ភ្នំពេញៈ អង្គការ​យូ​នី​ដូ (UNIDO)​ បាន​ជួយ​បង្កើន​ផលិតភាព​និង​ភាព​ប្រកួតប្រជែង​របស់​សហគ្រាស​កែច្នៃ​ផល​ផលិតផល​ជលផល​ខ្នាតតូច និង​មធ្យម​នៅ​កម្ពុជា​ តាមរយៈ​ការពង្រឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​ស​ម្ងួ​ត​ដោយ​ថាមពលព្រះអាទិត្យ​ខណៈ​រដ្ឋបាល​ជលផល​អះ​អាង​ថា បច្ចេកវិទ្យា​ស​ម្ងួ​ត​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ការកែច្នៃ​។​

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​យូ​នី​ដូ (UNIDO) នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២៤​បានឱ្យដឹងថា​គម្រោង​អភិវឌ្ឍន៍​ជលផល​ក្រោយ​ប្រមូល​ផល (CAPFISH-Capture) បានរៀបចំ​ចងក្រង​និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​សៀវភៅ​មគ្គុទ្ទេសក៍​ណែនាំ​បែប​សាមញ្ញ​ជា​ជំហានៗ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ហា​លស​ម្ងួ​ត​ត្រី​និង​បង្គា​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ថាមពលព្រះអាទិត្យ​។​


សេចក្តីប្រកាស​បាន​បន្ត​ថា បច្ចេកវិទ្យា​ហា​លស​ម្ងួ​ត​ដោយ​ថាមពលព្រះអាទិត្យ​ឬ​ទូ​ស​ម្ងួ​ត​ពន្លឺព្រះអាទិត្យ​ (SDD) ​ផ្តល់​លទ្ធភាព​ដល់​សហគ្រាស​កែច្នៃ​ជលផល​ក្នុងការ​ហាល​ស​ម្ងួ​ត​ត្រី និង​បង្គា​បាន​កាន់តែ​ប្រសើរ នៅ​គ្រប់​លក្ខខណ្ឌ​អាកាសធាតុ​និង​បរិស្ថាន​ស្អាត​ល្អ​កាត់បន្ថយ​ការបាត់បង់​ក្រោយ​ប្រមូល​ផល និង​លើកកម្ពស់​គុណភាព​ផលិតផល​។​

ប្រភព​ដដែល​ថា ឈរលើ​ទិដ្ឋភាព​នេះ​គម្រោង​បាននិងកំពុង​ជំរុញ​យ៉ាងសកម្ម​ឱ្យ​សហគ្រាស​កែច្នៃ​ជលផល​នៅ​កម្ពុជា​ប្រើប្រាស់​បច្ចេកវិទ្យា​ហាល​ស​ម្ងួ​ត​ដោយ​ថាមពលព្រះអាទិត្យ​ឱ្យបាន​កាន់តែ​ទូលំទូលាយ ក្នុង​គោលដៅ​បង្វែរ​ពី​ការ​ហាល​ស​ម្ងួ​ត​បែប​នៅ​ទីវាល​ក្រោម​ពន្លឺព្រះអាទិត្យ​មកប្រើប្រាស់​បច្ចេកវិទ្យា​ស​ម្ងួ​ត​ថ្មី​នេះ​វិញ ដែល​គម្រោង​នេះ គាំទ្រ​ថវិកា​ដោយ សហភាព​អឺរ៉ុប ​(EU)​។​


លោក Sulaiman BERDIKEEV អ្នកសម្របសម្រួល​អភិ​វឌ្ឍន៍​វិស័យ​ឯកជន​អន្តរជាតិ​នៃ​គម្រោង CAPFISH-Capture បាន​លើកឡើងថា ចាប់តាំងពី​ឆ្នាំ​២០២២ មក CAPFISH-Capture តាមរយៈ​កម្មវិធី​គាំទ្រ​សហគ្រាស​ជលផល​ខ្នាតតូច និង​មធ្យម (VCIS) គម្រោង​ផ្តល់​ការគាំទ្រ​ដល់​សហគ្រាស​កែច្នៃ​ជលផល​ចំនួន ១០ ក្នុង​ខេត្ត​ក្រុង​ចំនួន ៦ ជាមួយនឹង​ទូ​ស​ម្ងួ​ត​ពន្លឺព្រះអាទិត្យ​ដើម្បី​ប្រើប្រាស់​ក្នុង​គោលដៅ​បង្កើន​ភាព​ប្រកួតប្រជែង​ជាមួយ​ផលិតផល​នាំចូល​តាមរយៈ​ការបង្កើន​ផលិតភាព​កែលម្អ​ការអនុវត្ត​អនាម័យ​ល្អ​ជួយ​ឱ្យ​ផលិតផល​ត្រីងៀត និង​បង្គា​ក្រៀម​មានគុណ​ភាព និង​សុវត្ថិ​ភាពល្អ​។​

