នេះ​ ធ្វើ​ឡើង​ដើម្បី​អប​អរ​សាទរ​ដែល​ទីក្រុង​​បា​ត់ដំបង ជា​ក្រុង​ទី១ ដែល​បាន​ជាប់​ជា «​បណ្តាញ​ទីក្រុង​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ផ្នែក​ម្ហូប​អាហារ​របស់​អង្គការ​យូណេស្កូ​» ក្នុង​ចំណោម​ទីក្រុង​ចំនួន ៥៥ ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​បន្ថែម​ក្នុង​បណ្ដាញ​ទីក្រុង​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​របស់​អង្គការ​យូណេស្កូ (UCCN)​ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣៕