ភ្នំពេញៈ ​មន្ត្រី​នៃ​អង្គការ​អភិរក្ស​បានឱ្យដឹងថា សត្វ​ក្រៀល​តែងតែ​បង្ហាញ​វត្តមាន​នៅក្នុង​ខេត្ត​ចំនួន​ ៦​​​​ របស់​កម្ពុជា ខណៈ​វត្តមាន​រកឃើញ​ថ្មីៗ​មាន​ចំនួន​ ១៨០ ​ក្បាល ​ដែលជា​ចំនួន​សេសសល់​ច្រើនជាង​ប្រទេស​ឡាវ ​និង​វៀតណាម​ ដែល​សត្វ​ក្រៀល​មាននៅ​សេសសល់​តិចតួច​។​


​លោក ប៊ូ វរ​សក្ស នាយក​អង្គ​ការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​បានឱ្យដឹង​នៅ​ថ្ងៃទី ​១ ខែមករា ឆ្នាំ​ ២០២៤​ ថា សត្វ​ក្រៀល ជា​ពពួកសត្វ​ដែល​កំពុង​រងគ្រោះ និង​ឈានទៅរក​ការ​ផុត​ពូជ​នៅលើ​ភពផែនដី ស្រប​ពេលដែល​ក្រសួងបរិស្ថាន និង​អង្គការ​ជា​ដៃ​គូ​នានា​កំពុង ការពារ និង​អភិ​រក្ស​សត្វ​ប្រភេទ​នេះ​យ៉ាងខ្លាំង​​ក្លា​បំផុត​។​

​លោក​បាន​បន្តថា បច្ចុប្បន្ន​សត្វ​ក្រៀល​តែងតែ​បង្ហាញ​វត្តមាន​នៅក្នុង​ខេត្ត​ចំនួន ​៦ រួមមាន ខេត្តបន្ទាយមានជ័យ នៅក្នុង​តំបន់​អាង​ត្រពាំងថ្ម​,​ខេត្តតាកែវ​នៅក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​និង​ខេត្តកំពត​ក្នុង​តំបន់ការពារទេសភាព​អន្លង់​ព្រីង ខណៈដែល​ទីតាំង​ទាំង​ ៣​ នោះ​គឺជា​កន្លែង​ដែល​សត្វ​ក្រៀល​រក​ចំណី​ដើម្បី​បន្ត​ការរស់នៅ​ក្នុង​តំបន់ដីសើម​ចាប់ពី​ខែធ្នូ ដល់​ខែកុម្ភៈ​រៀងរាល់ឆ្នាំ​។​


​លោក​បាន​ឱ្យដឹងទៀតថា ក្រៅពីនេះ​វត្តមាន​សត្វ​ក្រៀល​តែង​​តែ​បង្ហាញខ្លួន​នៅ​ខេត្តរតនគិរី និង​មណ្ឌលគិរី ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​លំផាត់ និង​ខេត្តព្រះវិហារ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ខណៈដែល​ទីតាំង​ទាំងនោះ​គឺជា​កន្លែង​ដែល​សត្វ​ក្រៀល​ត្រូវ​ផ្លាស់​ទី​ដើម្បី​ពង​កូន​។​

​ចំពោះ​វត្តមាន​សត្វ​ក្រៀល​នៅ​ទីតាំង​ទាំងនោះ បើ​ប្រៀប​ធៀប​ជាមួយ​ប្រទេស​ឡាវ និង​វៀតណា​ម ​គឺ​កម្ពុជា​នៅមាន​ចំនួន​សត្វ​ក្រៀល​ដែល​នៅ​សេស​សល់​ច្រើនជាងគេ​។​


សត្វក្រៀលដែលប្រទះឃើញនៅកម្ពុជា។ រូប អង្គការជីវិតធម្មជាតិ

​លោក ​ប៊ូ វរ​សក្ស បាន​បញ្ជាក់ថា​៖ «​ចំនួន​ដែល​សេសសល់​ច្រើន​ហ្នឹង​គឺ​ដោយសារ​យើង​បាន​បង្កើត​ផែនការ​អភិរក្ស​រយៈពេល ​១០ ​ឆ្នាំ​សម្រាប់​សត្វ​ក្រៀល​ដើម្បី​ដោះ​​ស្រាយ​បញ្ហា​ទូទៅ​កម្រិត​ទីតាំង​និង​កម្រិត​ជាតិ ហើយ​យើង​សង្ឃឹមថា តាមរយៈ​ផែនការ​នេះ​នឹងធ្វើ​​ការដោះស្រាយ​បញ្ហា​គំរាម​កំហែង​ដល់​សត្វ​ក្រៀល​»​។​