លោក​បាន​បញ្ជាក់ថា​៖«​ចាប់តាំងពី​ពេលនោះ​មក សហគ្រាស​ទទួលបាន​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា​នេះ ដោយ​អនុញ្ញាតឱ្យ​ពួកគេ​ហាល​ត្រីងៀត និង​បង្គា​ក្រៀម ទោះបីជា​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់ ឬ​មាន​ពពក​ច្រើន​ក៏ដោយ ដែល​វា​បង្កើន​បរិមាណ​ដំណើរការ និង​កាត់បន្ថយ​ពេលវេលា​ស្ងួត​»​។​

លោក​ Sulaiman BERDIKEEV បាន​បន្តថា ៖ «​ម្យ៉ាងវិញទៀត ការ​ហាល​ត្រី​ដូចនេះ ស្ថិតក្នុង​បរិយាកាស​អនាម័យ​ជាង​មុន ដោយ​ធានា​ការការពារ​ផលិតផល​ពី​សត្វល្អិត​ផ្សេងៗ​។​កាត់បន្ថយ​ការខាតបង់​ស្បៀងអាហារ និង​សន្សំសំចៃ​ថ្លៃ​ពលកម្ម​និង​បង្កើន​សមត្ថភាព​ផលិត និង​លើកកម្ពស់​គុណភាព និង​សុវត្ថិភាព​នៃ​ផលិតផល ក្នុងការ​លើកកម្ពស់​កា​រ​ប្រកួតប្រជែង​ទីផ្សារ​របស់​សហគ្រាស​»​។​

លោក ឈួន ចំណាន ប្រធាន​នាយកដ្ឋាន​បច្ចេកវិទ្យា​កែច្នៃ និង​គុណភាព នៃ​រដ្ឋបាល​ជលផល បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១០ ខែមករា ដែរ​ថា បច្ចេកវិទ្យា​ទូ​ស​ម្ងួ​ត​ពន្លឺព្រះអាទិត្យ​(SDD) មាន​សារៈសំខាន់​ខ្លាំងណាស់ ដោយសារ​វា​អាចជួយ​សម្រួល​ដល់​សហ​គ្រាស​កែច្នៃ​ជលផល​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ជាច្រើន​ដូចជា​ការ​ហាល​ស្ងួត​ពេក​ឬ​ស្រពាប់​ពេក​ហានិភ័យ​នៃ​ការ​ចម្លងរោគ លក្ខខណ្ឌ​អាកាសធាតុ​មិន​អំណោយផល និង​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន​។​

លោក​បាន​ប្រាប់ទៀតថា ការប្រើប្រាស់​បច្ចេកវិទ្យា​នេះ ក៏​ជាការ​ចូលរួម​អនុវត្ត​នូវ​កម្មវិធី​បម្រែបម្រួល​អាកាសធាតុ ដែល​មានន័យថា ជាការ​ចូលរួម​កាត់បន្ថយ​នូវ​ការប្រើប្រាស់​ថាមពល​មិន​ស្អាត ដូចជា ហ្គាស អុស ធ្យូង ជាដើម ដែល​ធ្វើឱ្យប៉ះពាល់​ដល់​បរិស្ថាន​។​

