​ភ្នំពេញៈ លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក (WHO)​​ បាន​ក្រើនរំឭក​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​ ១៩​ ឡើងវិញ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​ ១៩ និង​កាត់បន្ថយ​អត្រា​ស្លាប់​ដោយសារ​ជំងឺ​នេះ​។​


​លោកស្រី ឱ វណ្ណឌី​ន បាន​សរសេរ​លើ​តេ​ឡេ​ក្រាម​របស់​លោកស្រី​កាលពី​ថ្ងៃទី​ ៣០ ខែធ្នូ​ថា នាឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​ ២០២៤​ ខាងមុខនេះ សូម​ក្រើនរំឭក​ទៅ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន និង​យកចិត្ត​ទុក​ដាក់​ចំពោះ​ជំងឺ​កូ​វីដ​ ១៩​ បំប្លែង​ថ្មី ដែល​កំពុង​រាតត្បាត​នៅក្នុង​ពិភពលោក ក្នុង​តំបន់ និង​នៅក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ​។​

​លោកស្រី​ថា​៖ «​សូម​នាំគ្នា​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​ ១៩ ​ប្រចាំឆ្នាំ​ឱ្យបាន​ទៀងទាត់​ដោយ​រៀងរាល់​ពី ​៨​ ខែ​ទៅដល់​ ១២ ​ខែម្ដង ដើម្បី​ការពារ​ខ្លួន​អ្នក​និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក​»​។​


​យោងតាម​លោកស្រី ម៉ា​រី​យ៉ា វ៉ាន់​កែ​ខូ​វេ​ (Maria VanKerkhove)​ អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង​ដែលជា​អ្នកដឹកនាំ​ផ្នែក​បច្ចេក​​ទេស​សម្រាប់​ការឆ្លើយតប​នឹង​មេរោគ​កូ​វីដ​ ១៩ ​នៃ WHO កាលពីដើម​ខែធ្នូ​បាន​ពន្យល់​ពីសារ​ការចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ថា​ពិត​ជាមាន​សារៈសំខាន់​ណាស់ ដើម្បី​បង្ការ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​ ១៩ ខណៈដែល​ជំងឺ​រាតត្បាត​កូ​វីដ​ ១៩ កំពុង​បន្ត​វិ​វត្ត ក៏ដូចជា​មេរោគ​កំពុង​ផ្លាស់ប្តូរ និង​បំប្លែង​ខ្លួន​ជានិច្ច​។​

​លោកស្រី​បាន​ថ្លែងថា​៖ «​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​ជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង និង​ផ្តល់ឱ្យ​យើង​នូវ​ការការពារ​ជាថ្មី​ប្រឆាំងនឹង​មេរោគ ដើម្បី​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​ ១៩ ក៏ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ឈឺ​ធ្ងន់​​ធ្ង​រ ដោយ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ជាពិសេស​វា​ក៏​កាត់​បន្ថយ​ហានិភ័យ​នៃ​ផលវិបាក​រយៈពេល​វែង​នៃ​ជំងឺ​កូ​វីដ​ ១៩»​។​


​បើតាម​លោកស្រី ម៉ា​រី​យ៉ា វ៉ាន់​កែ​ខូ​វេ បាន​បញ្ជាក់ដែរថា ចំពោះ​ផល​រំខាន​ធ្ងន់ធ្ងរ​ពី​ការចាក់​វ៉ា​ក់​សាំង គឺ​កម្រ​ឃើញ​មាន​ផល​ប៉ះ​ពាល់​ដល់​សុខភាព​ណាស់ ប៉ុន្តែ​នៅពេល​ចាក់​ដូ​ស​ជំរុញ​ហើយ បែរ​ជាមាន​ប្រសិទ្ធភាព​ក្នុង​ការជួយ​ការពារ​និង​ថែទាំ​សុខភាព​ជាច្រើន​។​

​លោក សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាល​រង​ខេត្តបាត់ដំបង បានឱ្យដឹង​នៅ​ថ្ងៃទី​ ៣១ ខែធ្នូ​ថា អាជ្ញាធរខេត្ត​បានធ្វើការ​ផ្សព្វផ្សាយ​ទៅដល់​រដ្ឋបាល​ក្រុង​-​ស្រុក ជាពិសេស​រដ្ឋបាល​ក្រុង​-​ស្រុក​ ដែលជា​ប់​ព្រំដែន​រួមមាន ស្រុក​សំឡូត ស្រុក​កំរៀង ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន​ដោយ​តម្រូវឱ្យ​អាជ្ញាធរ​ចុះទៅ​ណែនាំ អប់រំ​ប្រជាពលរដ្ឋ​ពី​ការបង្ការ​ខ្លួន​ពី​ជំងឺ​កូ​វីដ​ ១៩ ពិសេស​មេរោគ​បំប្លែង​ថ្មី​ដែល​ក្រសួង​ទើបបាន​រកឃើញ​។ ក្រៅពីនេះ អាជ្ញាធរ​ក៏​ណែនាំ​ដល់​អ្នករៀបចំ​កម្មវិធី​ជួបជុំ​ធំៗ ត្រូវ​ពាក់​ម៉ាស់ និង​ត្រូវ​អនុវត្តតាម​វិធានការ​របស់​ក្រ​សួង​សុខាភិបាល​ផងដែរ​។​

