ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការជួយឧបត្ថម្ភ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​សាធារណរដ្ឋ​ឆែក​ដែល​បានសម្រេច​លុប​បំណុល​របស់​កម្ពុជា​ចោល ដោយ​បង្វែរ​បំណុល​ទៅជា​ជំនួយ​អភិវឌ្ឍន៍ និង​បាន​ផ្តល់ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​បន្ថែម​ជា​បន្តបន្ទាប់​។​


ការវាយតម្លៃ និង​ថ្លែងអំណរគុណ​នេះ​ធ្វើឡើង​នាឱកាស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឱ្យ​លោក​Martin Vávra​ឯកអគ្គរដ្ឋទូត​ឆែក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ កាលពី​ថ្ងៃ​១០ ខែមករា ឆ្នាំ​២០២៤​។​

យោងតាម​លទ្ធផល​ស្តីពី​ជំនួប​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​តាម​តេ​ឡេ​ក្រាម​លោក ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹងថា ភាគី​ទាំង​២ បាន​រំឭក​ឡើង​ពី​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ និង​វែងឆ្ងាយ​រាប់​ទសវត្សរ៍ រវាង​សាធារណរដ្ឋ​ឆែក និង​កម្ពុជា ជាពិសេស​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៨០ មក​។​


តាមរយៈ​ជំនួប​នេះ​លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សាធារណរដ្ឋ​ឆែក​ដែល​បាន​លុបចោល​បំណុល​របស់​កម្ពុជា  ដោយ​បង្វែរ​ទៅជា​ជំនួយ​អភិវឌ្ឍន៍  និង​បាន​ផ្តល់ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅ​កម្ពុជា ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​១៩៨០ មក ព្រម​ជាមួយនឹង​ការវាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ថ្មីៗ​រវាង​ប្រទេស​ទាំងពីរ នៅក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​, សន្តិសុខ​អ៊ីនធឺណិត និង​កសិកម្ម​។​

​អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​លោក យង់ ពៅ ក្នុងនាម​ពលរដ្ឋ​កម្ពុជា​សាទរ​ចំពោះ​សាធារណរដ្ឋ​ឆែក​ដែល​បាន​លុប​បំណុល​កម្ពុជា​ដែល​ជំពាក់​តាំងពី​សម័យ​សង្គ្រាមត្រជាក់ ហើយ​បាន​បង្វែរ​ទៅជា​ជំនួយ​លើ​វិស័យ​អភិវឌ្ឍន៍​នានា​។ 
​លោក​បន្តថា​ការ​បង្វែរ​បំណុល​ទៅជា​ជំនួយ​អភិវឌ្ឍន៍​នេះ​គឺ​បាន​ឆ្លើយតប​ទៅនឹង​ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន ជាពិសេស​ក្នុងស្ថានភាព​ពិភពលោក​កំពុងតែ​ត្រូវការ​អភិវឌ្ឍ​លើ​វិស័យ​បច្ចេកវិទ្យា សន្តិសុខ និង​កសិកម្ម​ជាដើម​។​


​លោក​បាន​ប្រាប់​ឱ្យដឹងថា​៖«​ការ​បង្វែរ​បំណុល​ទៅជា​ជំនួយ​បាន​ឆ្លើយតប​ចំ​បញ្ហា ចំ​ទិស​ដៅនិង​មាន​ប្រសិទ្ធភាព​ដែល​សាធារណរដ្ឋ​ឆែក​គឺជា​ដៃគូ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​គ្នា​តាំងពី​ទសវត្សរ៍ ១៩៨០​មក​»​។​

បើ​និយាយ​ពី​កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង​ទ្វេភាគី គឺជា​ទំនាក់ទំនង​ត​ពី​សម័យ​សង្គ្រាមត្រជាក់ ដែល​សាធារណរដ្ឋ​ឆែក គឺជា​មិត្ត​របស់​កម្ពុជា ដែល​ក្នុង​ខណៈនោះ​កម្ពុជា​ត្រូវបាន​គេ​រើសអើង​នយោបាយ និង​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច ប៉ុន្តែ​សាធារណរដ្ឋ​ឆែក​បាន​ជួយ​ទំនុកបម្រុង​កម្ពុជា​ក្នុងការ​ផ្តល់​ជា​កម្ចី​ទាំង​មនុស្សធម៌ និង​អភិវឌ្ឍន៍​។ 

​សាធារណរដ្ឋ​ឆែក​គឺជា​ដៃគូ​ជ្រោមជ្រែង​កម្ពុជា​ក្នុង​គ្រា​ដែល​លំបាក ហើយ​​បាន​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​រហូតមកដល់​សម័យកាល​រីកចម្រើន​នេះ​។ នេះ​ជាការ​ថ្លែង​បន្ថែម​របស់លោក យង់ ពៅ​។​

សូម​ជម្រាប​ផងដែរ​ថា រដ្ឋាភិបាល​ឆែក បាន​លុបចោល​ចំនួន​ប្រមាណ​៨០​ភាគរយ​នៃ​បំណុល​របស់​កម្ពុជា​ហើយ​ចំនួន​ដែល​នៅ​សេសសល់​ត្រូវបាន​រដ្ឋាភិបាល​ឆែក​ប្រែក្លាយជា​ជំនួយ​អភិវឌ្ឍន៍​លើ​វិស័យ​ផ្សេងៗ​នៅ​កម្ពុជា​វិញ​។​

ពាក់ព័ន្ធ​ជំនួយ​លើ​វិស័យ​កសិកម្ម​នេះដែរ  នៅក្នុង​ជំនួប​ទ្វេភាគី​រវាង​លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក Martin V’avra​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឆែក​ប្រចាំ​កម្ពុជា​កាលពី​ខែធ្នូ ឆ្នាំ​២០២៣ ភាគី​ទាំង​២​បាន​សាទរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​២ កន្លងមក​។ 

​នៅក្នុង​ជំនួប​នោះ​លោក ឌិ​ត ទីណា បានបង្ហាញ​នូវ​ជំហរ​និង​ស្មារតី​បន្ត​កិច្ចសហប្រតិបត្តិការ និង​វិនិយោគ​ជាមួយ​ឆែក ពាក់ព័ន្ធ​នឹង​ការកសាង​ធនធានមនុស្ស​ក្នុង​វិស័យ​កសិកម្ម ក៏ដូចជា​សក្តានុពល​ក្នុង​វិនិយោគ​ផ្សេងៗ​ទៀត​លើ​វិស័យ​ជលផល​ផងដែរ​៕