កណ្តាលៈ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានលើកទឹកចិត្តដល់អ្នកជាប់ឃុំឃាំង សូមឱ្យខិតខំថែរក្សាសុខភាព និងគោរពវិន័យឱ្យបានល្អ ដើម្បីមានឱកាសទទួលបានការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ព្រមទាំងត្រូវប្រឹងប្រែងរៀនជំនាញវិជ្ជាជីវៈ ដើម្បីយកទៅប្រើប្រាស់ចិញ្ចឹមជីវិតក្រោយពីអនុវត្តទោស និងស្វែងយល់ពីទោសកំហុស ដើម្បីកែប្រែជីវិតមកជាប្រជាពលរដ្ឋល្អក្នុងគ្រួសារ និងសង្គមជាតិ។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងតាមរយៈតេឡេក្រាមរបស់លោកនៅថ្ងៃទី១០ ខែមករាថា លោក ស សុខា បានថ្លែងលើកទឹកចិត្តបែបនេះក្នុងគ្រាដែលលោកបានចុះពិនិត្យពន្ធនាគារខេត្តកណ្ដាល ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបន្តថា លោក ស សុខា ក៏បានពិនិត្យ និងសួរសុខទុក្ខមន្រ្តី ព្រមទាំងអ្នកជាប់ឃុំនៅអគារអ្នកទោសស្រ្តី អគារអ្នកទោសហាត់កីឡា អគារអ្នកទោសទូទៅ រោងធ្វើម្ហូបអាហារ អគារបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ បណ្ណាល័យ សួនបន្លែ កន្លែងពិនិត្យ និងព្យាបាលសុខភាព អគារអ្នកទោសឧក្រិដ្ឋកម្មសង្គ្រាម ដែលកំពុងឃុំខ្លួន គឺលោក ខៀវ សំផន។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូបានថ្លែងថា មិនថាតែជនជាប់ឃុំ ឬក៏ទណ្ឌិតនោះទេ សុទ្ធសឹងត្រូវការការលើកទឹកចិត្តពីគ្រប់ភាពីពាក់ព័ន្ធនានា ព្រោះពួកគាត់ក៏ជាមនុស្ស ដូចពលរដ្ឋដទៃដែរ គ្រាន់តែពួកគាត់បានបាត់បង់សិទ្ធិដោយសារតុលាការដកហូតប៉ុណ្ណោះ។
ការលើកទឹកចិត្តឱ្យពួកគាត់ទទួលបានការអប់រំចិត្ត ការកែប្រែនូវកិរិយាមារយាទ និងការកែប្រែអត្តចរិត គឺជារឿងល្អសម្រាប់ពួកគាត់ក្នុងការវិលត្រឡប់មកជួបជុំរួមរស់ជាមួយគ្រួសារវិញ។
លោក អំ សំអាត បានថ្លែងថា ៖ «អ៊ីចឹងការលើកទឹកចិត្តរបស់រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យមានការកែខ្លួននេះ គឺជារឿងល្អ ហើយការជាប់ឃុំស្ថិតនៅក្នុងលក្ខខណ្ឌការបន្ធូរបន្ថយ និងលើកលែងទោស លុះត្រាតែអនុវត្តបាននូវបទដ្ឋាន និងលក្ខខណ្ឌបច្ចេកទេសផ្សេងទៀត ជាពិសេសការកែប្រែ និងគោរពវិន័យពន្ធនាគារ ការកែប្រែមារយាទ និងការការកែប្រែចិត្ត និងកសាងខ្លួនឱ្យទៅជាមនុស្សល្អ គាត់នឹងទទួលបានលក្ខខណ្ឌក្នុងការបន្ធូរបន្ថយ និងលើកលែងទោស»។
សូមរំឭកដែរថា លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានចុះទៅពន្ធនាគារខេត្តកណ្តាល ដើម្បីពិនិត្យពីស្ថានភាពនៃការឃុំឃាំង ការអនុវត្ត សិទ្ធិមនុស្ស និងសួរសុខទុក្ខលោក ខៀវ សំផន ផងដែរ។
នៅពេលនោះ លោក កែវ រ៉េមី បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃពន្ធនាគារខេត្តកណ្តាល ដែលបានបំពេញ តួនាទីភារកិច្ចដោយការយកចិត្តទុកដាក់ខ្ពស់ ដែលបង្កឱ្យស្ថានភាពនៃការរស់នៅរបស់ជនជាប់ឃុំមានលក្ខណៈល្អប្រសើរ និងទទួលបាននូវសិទ្ធិតាមការកំណត់នៃច្បាប់ស្តីពីពន្ធនាគារ។
ទន្ទឹមនេះ លោកក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារឱ្យយកចិត្តទុកដាក់បន្ថែមទៀតលើការការពារសិទ្ធិរបស់ជនជាប់ឃុំទាំងនោះ ចៀសវាងការប្រើអំពើហិង្សានិងការធ្វើទារុណកម្ម ជាពិសេសត្រូវប្រកាន់ខ្ជាប់និងគោរពតាមបទដ្ឋានសិទ្ធិមនុស្សជាតិនិងអន្តរជាតិ៕