​ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​នវានុវត្តន៍ លោក​ ហែម វណ្ណឌី ​នា​ថ្ងៃ​អង្គារ ​ទី ​៩ ខែមករា បាន​ដឹកនាំ​ថ្នាក់ដឹកនាំ​ក្រសួង​ទៅកាន់​វិមាន​រដ្ឋសភា ដើម្បី​រាយការណ៍​ជូនគណៈកម្មការ​ទី​៩ នៃ​រដ្ឋសភា ដែល​ដឹកនាំ​ដោយ​លោកស្រី​និ​ន សា​ផុន​។


នៅក្នុង​ការរាយការណ៍​ជូន​នោះ លោក​រដ្ឋមន្ត្រី​បានផ្តល់​នូវ​ទិដ្ឋភាព​ទូទៅ​នៃ​អាណត្តិ​កិច្ច​របស់​ក្រសួង អភិក្រម នៃ​ការអនុវត្ត​បេសកកម្ម​របៀបវារៈ​ជា​អាទិភាព ព្រមទាំង​ស្ថានភាព​រួម​បញ្ហា​ប្រឈម និង​កាលានុវត្តភាព​នៅក្នុង​វិស័យ​នានា ក្រោម​អាណត្តិ​កិច្ច​របស់​ក្រសួង​។ នេះ​បើ​យោងតាម​ក្រសួង​ឧស្សាហកម្ម​នៅ​ថ្ងៃទី​១០​ខែមករា​។

អាណត្តិ​កិច្ច​ចំនួន​១០ ដែល​ត្រូវបាន​រាយការណ៍​ជូន​គណៈកម្មការ​ទី​៩ រួមមាន វិ​ស៏​យ​ឧស្សាហកម្ម​, វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម និង​សិប្បកម្ម​, ការងារ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព​(​តាមរយៈ​សហគ្រិន​ខ្មែរ​), ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​, វិស័យ​ទឹកស្អាត​, ការងារ​វិទ្យាស្ថាន​ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​, ការងារ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​, ការងារ​វាយតម្លៃ​ទទួលស្គាល់​, ការងារ​មាត្រា​សាស្ត្រ​, ការងារ​ស្តង់ដា​រូបនីយកម្ម បទ​ប្បញ្ញត្តិ​បច្ចេកទេស និង​ការវាយតម្លៃ​ភាព​អនុលោម​។


ក្រសួង​បាន​បញ្ជាក់ថា​៖«​ការរាយការណ៍​ផ្ទាល់​មុខ​ជូន​រដ្ឋសភា​នេះ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រសួង​ចំពោះ​អាណត្តិ​កិច្ច​ទាំងអស់​របស់ខ្លួន និង​ការយកចិត្តទុកដាក់​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​និង​ប្រើប្រាស់​កាលានុវត្តភាព​នៅ​ក្នុង​វិស័យ​ទាំងនេះ​។ នេះ​ក៏​ជា​វេទិកា​ដ៏​សំខាន់​មួយ​សម្រាប់​ការទំនាក់ទំនង​ប្រកបដោយ​តម្លាភាព​និង​កិច្ចសហការ​រវាង​ក្រសួង​និង​អង្គនីតិប្បញ្ញត្តិ​»​។

គណៈកម្មការ​ទី​៩ គឺជា​គណៈកម្មការ សាធារណការ ដឹកជញ្ជូន អាកាសចរណ៍​ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី​នគរូបនីយកម្ម និង សំណង់​៕​