ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានប្រកាស​ផ្សព្វផ្សាយ​ពី​ការ​​ផ្តល់​សុពលភាព និង​ការផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវការ ឆ្នាំ​ ២០២៣ បន្ទាប់ពី​បាន​ដោះស្រាយ​បណ្តឹង និង​បិទ​បញ្ចប់​ការចុះឈ្មោះ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​បញ្ជី​បោះឆ្នោត​ផ្លូវ​ការ ឆ្នាំ​ ២០២៣​។​


​លោក សោម សូ​រី​ដា សមាជិក គ​.​ជ​.​ប និង​ជា​ប្រធាន​ដឹកនាំ​កិច្ច​​ប្រជុំ បានលើកឡើង​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២៣​ ថា ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​តាម​ឃុំ សង្កាត់​រយៈ​ពេល​ ១៩ ​ថ្ងៃ គ​.​ជ​.​ប បាន​តែង​តាំង​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​តាម​ឃុំ សង្កាត់ ចំនួន ១ ៦៥២ ​ក្រុម រួមជាមួយ​គ្រូ ២ ​រូប ប្រចាំ​ក្រុង ស្រុក ខណ្ឌ​ផងដែរ​។ 

​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​ ២០២៣​ បាន​ចាប់​​ផ្តើមធ្វើ​នៅ​គ្រប់​ឃុំ​សង្កាត់​ទូទាំងប្រទេស​ពីថ្ងៃ​ទី ​១​ ដល់​ថ្ងៃទី ​១៩ ខែតុលា ឆ្នាំ​ ២០២៣​កន្លងទៅ​។ ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​បើក​ធ្វើការ​ជា​រៀងរាល់ថ្ងៃ ទាំង​ថ្ងៃ​​សៅរ៍ ទាំង​ថ្ងៃអាទិត្យ ពេលព្រឹក​ចាប់ពី​ម៉ោង ៧:០០ ដល់​ម៉ោង ១១:៣០​ នាទី​ថ្ងៃត្រង់ និង​ពេល​រសៀល​ចាប់ពី​ម៉ោង ១៤:០០ ដល់​ម៉ោង​ ១៧:៣០ ​នាទី​ល្ងាច​។​


​លោក​ សោម សូ​រី​ដា​ សង្កត់ធ្ងន់ថា៖ «​ក្នុង​រយៈពេល ១៩ ​ថ្ងៃ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​ ២០២៣ នៅតាម​ឃុំ សង្កាត់ ទទួលបាន​លទ្ធផល អ្នក​មកសុំ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី មាន​ចំនួន​ ២៣៣ ៧៧២ ​នាក់ ក្នុងនោះ ស្ត្រី​មាន​ចំនួន​ ១១១ ៧១៥​ នាក់ អ្នក​ដែល​ត្រូវបាន​លុបចេញ​ពី​បញ្ជី​បោះឆ្នោត​មាន​ចំនួន ១២០ ៨៨៣ ​នាក់ អ្នក​ដែល​បាន​ផ្ទេរ​ចូលក្នុង​ឃុំ សង្កាត់​ថ្មី មាន​ចំនួន ៤៧ ៩៥៨ ​នាក់ និង​អ្នក​មកសុំ​កែតម្រូវ​ឈ្មោះ ឬ​/​និង​ទិន្ន​​ន័យ​ក្នុង​បញ្ជី​បោះឆ្នោត​មាន​ចំនួន ១៨ ៦៦៨​ នាក់​»​។​

