​ភ្នំពេញៈ ក្រសួង​ព័ត៌មាន បាន​ក្រើនរំឭក​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​លើ​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​​ស្រវឹង ខណៈ​ក្រសួងសុខាភិបាល ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​កុំ​ប្រើប្រាស់​គ្រឿង​ស្រវឹង ដែល​ធ្វើឱ្យមាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព សេដ្ឋកិច្ច និង​សង្គម​។​


​ការ​ក្រើនរំឭក​បែបនេះ​ធ្វើ  ​ឡើង​តាមរយៈ​សេចក្ដីប្រកាស​ដែល​បាន​ចុះហត្ថលេខា​ដោយ​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន កាលពី​ថ្ងៃទី​​ ៩ ខែមករា​ដោយ​លោក​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ក្រសួង​សង្កេតឃើញ​មានការ​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​តាមរយៈ​ស្ថានីយ​វិទ្យុ ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ​គ្រប់​ប្រភេទ​យ៉ាង​គគ្រឹកគគ្រេង​។​

​ក្នុងនោះ​ក៏មាន​ការផ្តល់​រង្វាន់​ផ្សងសំណាង​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​បានធ្វើ​បទសម្ភាសន៍​ជាមួយ​អ្នក​ត្រូវ​រង្វាន់​ដោយ​ប្រើ​សកម្មភាព​ជំរុញ​លើក​ទឹកចិត្ត និង​ប្រើ​រូបភាព​ដើម្បី​អូស​ទាញ​ឱ្យ​ប្រជាពលរដ្ឋ ជាពិសេស​ក្នុង​ស្រទាប់​យុវជន​ឈ្លក់​វង្វេង​សេព​គ្រឿង​ស្រវឹង​ប្រកបដោយ​គ្រោះថ្នាក់ ដើម្បី​ផ្សង​យក​រង្វាន់​ធ្វើឱ្យប៉ះពាល់​ដល់​អនាគត​យុវ​​ជនកម្ពុជា ដែលជា​ទំពាំង​ស្នង​ឫស្សី​។​


លោក ​នេត្រ ភក្ត្រា​ បាន​បន្តថា មួយវិញទៀត​វា​ក៏បង្ក​ផល​​ប៉ះពាល់​ដល់​សង្គម​មួយផ្នែក កើតចេញពី​ការទទួល​ទាន​គ្រឿង​​ស្រវឹង​ដោយ​ខ្វះ​ការ​ទទួលខុស​ត្រូវ ដូចជា គ្រោះថ្នាក់​ចរាចរណ៍ អំពើហិង្សា​ក្នុង​គ្រួសារ ក្នុងសង្គម និង​ប៉ះពាល់​សុខភាព​ជាដើម​។​

​លោក​ នេត្រ ភក្ត្រា​ បញ្ជាក់ថា​៖ «​ដើម្បី​បង្ការ ទប់ស្កាត់ និង​លុប​​បំបាត់​រាល់​ភាព​អសកម្ម​ទាំង​នេះ​ក្រសួង​ព័ត៌មាន​សូម​ធ្វើការ​ក្រើនរំឭក​ជាថ្មី​ម្តងទៀត​ដល់​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ម្ចាស់​ក្រុមហ៊ុន​ផលិត នាំចូល ចែកចាយ និង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​អនុវត្តតាម​គោលការណ៍​ក្រម​ប្រតិបត្តិ​»​។​


​គោលការណ៍​ក្រម​ប្រតិបត្តិ​ស្តី​ពី​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​របស់​ក្រសួង​ព័ត៌មាន គឺ​តម្រូវឱ្យ​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ត្រូវអនុវត្ត​ច្បាប់​ឱ្យបាន​ខ្ជាប់ខ្ជួន​,​ហាម​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​ផ្តល់រ​ង្វាន់​ដោយ​ប្រើ​សកម្មភាព​ជំរុញ​លើក​ទឹក​​ចិត្ត ឬ​អូសទាញ​ប្រជាពលរដ្ឋ​ឱ្យ​ឈ្លក់​វង្វេង​សេព​គ្រឿង​ស្រវឹង ដើម្បី​ផ្សងសំណាង​យក​រង្វាន់ និង​ពាក្យស្លោក​ដែលមាន​ចរិត​លើក​ទឹកចិត្ត​ហួសហេតុ​ពេក​។ 

