ភ្នំពេញៈមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានច្រានចោល និងបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយថាមានឱសថព្យាបាលមេរោគអេដស៍ឱ្យជាសះស្បើយ ហើយបានចាត់ទុកព័ត៌មាននោះថាមិនពិតព្រោះជំងឺអេដស៍មានតែឱសថលេបសម្រាប់ប្រឆាំងនឹងមេរោគ មិនមានឱសថព្យាបាលឱ្យជាឡើយ។
លោក ង៉ូវ បូរ៉ា អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានប្រាប់នៅថ្ងៃទី១០ ខែមករាថា ដោយសារការព្យាបាលជំងឺអេដស៍ គឺជាការព្យាបាលតាមលក្ខណៈវិទ្យាសាស្ត្រ ដូច្នេះការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់គណនីឈ្មោះ «ព្យាបាលរោគអេដស៍» នេះ វាមិនមែនជាការព្យាបាលតាមលក្ខណៈវិទ្យាសាស្ត្រនោះទេ។
លោកបានបន្តថា ឱសថដែលបានផ្សព្វផ្សាយនេះ វាមិនមែនជាឱសថដែលល្អក្នុងការព្យាបាលមេរោគអេដស៍ជានោះឡើយ ព្រោះមេរោគនេះមិនមានឱសថណាអាចព្យាបាលឱ្យជាសះស្បើយទេគឺមានតែឱសថប្រើប្រាស់សម្រាប់ប្រឆាំងនឹងមេរោគអេដស៍ប៉ុណ្ណោះ។
លោកបានថ្លែងថា សព្វថ្ងៃនេះ មជ្ឈមណ្ឌលលោកបានរកឃើញការផ្សព្វផ្សាយបែបនេះប្រហែលជា២ករណីប៉ុណ្ណោះដែលការរកឃើញទាំងនោះ ភាគីពាក់ព័ន្ធកំពុងពិភាក្សាគ្នាដើម្បីចាត់វិធានការយ៉ាងណាកុំឱ្យមានការផ្សព្វផ្សាយជាបន្តទៀត។
ជាមួយគ្នានេះ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏កំពុងខិតខំខ្លាំងណាស់ទៅលើការព្យាបាលដល់អ្នកផ្ទុកជំងឺអេដស៍ ដោយការអប់រំ និងផ្ដល់ថ្នាំបង្ការជូនអ្នកជំងឺលេបជារៀងរាល់ថ្ងៃ ខណៈដែលមានការផ្សព្វផ្សាយក្នុងបណ្ដាញសង្គមបែបនេះ វាធ្វើឱ្យអ្នកផ្ទុកជំងឺមិនចង់លេបថ្នាំបង្ការរាល់ថ្ងៃនេះ ក៏ដូចជាធ្វើឱ្យអ្នកជំងឺចង់ទៅទិញយកមកប្រើប្រាស់ជាដើម។
លោកង៉ូវ បូរ៉ា បានថ្លែងថា៖ «ដល់ពេលដែលគាត់ប្រកាសអ៊ីចឹង វាធ្វើឱ្យមានការភាន់ច្រឡំ ព្រោះអីការព្យាបាលអ្នកមានមេរោគអេដស៍ហ្នឹង គឺមិនអាចព្យាបាលជាទេ ប៉ុន្តែយើងព្យាបាលដោយឱ្យគាត់មានសុខភាពល្អ កុំឱ្យមេរោគហ្នឹងវាកើតឡើងវិញ។ ដូច្នេះគាត់ត្រូវលេបថ្នាំបង្ការនៅជាប់ខ្លួនរហូត ហើយបើកាលណាអស់ថ្នាំមេរោគហ្នឹងគឺវាឡើងមកវិញ»។
បើតាមលោក ង៉ូវ បូរ៉ា មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ បាននិងកំពុងពន្យល់ និងផ្សព្វផ្សាយទៅកាន់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺឱ្យយល់ពីសេវាព្យាបាល ការប្រើប្រាស់ថ្នាំបង្ការ ជាពិសេសគឺកុំឱ្យអ្នកជំងឺទៅទិញថ្នាំណាផ្សេងប្រើប្រាស់ ក្រៅពីមជ្ឈមណ្ឌលផ្ដល់ឱ្យ។
លោកបានប្រាប់ថា៖ «រាល់ថ្ងៃយើងព្យាបាលគាត់អត់អស់លុយទេ ដល់គាត់ទៅទិញថ្នាំដែលមិនមានប្រសិទ្ធភាពមកប្រើប្រាស់ វាធ្វើឱ្យគាត់ក្រហើយ មេរោគអេដស៍ក្នុងខ្លួនគាត់ក៏កាន់តែកើនឡើងវិញ»។
លោក ង៉ូវ បូរ៉ា បញ្ជាក់ថា ក្នុងឆ្នាំ២០២៣ កន្លងមក អ្នកផ្ទុកជំងឺអេដស៍ដែលឆ្លងថ្មីមានចំនួន ១ ៤០០នាក់ បើគិតសរុបមកទល់ពេលនេះ អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជាមានចំនួន ៧៦ ០០០នាក់ ក្នុងនោះមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានផ្តល់ថ្នាំដល់អ្នកជំងឺអេដស៍ចំនួន ៦៧ ០៨០នាក់។
ចំនួនអ្នកជំងឺជាង៦ម៉ឺននាក់នេះ កំពុងទទួលការព្យាបាលជារៀងរាល់ថ្ងៃ រាល់ខែ និងរាល់ឆ្នាំ តែដោយឡែក ក៏មានអ្នកផ្ទុកជំងឺអេដស៍ផ្សេងទៀត បានគេចវេះមិនទទួលការព្យាបាល និងមិនព្រមមកធ្វើតេស្តឈាមដើម្បីស្វែងរកជំងឺអេដស៍ទេ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ គេហទំព័រហ្វេសប៊ុកឈ្មោះថា «ព្យាបាលរោគអេដស៍» បានផ្សព្វផ្សាយថាខ្លួនពិតជាមានឱសថព្យាបាលជំងឺអេដស៍ឱ្យជាសះស្បើយពិតប្រាកដមែន ហើយប្រភេទឱសថនោះឈ្មោះថា «LIV»ដែលអ្នកជំងឺអេដស៍ទទួលទានធ្វើឱ្យបង្កើនអង់ទីករ និងសម្លាប់មេរោគក្នុងគ្រាប់ឈាមអស់ពីក្នុងខ្លួនយ៉ាងមានប្រសិទ្ធភាព៕