​ទាក់ទង​នឹង​ការរៀបចំ​បញ្ជី​បោះឆ្នោត​ដំបូង លោក សោម​ សូ​រី​ដា​ បាន​លើកឡើងថា គ​.​ជ​.​ប បានធ្វើការ​ផ្ទៀងផ្ទាត់ ជាប្រចាំ​នូវ​ទិន្នន័យ​អ្នក​ចុះឈ្មោះ​បោះ​ឆ្នោត​ដែល​ទទួលបាន​តាម​ថ្ងៃ​នីមួយៗ ជាមួយនឹង​ទិន្នន័យ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ដែល​ទទួលបាន​កន្លងមក​។ បន្ទាប់ពី​បញ្ឈប់​ការចុះឈ្មោះ​បោះឆ្នោត ការប្ដឹងតវ៉ា​ទៅនឹង​ការបដិសេធ​ការចុះឈ្មោះ​ត្រូវបាន​ដោះស្រាយ​រួចរាល់ ហើយ​ទិន្នន័យ​ត្រូវបាន​បញ្ជូន និង​ទទួល​រួចរាល់ ហើយ គ​.​ជ​.​ប ត្រូវធ្វើ​ការផ្ទៀងផ្ទាត់​ទិន្នន័យ​អ្នក​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នក​ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត បន្ទាប់មក គ​.​ជ​.​ប ធ្វើការ​ពិនិត្យ​សម្រេច​មុននឹង​បិទ​ផ្សាយ​ជា​សាធារណៈ​។​


​ចំពោះ​ការបិទ​ផ្សាយ​បញ្ជី​បោះ​ឆ្នោត​ដំបូង​ការដាក់​ការទទួល​ និង​ការដោះស្រាយ​ពាក្យបណ្ដឹង លោក ​សូ​រី​ដា ថ្លែងថា៖ «​បន្ទាប់ពី​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​បញ្ជី​ឈ្មោះ​បោះឆ្នោត​ក្នុង​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​រួច គ​.​ជ​.​ប បាន​បោះ​ពុម្ព និង​ចាត់​ឱ្យ​បិទ​ផ្សាយ​ជា​សា​ធា​រណៈ​នូវ​បញ្ជី​បោះឆ្នោត​ដំបូង រួម​នឹង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដែល​នឹងត្រូវ​លុបចេញ​ពី​បញ្ជី​បោះឆ្នោត​តាម​ឃុំ សង្កាត់​នីមួយៗ ហើយ​បញ្ជី​បោះឆ្នោត​ដំបូង​ត្រូវបាន​បង្ហោះ​នៅលើ​គេហទំព័រ​របស់ គ​.​ជ​.​ប​(voterlist.nec.gov.kh)»​។ 

​ក្នុងដំណាក់កាល​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដែល​នឹងត្រូវ​លុប​ចេញពី​បញ្ជី​បោះឆ្នោត នៅ​ថ្នាក់​ក្រុមប្រឹក្សាឃុំ សង្កាត់​
​ទូទាំងប្រទេស​បានទទួល​ពាក្យបណ្ដឹង​សរុប​ចំនួន​ ៩​ បណ្ដឹង ក្នុងនោះ​មាន​បណ្ដឹងតវ៉ា​ ១​ បណ្ដឹង​ និង​បណ្ដឹង​ជំទាស់​ ៨ ​បណ្ដឹង​។ បណ្ដឹង​ទាំង ​៩ ត្រូវបាន​ក្រុមប្រឹក្សាឃុំ សង្កាត់ សម្រេច​យល់ព្រម ដោយ​ក្នុងនោះ​មានការ​លុបឈ្មោះ​បន្ថែម ​៨​ នាក់ និង​រក្សាទុក​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​វិញ ​១​ នាក់​។ 

​បន្ទាប់ពី​បណ្ដឹងតវ៉ា និង​បណ្ដឹង​ជំទាស់​ត្រូវបាន​ដោះស្រាយ​រួចរាល់​ជា​ស្ថាពរ នៅ​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ​២០២៣ គ​.​ជ​.​ប​បានសម្រេច​ផ្ដល់​សុពល​​ភាពជា​ផ្លូវការ​លើ​បញ្ជី​បោះឆ្នោត ឆ្នាំ​ ២០២៣ ដែលមាន​ទិន្នន័យ​ដូចខាងក្រោម​៖ ប្រជាពលរដ្ឋ​អាយុ ១៨ ​ឆ្នាំ​ឡើង ចំនួន ១០ ៩៧៨ ២៥៨​ នាក់ ចំនួន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​ ២០២៣ មាន​ចំនួន ៩ ៨៧១ ៤៩៥ ​នាក់ ស្មើនឹង​ ៨៩,៩២%​ នៃ​ប្រជាពលរដ្ឋ​អាយុ ១៨​ ឆ្នាំ​ឡើង​៕​