សៀមរាបៈកម្ម​វិធី​ប្រកួត​សរសេរ​តាម​អាន​អក្សរ​ខ្មែរ​ជា​សាធា​រណៈ​លើក​ទី​១ ក្រោម​ចំណង​ជើង​ថា «​សំណេរ​អង្គរ​» មាន​អ្នក​ចុះ​ឈ្មោះ​ចូល​រួម​ការប្រកួត​ជាង ៨០០​​ នាក់​ហើយ​ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ជា​ផ្លូវការ​នៅ​ចុង​ខែ​មករា​ ខាង​មុខ ​ខណៈ​ដែល​កម្ម​វិធី​នេះ ​រៀបចំ​ឡើង​ដើម្បី​លើក​ស្ទួយ​តម្លៃ​នៃ​ភាសា​ជាតិ​។​

​លោក ​លីម​ ប៊ុន​ហុក អគ្គ​លេខាធិ​ការរ​ងរ​ដ្ឋ​សភា បាន​ប្រាប់​នៅ​ថ្ងៃទី​៩ ​ខែមករា​ថា ក្រោយ​ពី​ការ​បិទ​បញ្ចប់​ការ​ចុះ​ឈ្មោះ​កាល​ពី​ថ្ងៃទី​៧ ​ខែមករា​ថ្មីៗ​នេះ​​ ចំនួន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​សរសេរ​តាម​អាន​អក្សរ​ខ្មែរ​ជា​លើក​ទី​១​សរុប​មាន​ចំនួន ​៨​១៥ ​នាក់ ​ដែល​កំពុង​តែ​ត្រៀម​ចូលរួម​ការ​ប្រកួត​ជា​ផ្លូវការ​នៅ​ចុងខែ​មករា​ខាង​មុខ​​។
 
​លោក​បាន​បន្ត​ថា មក​ទល់​ពេលនេះ ​ក្រុម​ការងារ​ត្រៀម​រៀបចំ​កម្មវិ​ធី​សំណេរ​អង្គរ​ គឺ​បាន​ត្រៀម​កិច្ច​ការ​មួយចំ​នួន​រួច​រាល់​ហើយ ​ប៉ុន្តែ​នៅ​មាន​ការងារ​មួយ​ចំនួន​ទៀត​ដែល​មិន​ទាន់​រួច​រាល់ ​ដោយ​សារ​កំពុង​ខ្វះខាត​ថវិកា ​សម្រាប់​ការ​បោះ​អាវ​ឱ្យ​បេក្ខជ​ន​ពាក់​បាន​គ្រប់ៗ​គ្នា​ក្នុង​ថ្ងៃ​ចូលរួម​ប្រកួត ​ក៏ដូច​ជា​ខ្វះខាត​ថវិកា​ឧបត្ថម្ភ​ដល់​គ្រូ​កំណែ​ផង​ដែរ​។

​លោក​បាន​បញ្ជាក់​ថា​៖ «​យើង​រំពឹង​ទុក​ពី​ព្រឹត្តិ​ការណ៍​ហ្នឹង​ដោយ​សង្ឃឹម​ថា ​កម្មវិធី​លើក​ទី​១​នេះ​ នឹង​បង្កើត​បាន​ជា​ចលនា​ជាតិ​មួយ​ឱ្យ​មហាជ​ន​យល់​ពី​សារៈ​សំខាន់​នៃ​ការសរសេរ​ភាសា​ខ្មែរ​ឱ្យ​បាន​ត្រឹម​ត្រូវ ​និង​លើក​ស្ទួយ​តម្លៃ​ភាសា​ជាតិ​យើង​»​។​

​លោក​ លីម ​ប៊ុន​ហុក បាន​បន្ត​ទៀតថា​ ទោះ​បី​កម្មវិធី​នេះ​បានរៀ​បចំ​ជា​លើក​ដំបូងមែន ប៉ុន្តែ​តាម​ការ​កត់​សម្គាល់​ឃើញ​មាន​ការ​ចា​ប់អារ​ម្មណ៍​ច្រើន​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​ដែល​បាន​មក​ចូល​រួម​ចុះ​ឈ្មោះ​ត្រៀម​​ប្រកួត​នេះ​។ ចំពោះ​ក​ម្មវិធី​សរ​សេរ​តាម​អាន​នេះ​ គណៈ​មេប្រ​យោគ ​នឹង​ជ្រើស​រើស​យក​ប្រធាន​បទ​ដែល​មាន​អត្ថ​ន័យ​ភ្ជាប់​ទៅនឹង​ជីវិត​រម​ណីយ​ដ្ឋាន​អង្គរ​។​


​លោក​បាន​បន្ត​ថា ចំពោះ​អ្នក​ចូល​រួម​ប្រកួត​​ ដែល​ទទួល​បាន​ជយ​លាភី​ក្ដី ឬ​អ្នក​មិន​ទទួលបា​ន​ជយ​លាភី​ក្ដី វា​មិន​សំខាន់​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​អ្នក​ចូល​រួម​ប្រកួត​ទាំងអ​ស់នឹ​ង​ទទួល​បាន​ចំណេះ​ដឹង​ទូទៅជុំ​វិញ​ប្រវត្តិ​នៃ​រមណីយ​ដ្ឋាន​អង្គរ ​ដែល​មាន​អាយុ​កាល​ជាង ​១ ពាន់​ឆ្នាំ​មក​ហើយ​ ក៏ដូច​ជា​បាន​យល់​ដឹង​បន្ថែម​ពី​គុណ​តម្លៃ​អក្សរ​សាស្ត្រ​ខ្មែរ និង​ការ​កែត​ម្រូវ​ផ្នែក​អក្ខរា​វិរុទ្ធ​ក្នុងការ​សរ​សេរ​អក្សរ​ខ្មែរ​ផង​ដែរ​។​