​ក្រសួង​ព័ត៌មាន​បន្ថែមថា​៖ «​ហាម​យក​ស្ត្រី និង​អនីតិជន​ក្រោម​អាយុ​ ១៨ ​ឆ្នាំ​ ផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ​ ហើយ​រាល់​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​តាម​កញ្ចក់​ទូរទស្សន៍​គ្រប់​ប្រភេទ សារព័ត៌មាន តាម​ប្រព័ន្ធ​អន​ឡាញ​ប៉ាណូ​ផ្ទាំង​ផ្សាយ​ពាណិជ្ជ​កម្ម​នានា ត្រូវដាក់​សារ​ព្រមាន ​«​ពិសា​គ្រឿង​ស្រវឹង​សូមកុំ​បើកបរ​» ឬ​ «​ពិសា​ដោយ​ការទទួលខុសត្រូវ​»​។​

​ដោយឡែក​ក្រសួងសុខាភិបាល​ក៏បាន​ជូនដំណឹង​ផងដែរ ពី​ការ​​ប្រើប្រាស់​គ្រឿង​ស្រវឹង​ផ្តល់​ផល​​វិបាក​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព សេដ្ឋកិច្ច និង​សង្គម ជាពិសេស​សមាជិកគ្រួសា​រ មិត្តភក្តិ​រួមការ​​ងារ និង​អ្នកដទៃ​។ តាមរយៈ​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី ​១០ ខែមករា បានឱ្យដឹងថា គ្រឿង​ស្រវឹង​បង្កឱ្យមាន​ផលប៉ះពាល់​រយៈពេល​វែង​ដូចជា ជំងឺ​ក្រិន​ថ្លើម ខូច​ថ្លើម ជំងឺមហារីក ជំងឺ​បេះដូង និង​សរសៃ​ឈាម ជំងឺ​ដាច់​សរសៃឈាម​ខួរ​​ក្បាល ជំងឺ​ខ្សោយ​សាច់ដុំ និង​ឆ្អឹង ជំងឺផ្លូវចិត្ត ហើយ​និង​កើត​ជំងឺមិនឆ្លង​ផ្សេងៗ​ទៀតផង​ដែរ​។​

​ក្រសួងសុខាភិបាល​បញ្ជា​ក់ថា​៖ «​សូម​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់ ជាពិសេស​យុវវ័យ​ត្រូវ​ចៀសវាង​ពី​ការប្រើ​​ប្រាស់​គ្រឿង​ស្រវឹង​។ ចំពោះ​អ្នក​មិន​ធ្លាប់​ប្រើប្រាស់​គ្រឿង​ស្រវឹង សូមកុំ​សាកល្បង ដោយ​ឡែក​អ្នក​កំពុង​ប្រើប្រាស់​គ្រឿង​ស្រវឹង សូម​កាត់បន្ថយ​ឱ្យបាន​ជា​អតិបរមា ដើម្បី​សុខភាព​របស់​អ្នក និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក​»​។​

​ជាមួយគ្នានេះ ក្រសួង​សុខា​ភិ​បាល​ក៏បាន​អំពាវនាវ​ដល់​អា​ជ្ញា​ធរ​មូលដ្ឋាន គ្រួសារ​សាលា​​រៀន និង​សហគមន៍​ចូលរួម​បង្កើត​បរិយាកាស​កាត់បន្ថយ ការ​​ប្រើប្រាស់​គ្រឿង​ស្រវឹង​ដោយ​អប់រំ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ និង​លើកទឹកចិត្ត​គាំទ្រ​អ្នកប្រើប្រាស់​គ្រឿង​ស្រវឹង​ឱ្យ​លះបង់​ការប្រើប្រាស់​គ្រឿង​​ស្រវឹង​។

​លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព បាន​ថ្លែង​នៅ​ថ្ងៃទី ​១០ ខែមករា​ថា ការ​​ផ្សព្វផ្សាយ និង​ចែកចាយ​ផលិត​ផល​គ្រឿង​ស្រវឹង​បច្ចុប្បន្ននេះ ស្ថិតក្នុង​រូបភាព​មួយ​ដែល​អ​នា​ធិ​ប​តេ​យ្យ​ខ្លាំងណាស់ ទាំង​នៅក្នុង​កម្មវិធី​ជួបជុំ​នានា ក៏ដូចជា​ក្នុង​ពិធីបុណ្យ​ជាតិ​ផងដែរ​។ ក្នុង​រូបភាព​អនាធិបតេយ្យ​នេះហើយ បានធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើរ​គ្រប់​ស្រទាប់ បាន​សេព​គ្រឿង​​ស្រវឹង​ច្រើន ខណៈដែល​ឥឡូវនេះ ផលិតផល​ស្រា​បៀរ​ថ្មីៗ ក៏​កំពុង​កើន​ឡើងជា​បន្តបន្ទាប់​ផងដែរ​។​

​លោក​ថ្លែងថា​៖ «​យើង​សង្ឃឹមថា នាយករដ្ឋមន្ត្រី​ថ្មី លោក​នឹងមាន​ស្មារតី​ប្ដេជ្ញា កាត់បន្ថយ​ហា​និ​ភ័យ​នៃ​គ្រឿង​ស្រវឹង​កុំឱ្យ​ខូចអនាគត​ដល់​យុវជន​ខ្មែរ​ជំនាន់​​ក្រោយ ដោយ​ការបន្ថែម​ពន្ធ​លើ​ផលិតផល​គ្រឿង​ស្រវឹង និង​ការ​​ព​ន្លឿ​ន​អនុម័ត​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង ដែល​ជាប់គាំង​ជិត ១០ ​ឆ្នាំ​មកហើយ​»​។

លោក​ យង់​ គិ​ម​អេង ថ្លែង​ទៀតថា ចំពោះការប្រកាស​របស់​ក្រសួង​ព័ត៌មាន និង​ក្រសួងសុខាភិបាល គឺ​វា​រួម​​ចំណែក​ជា​ស្មារតី​មួយ​ក្នុងការ​ការពារ​សុខភាព​រប​ស់​ពលរដ្ឋ ក៏ដូចជា​ចង់​រួមចំណែក​កុំឱ្យ​មានការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អូស​ទាញ​ប្រជាពលរដ្ឋ​ឱ្យ​ឈ្លក់​វង្វេង សេព​គ្រឿង​ស្រវឹង ដើម្បី​ផ្សង​សំណាង​យក​រង្វាន់​ជាដើម​។​

​សូមបញ្ជាក់ថា យោងតាម​របាយការណ៍​ស្តីពី​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា​ឆ្នាំ​ ២០២១-២០២២ ដែល​ចេញផ្សាយ​កាលពីដើម​ខែមេសា ឆ្នាំ ​២០២៣ បានឱ្យដឹងថា តាម​​រយៈ​ការស្ទង់មតិ​ថ្មី​មួយ​ដែល​ធ្វើឡើង​ដោយ​ក្រសួង​សុខា​​ភិ​បាល និង​ស្ថាប័ន​រដ្ឋាភិបាល​ពាក់ព័ន្ធ​ផ្សេងទៀត បាន​បង្ហាញថា បុរស ៧​ នាក់ ក្នុងចំណោម ១០​ នាក់ ដែល​ស្មើ​ប្រមាណ ៧០% សេព​គ្រឿង​ស្រវឹង​។​

​ការស្ទង់មតិ​នេះដែរ បង្ហាញ​ទៀតថា ក្នុង​ ១ ​ខែ​បុរស ​១០% ពិសា​គ្រឿង​ស្រវឹង​ជា​រៀងរាល់ថ្ងៃ ឬ​ស្ទើរតែ​រាល់ថ្ងៃ​។ ចំណែក​ ៦០% សេព​គ្រឿង​ស្រវឹង​ពី ១ ​ថ្ងៃ ទៅ ៥ ​ថ្ងៃ, ១៨% ពិសា​គ្រឿង​ស្រវឹង ៦ ​ថ្ងៃ ទៅ ១០​ ថ្ងៃ និង​ ១២% ពិសា​គ្រឿង​ស្រវឹង​ពី ១១​ ថ្ងៃ ទៅ ២៤​ ថ្ងៃ​៕