ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដាក់ឱ្យអនុវត្តស្ដង់ដាសាលាមត្តេយ្យសិក្សាគំរូ បឋមសិក្សាគំរូ និងមធ្យមសិក្សាគំរូ ក្នុងគោលដៅអភិវឌ្ឍ និងពង្រឹងគុណភាពគ្រឹះស្ថានសិក្សារបស់រដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា។
ក្រសួងអប់រំបានចេញសេចក្ដីប្រកាសចុះថ្ងៃទី ២៨ ខែធ្នូឆ្នាំ ២០២៣ ថា សម្រាប់មត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា ត្រូវអនុវត្ត «ស្ដង់ដាសាលារៀនគំរូ» ដោយផ្ដោតទៅលើស្ដង់ដាចំនួន ៥ ចំណុចរួមមាន៖ លទ្ធផលសិក្សារបស់សិស្ស, ការបង្រៀននិងរៀន, ការចូលរួមរបស់សហគមន៍, ដំណើរប្រតិបត្តិការនិងរដ្ឋបាលសាលារៀន និងចុងក្រោយ ផ្តោតលើគណនេយ្យភាពរបស់សាលារៀន។
ក្រសួងបានបញ្ជាក់ថា៖ «ការដាក់ឱ្យអនុវត្តស្ដង់ដាសាលារៀនគំរូពីមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារបស់រដ្ឋ ក៏ដូចជាអភិវឌ្ឍសាលាទាំងនោះនៅទូទាំងប្រទេសកម្ពុជាផងដែរ»។
តាមរយៈហ្វេសប៊ុកក្រសួងអប់រំលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្តល់ជាអនុសាសន៍ដោយបានចេញនូវវិធានការគន្លឹះចំនួន ៤ នៅក្នុងការអនុវត្តសាលារៀនគំរូ ដើម្បីជាគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។
វិធានការទាំងនោះរួមមាន៖ ការពង្រឹងអភិបាលកិច្ចសាលារៀន, ការពិនិត្យ កែសម្រួលនិងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹងរបស់សិស្ស។
លោកបន្តទៀតថា៖ «គោលដៅទី៣ គឺការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន ហើយនិងទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតាអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ»។
លោករដ្ឋមន្ត្រីក៏បានបន្ថែមទៀតថា ក្រសួងអប់រំ ក៏បានកំណត់អាទិភាពចំនួន ៤ បន្ថែមទៀត គឺការអប់រំឌីជីថល, ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា,ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព និងការអភិវឌ្ឍការអប់រំកាយនិងកីឡា។
លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជាថ្លែងនៅថ្ងៃទី ៣១ ខែធ្នូថា វាជាចំណុចវិជ្ជមានមួយដ៏ល្អ ដែលក្រសួងអប់រំបានរៀបចំដាក់ឱ្យអនុវត្តស្ដង់ដាសាលារៀនគំរូពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សា ដោយសារកន្លងមកប្រព័ន្ធអប់រំនៅកម្ពុជាមិនទាន់មានស្ដង់ដាជាក់លាក់បែបនេះឡើយ។
លោកបន្តថា ការដាក់អនុវត្តស្ដង់ដាគំរូនេះដែរ ក៏ដើម្បីធានាឱ្យការអប់រំពីកម្រិតមត្តេយ្យទៅដល់មធ្យមសិក្សា ទទួលបានលទ្ធផលល្អ ក្រោមការអនុវត្តដោយថ្នាក់ក្រោមជាតិ។
លោកបានបញ្ជាក់ថា៖ «ការកំណត់ឱ្យមានស្ដង់ដាហ្នឹង គឺជារឿងដែលល្អហើយគ្រាន់តែថ្នាក់ជាតិបានណែនាំស្ដង់ដាទាំងនោះទៅដល់ថ្នាក់ក្រោមជាតិ សម្រាប់អនុវត្ត យើងគិតថា គុណភាពការអប់រំពីថ្នាក់ក្រោមជាតិគឺវាល្អតាំងពីមត្តេយ្យរហូតដល់វិទ្យាល័យ»។
លោក គង់ សំនៀង ក៏បានលើកឡើងដែរថា ចំពោះគុណប្រយោជន៍ដែលសាលាមត្តេយ្យសិក្សាដល់មធ្យមសិក្សា អនុវត្តស្ដង់ដាសាលារៀនគំរូនេះ គឺទាំងគ្រូទាំងសហគមន៍ ទាំងសិស្សា-នុសិស្ស ក៏ដូចជាទាំងគណៈគ្រប់គ្រងសាលារៀន ត្រូវធ្វើទៅតាមការណែនាំរបស់ក្រសួងដាក់ជូន ដើម្បីឈានទៅធ្វើឱ្យមានគុណភាពអប់រំតាំងពីថ្នាក់ក្រោមជាតិនេះទៅ៕