​ដោយ​ឡែក​លោក ​យង់ ពៅ អគ្គ​លេខាធិ​ការ​​នៃ​អគ្គ​លេខា​ធិការ​ដ្ឋាន​រាជ​បណ្ឌិ​ត្យសភាក​ម្ពុជា ​បាន​ថ្លែង​ថា ​វា​ជា​លើក​ដំបូង​​ដែល​កម្ពុជា​បាន​រៀ​បចំ​ក​ម្មវិធី​ប្រកួត​បែប​នេះ​ឡើង​ ដូច្នេះ​ប្រសិន​បើ​បាន​ធ្វើ​ហើយ ​គួរតែ​អនុវត្ត​ធ្វើ​វា​ឱ្យ​មាន​និរន្តរ​ភាព ​ជាពិសេ​ស​ត្រូវ​ពិនិត្យមើ​ល​ទៅលើ​កម្មវិធី​មធ្យម​សិក្សា​ថា ​មាន​បញ្ចូល​ការ​សរសេរ​តាម​អាន​អក្សរ​សាស្ដ្រ​ខ្មែរ ​អក្សរ​ផ្ចង់ ​ឬក៏​កម្មវិធី​ដែល​ធ្វើឱ្យ​ក្មេង​ និង​យុវ​ជន​ចូល​ចិត្ត​អាន ​ចូល​ចិត្ត​សរសេរ​អក្សរ​ខ្មែរ​ផង​ដែរ​។

​លោក​បាន​បញ្ជាក់​ថា​៖ «​អ្វី​ដែល​សំខាន់ គឺ​យើង​ត្រូវ​ឱ្យ​កម្មវិធី​នេះ​មាន​និរន្ត​រភាព ជា​ពិសេស​ត្រូវ​សង្កត់​ធ្ងន់​លើ​ប្រព័ន្ធ​អប់រំ​មធ្យម​សិក្សា​ដែរ​ ពី​ព្រោះ​នេះ​ជាការ​ដាស់​ស្មារ​តី​ឱ្យ​យុវជន​ខ្មែរ​យើង​មាន​ការ​ចង​ចាំ​ក្នុងការ​ប្រើ​ប្រាស់​អក្សរ​សាស្ដ្រ​ខ្មែរ​យល់​ពី​តម្លៃ​នៃ​ពាក្យ​ពិត​ទាំង​ឡាយ​ដែល​បាន​យក​ទៅ​ប្រើ​ប្រាស់​ហ្នឹង​»​។​


​លោកយ​ង់ ពៅ​ បាន​បន្ថែម​ថា ហេ​តុនេះហើ​យការរៀ​បចំ​កម្ម​វិធី​ប្រកួត​សរ​សេរ​តាម​អាន​អក្សរ​ខ្មែរ​នៅ​តំបន់​ប្រវត្តិ​សាស្ត្រ​បែប​នេះ គឺ​​វា​ពិតជា​ចូល​រួម​ចំណែ​ក​យ៉ាង​ធំធេង​ក្នុងការ​លើក​កម្ពស់​កម្រិត​អក្សរ​សាស្ត្រ​ខ្មែរ​ទៅ​កាន់​ប្រជា​ពល​រដ្ឋ​ទូទៅ ​ជាពិ​សេស​បណ្ដា​សិស្ស​និស្សិត​។​

​សូម​រំ​ឭក​ផងដែរ​ថា កម្មវិធី​ការ​ប្រកួត​សរសេរ​តាម​អាន​ជា​សាធា​រណៈ​លើក​ទី​១ ក្រោម​ចំណង​ជើង​ថា«​សំណេរ​អង្គរ​» នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ស្ពាន​ហាល​ខាង​លិច​នៃ​ប្រា​សាទ​អង្គ​រវត្ត​ចាប់​ពី​ថ្ងៃទី​២១ ​ខែមករា​ ឆ្នាំ​២០២៤ ​ក្នុង​គោល​បំណង​លើក​កម្ពស់​កម្រិត​អក្សរ​សាស្ត្រ​ខ្មែរ​របស់​ប្រជា​ពលរ​ដ្ឋ​ខ្មែរ​ទូទៅ ​ជាពិ​សេស​សិស្ស ​និស្សិ​ត ក្នុង​យុគ​សម័​យ​ឌីជី​ថល​នេះ​។​

​កម្មវិ​ធី​ប្រកួត​នេះដែ​រ​ ចំពោះ​​អ្នក​​ដែលទ​ទួល​បាន​ជយ​លាភី​ពី​លេខ​១ ដល់​​លេខ​៣ នឹង​ទទួល​បាន​ការ​ស្នាក់​នៅ​សណ្ឋា​គារ​ប្រណីត​ ថវិកា ​ក៏ដូច​ជា​រង្វាន់​លើក​ទឹក​ចិត្ត​ និង​វត្ថុ​អនុ​ស្សាវ​រីយ៍​ជា​ច្រើន​ទៀត​ផង​ដែរ​។​

​កម្មវិធី​នេះ​បាន​ទទួល​ការ​គាំទ្រ​ពី​ក្រសួង​អប់រំ​ យុវ​ជន ​និង​កីឡា​, ក្រសួង​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​, អាជ្ញាធរ​ជាតិ​អប្សរា​, អង្គ​ការ​ស៊ី​ប៉ា និង​សប្បុ​រសជ​ន​​ជាច្រើន​ ដែល​ស្រឡាញ់​វិស័យ​អក្ស​រ​សាស្ត្រ​ខ្មែរ​៕