ភ្នំពេញៈ ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍​អន​ឡាញ (Trip Advisor) បានដាក់​ចំណាត់​​ថ្នាក់​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា ជាប់​លេខ​ ​៩ ក្នុងចំណោម​ទិសដៅ​ទេសចរណ៍​ពេញនិយម​បំផុត​ផ្សេងទៀត​ទាំង​ ២៥ នៅក្នុង​ពិភពលោក សម្រាប់​ឆ្នាំ​ ២០២៤ ដែល​ចំណាត់​ថា្នក់​នេះ ក្រសួងទេសចរណ៍​រំពឹងថា នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ចូលមក​កម្សាន្ត​ក្នុងប្រទេស​កម្ពុជា​ បាន​ច្រើន​បន្ថែមទៀត​។​

​យោងតាម​ការស្ទង់មតិ​របស់ Trip Advisor ដែលជា​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍​អន​ឡាញ ដ៏​ល្បីល្បាញ​មួយ​នៅក្នុង​ពិភព​​លោក បានឱ្យដឹង​នៅ​ថ្ងៃទី​ ៩ ខែមករា​ថា តាមរយៈ​ការបោះ​ឆ្នោត​ជ្រើសរើស​គោលដៅ​ទេសចរណ៍​ដ៏​ល្អ​បំផុត​ពី​សំណាក់​ភ្ញៀវទេសចរ​ទាំងអស់​ក្នុង​រយៈ​ពេល​ ១២ ​ខែ​កន្លងមកនេះ​ដោយបាន​បង្ហាញថា នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មាន​ប្រទេស​ចំនួន ​៥ បាន​ជាប់​ចំណាត់ថ្នាក់​ក្នុងចំណោម​ទិសដៅ​ទេសចរណ៍​ពេញនិយម​បំផុត​ផ្សេងទៀត​ទាំង ២៥ នៅក្នុង​ពិភពលោក​សម្រាប់​ឆ្នាំ ២០២៤​។​

​ប្រភព​ដដែល​បាន​បន្តថា ក្នុងនោះ​មាន ប្រទេស​វៀត​ណា​ម ទីក្រុង​សា​ប៉ា បាន​ជាប់​ចំណាត់ថ្នាក់​ទី​៥, ​ប្រទេស​ថៃ  ទីក្រុង​ប៉ា​តា​យ៉ា​បាន​ជាប់​ចំណាត់​​ថ្នាក់​ទី៧,​ ប្រទេស​កម្ពុជា ទីក្រុង​ភ្នំពេញ បាន​ជាប់​ចំណាត់ថ្នាក់​​ទី​៩ និង​ប្រទេស​ម៉ាឡេស៊ី ទីក្រុង​គូ​ឡា​ឡាំ​ពួ បាន​ជាប់​ចំណាត់​​ថ្នាក់​ទី​១០ ខណៈដែល​ប្រទេស​ឥណ្ឌូនេស៊ី ទីក្រុង Bandung បាន​ជាប់​ចំណាត់ថ្នាក់​ទី១៥​។​


Trip Advisor បានបង្ហាញ​ទៀតថា ភ្ញៀវទេសចរ​ដែលមាន​បំណង​ចង់​មក​លម្ហែ​កម្សាន្ត នៅ​ទីក្រុង​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា​នឹង​ពេញចិត្ត​ចំពោះ​បន្ទប់​សណ្ឋាគារ និង​ម្ហូបអាហារ​នៅតាម​ភោជនីយដ្ឋាន​ដែលមាន​តម្លៃ​សមរម្យ​។ ក្រៅពីនេះ​ទីក្រុង​ភ្នំពេញ ក៏មាន​កន្លែង​កម្សាន្ត​បែប​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ជាច្រើន​ទៀតផង​ដែរ​។​

​លោក​ តុ​ប សុភ័គ អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ​១០ ខែមករាថា កន្លងមក Trip Advisor ដែលជា​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍​អន​ឡាញ ធ្លាប់​បានផ្ដល់​ចំណាត់​ថ្នាក់​ច្រើនដង​មកហើយ​សម្រាប់​គោលដៅ​ទេសចរណ៍​នៅ​កម្ពុជា ជាពិសេស​នៅ​ខេត្តសៀមរាប ក៏ដូចជា​ការផ្ដល់​ចំណាត់ថ្នាក់​លេខ​ ១ ​ដែលមាន​ប្រជាជនមាន​ភាព​រួសរាយ​រាក់ទាក់​ជាងគេ​សម្រាប់​ទទួលភ្ញៀវ​ទេសច​រ​។ 


ភ្ញៀវទេសចរ​ទស្សនា​នៅមុខព្រះបរមរាជវាំង​​​ពីខែកុម្ភៈ​ឆ្នាំ​២០២៣។ហុង មិនា

​លោក​បាន​បន្តថា ការទទួលបាន​ចំណាត់​​ថ្នាក់​ជាច្រើន​ដង​ពី Trip Advisor នេះ ជាការ​រួមចំណែក​ផ្សព្វផ្សាយ​មួយ​ដ៏​ល្អ​ក្នុងការ​ទាក់ទាញ​សក្ដានុពល​ទេស​​ចរណ៍​នៅ​កម្ពុជា ក៏ដូចជា​រួម​ចំណែក​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ចូលមក​ទស្សនា​កម្សាន្ត​ក្នុងប្រទេស​កម្ពុជា​បន្ថែម​ទៀតផង​ដែរ​។​

​លោក​ តុ​ប សុភ័គ ​បាន​បញ្ជាក់ថា​៖ «​ជារួម​មក​ការផ្ដល់​ចំណាត់​ថ្នាក់​ដល់​រាជធានី​ភ្នំពេញ វា​ជា​កន្លែង​មួយ​មាន​ទាំង​វប្បធម៌ ប្រវត្តិសាស្ត្រ ទាំង​ម្ហូបអាហារ និង​សណ្ឋាគារ ដែលមាន​តម្លៃ​សមរម្យ គឺ​វា​ជួយ​រួមចំណែក​យ៉ាង​ធំធេង​ក្នុងការ​ផ្សព្វផ្សាយ​សក្ដានុពល​របស់​កម្ពុជា មិន​ត្រឹមតែ​រាជធានី​ភ្នំពេញ​មួយ​ទេ ប៉ុន្តែ​ជារួម​សម្រាប់​កម្ពុជា​ផ្ទាល់​តែម្ដង​»​។​

​បើតាម​លោក តុ​ប សុភ័គ ក្នុង​ឆ្នាំ ​២០២៣ កន្លងមកនេះ លោក​សង្កេតឃើញថា កម្ពុជា​បានទទួល​ភ្ញៀវទេសចរ​អន្តរជាតិប្រមាណ ៥​ លាន​នាក់ ក្នុង​អត្រាកំណើន​ប្រហែល​ ១៣៩,៥ ​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​ ២០២២​។

​លោក​បាន​បន្ថែមថា ដោយ​ឡែក​សម្រាប់​គោលដៅ​ទេសចរ​​ណ៍​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ ​២០២៣​ កន្លងមក​បានទទួល​ភ្ញៀវ​​ទេសចរ​អន្តរជាតិ​ចំនួន​ជាង ១​ លាន​នាក់ ហើយ​ក្នុងនោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​នៅ​រាជធានី​ភ្នំពេញ​ភាគ​ច្រើន​ជា​ជនជាតិ​ចិន បន្ទាប់មក​កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី តៃវ៉ាន់ បារាំង ជប៉ុន​និង​អង់គ្លេស​៕