​ចំពោះ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ​១៩ ​វិញ នៅ​ទូទាំង​ខេត្តបាត់ដំបង បាន​ដំណើរ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ដល់​ដូ​ស​ទី៦ ​ហើយ ក៏ប៉ុន្តែ​ដំណើរការ​ចាក់​ដូ​ស​ទី​៦ និង​ដូ​ស​ទី​៥ មិនសូវមាន​ប្រជាពលរដ្ឋ​មកចាក់​បង្ការ​ច្រើន​ដូច​ដូ​ស​ទី១ ​ដល់​ដូ​ស​ទី​៤​ នោះទេ ដោយហេតុ​ប្រជា​​ពលរដ្ឋ​គិតថា បញ្ហា​ជំងឺ​កូ​វីដ ​១៩​ បាន​សាបរលាប​ជា​បណ្ដើរៗ​ស្របពេល​រាជរដ្ឋាភិបាល ក៏បាន​បើក​ដំណើរ​ប្រទេស​ឡើងវិញ​ផងដែរ​។​

​លោក​ សឿ​ម ប៊ុន​រិ​ទ្ធិ​បញ្ជាក់ថា​៖ «​រាល់ថ្ងៃនេះ​យើង​នៅតែ​បន្ត​ជំរុញ​ពលរដ្ឋ​ឱ្យទៅ​ចាក់​វ៉ាក់សាំង ខណៈដែល​មានកម្ម​វិធី​បុណ្យជាតិ​ធំៗ យើង​តែងតែ​ផ្សារភ្ជាប់​ឱ្យ​ពលរដ្ឋ​យើង​ទៅ​ចាក់​វ៉ាក់សាំង​នៅតាម​ស្ដង់​សុខាភិបាល​ដែល​រៀបចំ​នៅក្នុង​ពិធីបុណ្យ​ទាំងនោះ​»​។​

​ចំណែក​លោក ណុប វុទ្ធី​ អភិ​បាល​រង​ខេត្តព្រះវិហារ​ក៏បាន​ឱ្យដឹង​ដែរ​ថា អាជ្ញាធរខេត្ត បាន​ណែនាំ​ឱ្យ​មន្ទីរ​សុខាភិបាល​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ នូវ​វិធានការ​បង្ការ​ការពារ​ខ្លួន​ពី​កូ​វីដ​ ១៩ បំប្លែង​ថ្មី និង​ការជំរុញ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ ដែល​នៅតាម​តំបន់​ព្រំដែន ត្រូវ​បន្ត​ការ​ចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់​ដូ​ស​។​

​លោក​បាន​ថ្លែងថា​៖ «​យើង​នឹង​បន្ត​ផ្សព្វផ្សាយ និង​ជំរុញ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​មិនទាន់បាន​ចាក់​គ្រប់​ដូ​ស​ឬ​ដល់​ថ្ងៃ​ចាក់​ត្រូវ​មកចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ដោយ​ត្រូវឱ្យ​គាត់​ព​ន្លឿ​ន និង​ជួយ​មក​ទទួល​វ៉ាក់សាំង​»​។​

​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្តព្រះវិហារ ទទួលបាន​វ៉ាក់សាំង​គ្រប់​ដូ​ស និង​គ្របដណ្ដប់​ទាំង​​អស់​ទោះបី​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​៥ និង​ទី​៦ មាន​ចំនួន​ពលរដ្ឋ​ចាក់​តិចតួច​ក្ដី ក៏​អាជ្ញាធរខេត្ត​នៅតែ​បន្តធ្វើ​ការផ្សព្វផ្សាយ និង​ក្រើនរំឭក​ពលរដ្ឋ​ឱ្យទៅ​ទទួល​វ៉ាក់សាំង​ទាំងនោះ​ផងដែរ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ​៣០ ខែធ្នូ ឆ្នាំ​ ២០២៣ ក្រសួងសុខាភិបាល បាន​រកឃើញ​វីរុស​កូ​វីដ​ ១៩ បំប្លែង​ថ្មី​ប្រភេទ Omicron JN.1 ចំនួន ១១​ ករណី ខណៈ​ក្រសួង​បញ្ជាក់ថា​ប្រភេទ​វីរុស​បំប្លែង​ថ្មី​នេះ​កំពុងមាន​វត្តមាន​ក្នុង​សហគមន៍ និង​អាចមាន​ករណី​ឆ្លង​ជា​បន្តបន្ទាប់​៕