សៀមរាបៈ លោក លឹម អូន អគ្គនាយកនៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានថ្លែងថា កម្មវិធីកម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប ដែលទើបតែដាក់ឱ្យដំណើរការថ្មីៗនេះ មានលក្ខណពិសេស និងប្រកបដោយលក្ខខណ្ឌអនុគ្រោះជាច្រើនដើម្បីជួយដល់អាជីវកម្ម និងសេវាកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅក្នុងខេត្តនេះ។
លោកបានលើកឡើងដូចនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «កម្មវិធីកម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប» កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។
លោក លឹម អូន បានបញ្ជាក់ថា លក្ខណពិសេស និងលក្ខខណ្ឌអនុគ្រោះជាច្រើនដែលកម្មវិធីកម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាបមាននោះ មានដូចជា រយៈពេលអនុគ្រោះបង់ប្រាក់ដើមរហូតដល់ ២៤ ខែ, មិនគិតថ្លៃសោហ៊ុយរៀបចំឥណទាន និងមិនមានពិន័យចំពោះការសងត្រឡប់មុនកាលកំណត់ ព្រមទាំងផ្តល់លក្ខខណ្ឌនៃការអនុម័តប្រាក់កម្ចីមានភាពទន់ភ្លន់ជាងឥណទានធម្មតា។
លោកបានថ្លែងថា៖ «ខ្ញុំមានសុទិដ្ឋិនិយមចំពោះកម្មវិធីកម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប ដែលនេះជាការរួមចំណែកក្នុងការស្ដារ និងជំរុញឡើងវិញនូវសកម្មភាពសង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យទេសចរណ៍ដែលផ្តើមចេញពីខេត្តសៀមរាបឱ្យត្រឡប់ទៅរកស្ថិរភាព និងមាគ៌ានៃកំណើនប្រកបដោយសក្ដានុពល ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយមានការចូលរួមសហការយ៉ាងជិតស្និទ្ធ និងការទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទាំងក្រសួង សមាគម និងម្ចាស់អាជីវកម្មដោយផ្ទាល់»។
លោក លឹម អូន បានបន្ថែមថា ទិសដៅយុទ្ធសាស្ត្ររាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ជាចម្បងលើការជំរុញវិស័យទេសចរណ៍ ឱ្យមានសក្តានុពលនិងមានសម្ទុះងើបឡើងវិញតាមរយៈការដាក់ចេញគោលនយោបាយសំខាន់ៗជាច្រើន។
ក្នុងនោះមានដូចជា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ ២០២១-២០៣៥ និងកម្មវិធីពិសេសទស្សនាសៀមរាបឆ្នាំ ២០២៤ ក៏ដូចជាកម្មវិធីកម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍សៀមរាបនិងសម្រេចបានសមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជាផ្នែកទេសចរណ៍លើវិស័យដឹកជញ្ជូនផ្លូវអាកាស។
លោកបានបញ្ជាក់ថា៖ «ទាំងនេះសុទ្ធតែជាគោលនយោបាយក្នុងគោលដៅជំរុញវិស័យទេសចរណ៍ដើម្បីធានាចីរភាពនៃការស្ដារនិងគាំទ្រវិស័យទេសចរណ៍។ ខ្ញុំសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ប្រតិបត្តិករទេសចរណ៍ទាំងអស់ នឹងចូលរួមអភិវឌ្ឍអាជីវកម្មរបស់ខ្លួនឱ្យមានលក្ខណៈប្រកួតប្រជែង មានភាពទាក់ទាញ ក៏ដូចជាលើកកម្ពស់គុណភាពនៃការបម្រើសេវាកម្ម ប្រកបដោយវិជ្ជាជីវៈ តម្លាភាព សុវត្ថិភាពនិងសន្តិសុខល្អ ដើម្បីផ្តល់បដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ»។
ចំពោះកម្មវិធីកម្ចីដោយផ្ទាល់នេះដែរ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាក៏បានឱ្យដឹងនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ ថា កម្មវិធីកម្ចីដោយផ្ទាល់គឺជាវេទិកាដ៏មានវិសេសវិសាលបំផុត ដែលប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាបបានទន្ទឹងរង់ចាំជាយូរ មកហើយ។
លោកស្រីបានថ្លែងថា កញ្ចប់ថវិកាបឋម ៥០ លានដុល្លារអាមេរិក ជាកញ្ចប់ថវិកាលើកទី២ ហើយដែលសបញ្ជាក់ពីការគិតគូរ និងកាយវិការនៃការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញវិស័យទេសចរណ៍ ជាពិសេសខេត្តសៀមរាប និងការចូលរួមពីក្រសួងទេសចរណ៍ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ដែលតែងតែស្វែងយល់ពីទុក្ខលំបាក និងបញ្ហាប្រឈមរបស់ប្រតិបត្តិករទេសចរណ៍។
លោកស្រីបានប្រាប់ថា៖ «ខ្ញុំមានការជឿជាក់យ៉ាងមុតមាំថា ប្រតិបត្តិករទេសចរណ៍សៀមរាបនឹងប្រើប្រាស់កម្ចីនេះប្រកបដោយការទទួលខុសត្រូវ និងភាពច្នៃប្រឌិតក្នុងការធ្វើប្រតិបត្តិការអាជីវកម្ម,ការកែលម្អ និងធ្វើទំនើបកម្ម ដូចជាធ្វើពិពិធកម្មនៃសេវាទេសចរណ៍របស់ខ្លួនសំដៅទាក់ទាញ និងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិបានកាន់តែប្រសើរឡើង ១ កម្រិតទៀត»។
បើតាមធនាគារ SME តាមរយៈកម្មវិធីកម្ចីនេះ សហគ្រាសក្នុងវិស័យគោលដៅដែលស្ថិតនៅខេត្តសៀមរាបបម្រើសេវាកម្មដោយផ្ទាល់ជូនដល់ទេសចរជាតិនិងអន្តរជាតិដូចជា សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន ភោជនីយដ្ឋាន អាជីវកម្មផលិត និង/ឬលក់វត្ថុអនុស្សាវរីយ៍ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍សេវាកម្មដឹកជញ្ជូនទេសចរណ៍ អាជីវកម្មអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងសេវាកម្មដទៃទៀតដែលគាំទ្រឧស្សាហកម្មទេសចរណ៍ អាចស្នើសុំហិរញ្ញប្បទានរហូតដល់ ៦០ ម៉ឺនដុល្លារអាមេរិកជាមួយនឹងអត្រាការប្រាក់ប្រចាំឆ្នាំ ត្រឹមតែ ៦,៥០ ភាគរយ។
សូមជម្រាបថា ក្នុងរយៈពេលជាង ៣ ឆ្នាំមកនេះធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាបាននិងកំពុងផ្តល់ហិរញ្ញប្បទានប្រកបដោយលក្ខខណ្ឌអនុគ្រោះដល់សហគ្រាសធុនតូច និងមធ្យមចំនួន ៣ ២០០ សហគ្រាសដែលស្មើនឹងសមតុល្យឥណទានសរុបប្រមាណ ៤៩០ លានដុល្លារ៕