​ភ្នំពេញៈ យោងតាម​របាយ​កា​​រណ៍​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​ធំៗ​ចំនួន​​ ៦ ដូចជា​ខេត្ត​ព្រះសីហនុ សៀមរាប បាត់ដំបង កំពត កែប និង​ខេត្តកំពង់ចាម បាន​បង្ហាញថា នៅក្នុង​យប់​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សកល ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២៣ ឈាន​ចូលដល់​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​ ២០២៤ មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចេញ​ដើរ​កម្សាន្ត និង​រាប់​ថយក្រោយ (Countdown) នៅតាម​តំបន់​រមណីយដ្ឋាន​សំខាន់ៗ​ក្នុង​បណ្តា​ខេត្ត​ទាំងនេះ​ជាង​ ១,៥​ លាន​នាក់​។​

​របាយការណ៍​ពី​មន្ទីរ​ទេសចរ​ណ៍​ទាំង​នោះបាន​បង្ហាញថា ខេត្តកំពត ទទួលបាន​ភ្ញៀវទេសចរ​ចំនួន ៣៨៦ ៤៨៨ ​នាក់​, ព្រះ​សីហនុ​មាន​ជាង​ ៣៤៩ ០០០ ​នាក់​,​សៀមរាប ៣០៤ ០៦៤ នាក់​,​បាត់ដំបង ២៦៣ ០០០​ នាក់​,​កំពង់ចាម ប្រមាណ​ ១២០ ០០០​ នាក់​និង​ខេត្ត​កែប ជាង​ ១០០ ០០០ ​នាក់​.


ប្រធាន​មន្ទីរ​ទេសចរណ៍​នៃ​ខេត្ត​ទាំង​នោះបាន​បញ្ជាក់ថា ចំនួន​ទាំងនេះ​បាន​បូក​បញ្ចូល​ទាំង​ភ្ញៀវទេសចរ​អន្តរជាតិ​ផងដែរ ខណៈដែល​ភ្ញៀវទេសចរ​អន្តរជាតិ មាន​ចន្លោះ​ពី​ ១០​ ទៅ​ ២០​ ភាគ​​រយ នៃ​ចំនួន​ភ្ញៀវ​សរុប​។ នៅក្នុង​ចំណោម​ខេត្ត​ទាំ ង​៦​ នេះ ខេត្តកំពត​ទទួលបាន​ភ្ញៀវទេសចរ​ច្រើនជាងគេ​។

លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត បាន​អះអាង​នៅ​ថ្ងៃទី​ ១ ខែមករា​ថា ខេត្តកំពត ទទួលបាន​ភ្ញៀវ​ទេសចរ ចំនួន ​៣៨៦ ៤៨៨​ នាក់ ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ​មាន​ប្រមាណ​ ១ ៥០០​ នាក់ និង​មិន​រាប់​ប​ញ្ជូ​ល​ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពត ដែល​បានចេញ​ដើរលេង​កម្សាន្ត​នៅក្នុង​ខេត្ត​នេះដែរ​ទេ ដែលមាន​កំណើន​ប្រមាណ​ ១០​ ភាគរយ បើ​ធៀប​នឹង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​​មុន​។​


​លោក​បញ្ជាក់​ដូច្នេះ​ថា​៖ «​កត្តា​ដែល​ធ្វើឱ្យ​ខេត្តកំពត ទទួលបាន​ភ្ញៀវទេសចរ​ច្រើន​នៅ​យប់​ឆ្លង​ឆ្នាំ​សកល នា​ឆ្នាំនេះ អាច​ដោយ​សារ​តែ​ខេត្ត​យើង​នៅ​ជិត​រាជ​ធានី​ភ្នំពេញ ហើយ​សម្បូរ​ដោយ​កន្លែង​ដើរលេង​កម្សាន្ត​ច្រើន​ផង​​ដែរ ខណៈ​អាជ្ញាធរខេត្ត​បានរៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​បាន​ស្អាត​ល្អ​នៅ​ឆ្នាំនេះ​។ នៅ​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ជាពិសេស​ពេល​រាប់​ថយក្រោយ អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ប្រមូលផ្តុំ​គ្នាច្រើន​នៅតាម​បណ្តោយ​ដងព្រែក​កំពត​»​។​

​ដោយឡែក​ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្តសៀមរាប​លោក ង៉ូ​វ​ សេង​កាក់ ក៏បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ក្នុងចំណោម​អ្នកទេសចរ​សរុប ប្រមាណ​ជាង ​៣០​ ម៉ឺន​នាក់ ដែល​បានមក​កម្សាន្ត​នៅ​ខេត្ត​សៀម​រាប នា​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី ឆ្នាំ​សកល​ ២០២៣ ចូលឆ្នាំ​ ២០២៤ មាន​អ្នកទេសចរ​ជាតិ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ចំនួន​ប្រមាណ​ ២៩៥ ០០០​ នាក់ និង​ភ្ញៀវទេសចរ​អន្ត​​រ​ជាតិ មាន​ចំនួន ៩ ០៦៤ ​នាក់​។​