លោក ឈួន ចំណាន បាន​បញ្ជាក់ថា​៖«​ឡស​ម្ងួ​ត​នេះ បាន​ចូលរួម​យ៉ាងសំខាន់​ក្នុង​ការជួយ​កាត់បន្ថយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។​ខ្ញុំ​មើលឃើញថា ផលិតផល​ជលផល​ដែល​កែច្នៃ​រួច និង​ទទួលបាន​ការបញ្ជាក់​ពី​គុណភាព​ដោយ​រដ្ឋបាល​ជលផល CQS ផលិតផល​ទាំងនោះ​មានគុណ​ភាពល្អ និង​មានការ​ប្រកួតប្រជែង​លើ​ទីផ្សារ​យ៉ាង​ល្អ ខណៈដែល​អ្នក​បរិភោគ​កាន់តែច្រើន មានការ​យល់ដឹង​ពី​ការ​ទទួលទាន​ផលិតផល​ដែលមាន​សញ្ញា​សម្គាល់ CQS​នេះ​»​។​

ក្នុង​គោលដៅ​ចែករំលែក និង​ផ្សព្វផ្សាយ​ចំណេះដឹង​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ហាល​ស​ម្ងួ​ត​ដោយ​ថាមពល ព្រះអាទិត្យ​អង្គការ UNIDO បាន​បញ្ជាក់ថា គម្រោង​បាន​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​រៀបចំ​ផលិត​សៀវភៅ​មគ្គុទ្ទេសក៍​ណែនាំ​បែប​សាមញ្ញ​ជា​ជំហានៗ​ក្នុងការ​ហាល​ស​ម្ងួ​ត​ត្រី​និង​បង្គា​ដោយ​ប្រើប្រាស់​ទូ​ស​ម្ងួ​ត​ពន្លឺព្រះអាទិត្យ​។​

សៀវភៅ​មគ្គុទ្ទេសក៍​នេះ​ត្រូវបាន​ផ្តល់ជូន និង​ចែករំលែក​ជាមួយ​សហគ្រាស​កែច្នៃ​ជលផល និង​តួអង្គ​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ​ជលផល​ក្រោយ​ប្រមូល​ផល​ដើម្បី​មានលទ្ធភាព​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ប្រកបដោយ​ប្រសិទ្ធភាព និង​ទទួលបាន​ផលិតផល​ដែលមាន​គុណភាព និង​ប្រកបដោយ​អនាម័យ​ខ្ពស់​។​

លោកស្រី សុខ ឃីម ម្ចាស់​សហគ្រាស​ផលិត​ត្រីងៀត ហេង​ហ៊​ត (​សុខ​ឃីម​) នៅ​ខេត្តសៀមរាប បាន​ប្រាប់ថា​៖ «​សៀវភៅ​មគ្គុទ្ទេសក៍​នេះ​ងាយ​យល់ និង​ងាយ​អនុវត្តតាម​។ ខ្ញុំ​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ហា​លស​ម្ងួ​ត ដោយ​ថាមពលព្រះអាទិត្យ​បាន​យ៉ាង​ងាយស្រួល និង​មាន​ប្រសិទ្ធភាព​ក្នុងការ​បង្កើន​គុណភាព​ផលិតផល​ត្រីងៀត ដែលជា​លទ្ធផល វា​បង្កើន​ទំនុកចិត្ត​របស់​អតិថិជន​និង​ការលក់​ផងដែរ​»​។​

​បើតាម UNIDO តាមរយៈ​កិច្ចសហការ និង​ភាពជា​ដៃគូ​ជាមួយ​គម្រោង SWITCH to Solar គម្រោង CAPFISH-Capture រួមជាមួយ​តួអង្គ​សំខាន់ៗ​ដូចជា​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (MAFF) មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត (PDAFFs) ខណ្ឌ​រដ្ឋបាល​ជលផល​នៅតាម​បណ្តា​ខេត្ត គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ (MFIs) ក្រុមហ៊ុន​ថាមពល​ពន្លឺព្រះអាទិត្យ​និង​សហគ្រាស​កែច្នៃ​ជលផល​។​

ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងនេះ​បាននិងកំពុង​ខិតខំ​ជំរុញ​គំនិត​ផ្តួចផ្តើម​នេះ​ធ្វើយ៉ាងណា​ឱ្យ​សហគ្រាស​កែច្នៃ​ផល​ផលិតផល​ជលផល​និង​ផលិតផល​កសិកម្ម​ផ្សេងៗ​ទៀត​នៅ​កម្ពុជា​ទទួលយក និង​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ក្រោមរូបភាព​នៃ​ការបណ្តាក់ទុន​រួមគ្នា និង​ផ្សារភ្ជាប់​ទំនាក់ទំនង​អាជីវកម្ម​ផងដែរ​៕