ភ្នំពេញៈ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន កាលពី​ថ្ងៃទី​៨ ខែមករា បានធ្វើ​លិខិត​ផ្ញើ​ទៅកាន់​អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​ប្រភេទ ក្រុមហ៊ុន​ផលិត ចែកចាយ នាំចូល និង​ក្រុមហ៊ុន​ផ្តល់​សេវា​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ទាំងអស់​ត្រូវ​លុបបំបាត់​រាល់​ភាព​អសកម្ម​ដែល​អូសទាញ​ប្រជាពលរដ្ឋ​ឱ្យ​ឈ្លក់​វង្វេង​សេព​គ្រឿង​ស្រវឹង​ប្រកបដោយ​គ្រោះថ្នាក់​។​
​លិខិត​នោះបាន​ឱ្យដឹងថា​៖ «​ហាម​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ផ្តល់រ​ង្វាន់ ដោយ​ប្រើ​សកម្មភាព​ជំរុញ លើកទឹកចិត្ត ឬ​អូសទាញ​ប្រជាពលរដ្ឋ​ឱ្យ​ឈ្លក់​វង្វេង​សេព​គ្រឿង​ស្រវឹង ដើម្បី​ផ្សងសំណាង​យក​រង្វាន់ និង​ពាក្យស្លោក​ដែលមាន​ចរិត​លើកទឹកចិត្ត​ហួសហេតុ​ពេក​»​។​
​នៅក្នុង​លិខិត​នោះដែរ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​បញ្ជាក់ថា នឹង​បញ្ឈប់​ការផ្សាយពាណិជ្ជកម្ម ចំពោះ​ម្ចាស់​ផ្សព្វផ្សាយ​ណា​ដែល​ល្មើស​កិច្ចព្រមព្រៀង​ស្ដីពី​ក្រម​ប្រតិបត្តិ​សម្រាប់​ការផ្សាយពាណិជ្ជកម្ម រវាង​ក្រសួង​ព័ត៌មាន ជាមួយ​សម្ព័ន្ធ​ក្រុមហ៊ុន​ផលិត​ស្រា​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក (APIWSA) និង​កិច្ចសន្យា​ដែល​តម្កល់ទុក​នៅ​ក្រសួង​ព័ត៌មាន​៕