ភ្ញៀវទេសចរ​ទៅលេង​កម្សាន្ត​នៅខេត្ត​ព្រះសីហនុ​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំសកល។ រូបថត ក្រសួង​ទេសចរណ៍

​លោក​បញ្ជាក់ថា​៖ «​នៅក្នុង​រាត្រី​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​រៀងរាល់ឆ្នាំ រដ្ឋ​​បាល​ខេត្ដ​សៀមរាប តែងតែបាន​បង្កើត​ព្រឹ​ត្ដិ​ការណ៍​កម្សាន្ត​ថ្មីៗ ដើម្បី​បង្ក​បរិយាកាស​រីករាយ​សម្រាប់​ប្រជាពលរដ្ឋ ក៏ដូចជា​អ្នក​ទេសចរ​ជាតិ​-​អន្តរជាតិ ដែល​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​»​។​

​បើតាម​របាយការណ៍ ភ្ញៀវ​ទេសចរ​ដែល​ចេញ​ដើរលេង​កម្សាន្ត​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​នា​ខេត្តសៀមរាប​ឆ្នាំនេះ ថយចុះ​ប្រមាណ​ ៣ ​ម៉ឺននាក់​ ដោយ​កាល​ពី​ឆ្នាំមុន​មាន​ភ្ញៀវទេសចរ​ចំនួន​ជាង​ ៣៣​ ម៉ឺន​នាក់ បាន​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​នៅក្នុង​ខេត្ត​ទេសចរណ៍​តំបន់​ប្រាសាទ​មួយ​នេះ​។ យ៉ាងណាក៏ដោយ លោក​ប្រធាន​មន្ទីរ​មិនទាន់​អាច​បញ្ជាក់​ពី​មូលហេតុ ដែលនាំឱ្យ​ថយចុះ​នេះ​បាន​នៅឡើយ​ទេ​។​

​ចំណែក លោក អ៊ុច អ៊ុ​ភី​នីស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​​បាត់ដំបង ក៏បាន​អះអាង​ដែរ​ថា ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​ ២០២៣​ ចូលឆ្នាំ ​២០២៤ ​នេះ​ខេត្តបាត់ដំបង​​ទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ ២៦៣ ០០០​ នាក់ ខណៈដែល​ឆ្នាំមុន ទទួលបាន​ត្រឹម ១៥៨១១០​ នាក់​តែប៉ុណ្ណោះ​។

ការកើនឡើង​នេះ ដោយសារតែ​ខេត្ត​បានរៀបចំ​ព្រឹត្តិការណ៍​តាំងពិព័រណ៍​បង្អែម និង​ម្ហូបអាហារ​អម រួមទាំង​ការប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ «​ទូក​​នាគ ទូក​កា​នូ ទូក​កា​យ៉ាក់ និង​ទូក​​រ៉ូ​អ៊ី​ង​» ជ្រើសរើស​ជើងឯក​ថ្នាក់​​ជាតិ ពានរង្វាន់​​ «​សម្តេច​ក្រឡា​ហោម​» លើក​ទី ១០ ឆ្នាំ​ ២០២៣ ​ផងដែរ​។ 

​លោក​ថា​៖ «​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​នៅ​ខេត្ត​បាត់ដំបង​ហើយ​មាន​កំណើន​ជា​បន្តបន្ទាប់​នេះ​ដោយសារ​តែមាន​ការយក​ចិត្ត​ទុកដាក់​ពី​អាជ្ញាធរខេត្ត និង​អង្គភាព​ពាក់ព័ន្ធ ក្នុងការ​រៀបចំ​នូវ​ទីតាំង​កម្សាន្ត​ជាច្រើន​ទីតាំង រួមទាំង​ការរៀបចំ​ព្រឹត្តិការ​​ណ៍​តាំងពិព័រណ៍​ផ្សេងៗ​គួបផ្សំ​នឹង​ខេត្តបាត់ដំបង ជា​ខេត្ត​ល្បី​ល្បាញ​តាំងពី​សម័យ​ដើម​ផង​បាន​ជំរុញ​ឱ្យ​ភ្ញៀវទេសចរ​ចាប់អារម្មណ៍​ទៅ​កម្សាន្ត​នៅ​ខេត្ត​នេះ​»​។​

​សូម​រំឭកថា នាឱកាស​ឆ្លង​ឆ្នាំ​សកល​ឆ្នាំមុន (​ឆ្នាំ ​២០២២ ឆ្លង​ចូលឆ្នាំ​ ២០២៣) នៅ​ទូទាំងប្រទេស​ទទួលបាន​ភ្ញៀវ​សរុប​ប្រមាណ ២ ០២២ ៩២០​ នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​ចំនួន ២ ០០៦ ១១៧ ​នាក់ និង​ភ្ញៀវ​បរទេស ​១៦ ៨០៣ ​នាក់​៕