​បើតាម​លោក ប៊ូ វរ​សក្ស តាម​លទ្ធផល​ជំរឿន​ចាប់ពី​ចុងឆ្នាំ​ ២០២២ ដល់​ឆ្នាំ​ ២០២៣ គឺ​រាប់បាន​សត្វ​ក្រៀល​ចំនួន ១៨០ ​ក្បាល បើ​ប្រៀបធៀប​ចាប់ពី​ចុង​ឆ្នាំ ​២០២១ ដល់​ឆ្នាំ​ ២០២២ គឺ​រាប់​សត្វ​ក្រៀល​បាន​ចំនួន ​១៥៦ ​ក្បាល​ប៉ុណ្ណោះ​។ ទោះបី​ចំនួន​ទាំងនេះ​មានការ​កើនឡើង​តិចក្ដី ប៉ុន្តែ​លទ្ធផល​ជំរឿន​ចុងឆ្នាំ​ ២០២២ ដល់​ឆ្នាំ ​២០២៣ វា​ជា​ព័ត៌មាន​ដែល​សប្បាយរីករាយ​សម្រាប់​ក្រុម​អ្នក​អភិរក្ស ខណៈ​ជំរឿន​សត្វ​ក្រៀល​ចុងឆ្នាំ​ ២០២៣ ដល់​ឆ្នាំ ​២០២៤ កំពុង​ចាប់ផ្ដើម​រាប់​ជា​បណ្ដើរៗ​ហើយ​។​

​លោក​បាន​ថ្លែងថា​៖ «​វត្តមាន​សត្វ​ក្រៀល​គឺមាន​សារៈសំខាន់​ជួយ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី និង​ជួយ​ទាក់ទាញ​ទេសចរ​មកពី​ប្រ​ទេស​នានា​ចូល​កម្ពុជា​ដើម្បី​ទស្ស​នា និង​ជា​ផ្នែក​មួយ​លើកស្ទួយ​កម្រិតជីវភាព​សម្រាប់​សហគមន៍​មូលដ្ឋាន​ផងដែរ​»​។​

​លោក ប៊ូ វរ​សក្ស បាន​បន្ថែមទៀតថា វា​ជាទី​មោទនភាព​ដែល​ប្រទេស​កម្ពុជា​នៅ​សេសសល់​វត្តមាន​សត្វ​ក្រៀល​ច្រើនជាង​ប្រទេសជិតខាង តែបើ​មិនមាន​ការអភិរក្ស​សត្វ​ក្រៀល​ទេ ចំនួន​សត្វ​នេះ​វា​នឹងមាន​ការថយចុះ ដូច្នេះហើយ​សូម​ចូលរួម​ក្នុង​កិច្ច​ការងារ​អភិរក្ស​សត្វ​នេះ​ទាំងអស់គ្នា ដោយ​គ្រាន់តែ​កុំ​ជាវ​ទំនិញ ឬ​ផលិតផល​ដែល​ផលិត​ចេញពី​សត្វព្រៃ​។​

សត្វក្រៀលដែលប្រទះឃើញនៅកម្ពុជា។ រូប អង្គការជីវិតធម្មជាតិ

​យោងតាម​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ ​(WCS)​ បានឱ្យដឹងថា សត្វ​ក្រៀល​មិនអាច​ទំ​នៅលើ​ដើមឈើ​បានទេ ពេលដែល​ពួកវា​ដេក​គឺ​ដេក​ដោយ​ឈរ​ស្ងៀម​ធ្មឹង​នៅ​ទីតាំង​ជិតៗ​កន្លែង​រក​ចំណី​របស់​វា​នៃ​តំបន់ដីសើម​។​

​អង្គការ​ WCS បាន​បន្តថា តាមរយៈ​រូបចម្លាក់​សត្វ​ក្រៀល លើ​ថ្ម​ជញ្ជាំង​ប្រាសាទ​នានា​ដូច​ជា​ប្រាសាទអង្គរវត្ត ប្រាសាទ​បាយ័ន និង​ប្រាសាទបន្ទាយឆ្មារ​គឺ​បានបង្ហាញ​យ៉ាងច្បាស់​ពី​វត្តមាន​សត្វ​ក្រៀល​នេះ​រស់នៅ និង​បន្ត​ពូជ​នៅលើ​ទឹកដី​ប្រទេស​កម្ពុជា​តាំងពី​យូរលង់់​មកហើយ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា​៖ «​សព្វថ្ងៃនេះ​ប្រទេស​កម្ពុជា​ គឺជា​ទីជម្រក​ចុងក្រោយ​ដ៏​សំខាន់បំផុត​សម្រាប់​សត្វ​ក្រៀល​។​យ៉ាងណាមិញ វត្តមាន​របស់​ពួកវា​ក៏​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​មកពី​ប្រទេស​នានា​ចូល​កម្ពុជា​ដើម្បី​ទស្សនា និង​ជា​ផ្នែក​មួយ​ក្នុង​ការជួយ​លើកស្ទួយ​កម្រិតជីវភាព​សម្រាប់​សហគមន៍​មូល​​ដ្ឋា​ន​ផងដែរ​»៕

សត្វក្រៀលដែលប្រទះឃើញនៅកម្ពុជា។ រូប អង្គការជីវិតធម្មជាតិ