ភ្នំពេញៈ ក្រសួងបរិស្ថានបានស្នើដល់់អភិបាលរាជធានី-ខេត្ត ទាំង ២៥ ឱ្យជំរុញការផ្សព្វផ្សាយការអនុវត្តសារាចររបស់រាជរដ្ឋាភិបាលដល់រដ្ឋបាលក្រុងស្រុកខណ្ឌ និងប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់និងកាត់បន្ថយបញ្ហាបំពុលខ្យល់សាធារណៈ បន្ទាប់រកឃើញគុណភាពខ្យល់មានការធ្លាក់ចុះ។
យោងតាមហ្វេសប៊ុកក្រសួងបរិស្ថាន កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ នៅរដូវប្រាំងចាប់ពីខែធ្នូ ដល់ខែមេសា លទ្ធផលគុណភាពខ្យល់ដែលក្រសួងបរិស្ថានបានតាមដាននៅរាជធានីភ្នំពេញ និងបណ្តាខេត្តទូទាំងប្រទេស បានបង្ហាញថា ស្ថានភាពគុណភាពខ្យល់មានការធ្លាក់ចុះគួរឱ្យព្រួយបារម្ភ។
ក្រសួងបានបន្តថា ជាពិសេសកំណើនកំហាប់ភាគល្អិតនិចល អណ្ដែតក្នុងខ្យល់ (PM10 និងPM2.5) អាចមានកម្រិតលើសស្តង់ដាកំណត់ដែលជាហានិភ័យបង្កការប៉ះពាល់សុខភាព ប្រជាពលរដ្ឋ និងបរិស្ថាន។
ប្រភពដដែលបានឱ្យដឹងទៀតថា តាមការអង្កេតប្រភព និងសកម្មភាពសំខាន់ៗដែលបង្កឱ្យមានកំណើនកំហាប់ភាគល្អិតនិចលនេះ រួមមាន ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម យានយន្ត ជាពិសេសភ្លើងឆេះព្រៃ ការដុតវាលស្មៅ ការដុតសំណល់កសិកម្ម ការដុតរានព្រៃ ការដុតគល់ជញ្ជ្រាំង ការដុតសំរាមសំណល់រឹង នៅទីចំហ និងការឆេះនៅទីលានចាក់សំរាម ការបោះចោល និងដុតសំណល់ប្លាស្ទិក ព្រមទាំងការហុយធូលីពីការដ្ឋានសំណង់ជាដើម។
ក្រសួងបរិស្ថានបានស្នើឱ្យអភិបាលរាជធានី ខេត្តទាំង ២៥ ណែនាំប្រជាពលរដ្ឋកុំឱ្យដុតរានព្រៃ វាលស្មៅ ដុតប្លាស្ទិក សំណល់កសិកម្ម គល់ជញ្ជ្រាំង សំរាម សំណល់រឹង ប្លាស្ទិក និងការដុតសំណល់ផ្សេងៗទៀតនៅទីចំហ។
ក្រសួងបានបន្តថា៖«ត្រូវទប់ស្កាត់ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំណល់កសិកម្ម សំរាម ការបោះចោល និងដុតសំណល់ប្លាស្ទិក និងការឆេះទីលានចាក់សំរាម និងត្រូវចាត់វិធានការទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារសំណង់»។ជាមួយគ្នានេះ ក្រសួងក៏បានណែនាំឱ្យសម្អាតធូលី និងធ្វើអនាម័យតាមដងផ្លូវ និងទីសាធារណៈឱ្យបានជាប់ជាប្រចាំផងដែរ។
សូមបញ្ជាក់ថា តាមរយៈការតាមដានគុណភាពខ្យល់របស់ក្រសួងបរិស្ថានបានបង្ហាញថា អំឡុងពេល ១ សប្តាហ៍កន្លងមកនេះ ប្រទេសកម្ពុជាមិនទាន់មានការកត់សម្គាល់ពីការធ្លាក់ចុះគុណភាពខ្យល់គួរឱ្យព្រួយបារម្ភនៅឡើយទេ ពោលគឺកំហាប់ភាគល្អិតនិចលដែលមានវិជ្ឈមាត្រតូចជាង ឬស្មើ ២,៥ មីក្រូម៉ែត្រ ឬហៅថា PM2.5 មានកំហាប់ចន្លោះពី ១៨,០៣µg/m3ទៅ២១,៤៣µg/m3 ដែលទាបជាងស្តង់ដាដែលក្រសួងបរិស្ថានបានកំណត់គឺ ៥០µg/m3 ជាមធ្យមក្នុង ២៤ ម៉ោង។
ទន្ទឹមនឹងនេះដែរ ក្រសួងបរិស្ថាន ក៏បានណែនាំមិនឱ្យមានការដុតសំរាម ប្លាស្ទិកទេ ព្រោះតាមការស្រាវជ្រាវបង្ហាញថា ផ្សែងពុលពីការដុតប្លាស្ទិក អាចបង្កបញ្ហាផ្លូវដង្ហើម រួមនឹងជំងឺមហារីកផងដែរ។ ប្លាស្ទិកដែលត្រូវបានគេដុតក៏បង្កការគំរាមកំហែង ដល់សុខភាពរបស់មនុស្ស សត្វ និងរុក្ខជាតិផងដែរ ព្រោះថា វាបញ្ចេញសារធាតុគីមី ដែលមានគ្រោះថ្នាក់ ដូចជា ឧស្ម័នកាបូនិក (CO2) ឌីអុកស៊ីន (Dioxins) និងហ្វ៊ូរ៉ង់ (Furans) ជាដើម។
លោកម៉ែន គុង អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែងបានឱ្យដឹងនៅថ្ងៃទី ១០ ខែមករាថា ទាក់ទងនឹងសំណើ និងការណែនាំរបស់ក្រសួងបរិស្ថាននេះគឺជាគោលការណ៍ និងទស្សនទានដ៏ល្អសម្រាប់រដ្ឋបាលខេត្តដែលបានតាមដានជាប្រចាំពីការប្រែប្រួលអាកាសធាតុ និងគុណភាពខ្យល់ក្នុងបរិបទថ្មីនៃការប្រែប្រួលអាកាសធាតុនៅលើពិភពលោក និងកម្ពុជា។
លោកបានថ្លែងថា៖ «តាមរយៈសំណើនេះ មន្ទីរបរិស្ថានខេត្តជាមួយនឹងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានផ្សព្វផ្សាយជាប្រចាំដល់ប្រជាពលរដ្ឋ ជាពិសេសយើងបានតាមដានគុណភាពខ្យល់ជាប្រចាំដែលយើងមានឧបករណ៍តាមដាន និងបច្ចេកទេសដាក់នៅទីតាំងសំខាន់ៗ»។
លោក ម៉ែន គុង បានបន្ថែមថា ជាមួយគ្នានោះ រដ្ឋបាលខេត្តនឹងយកសេចក្តីណែនាំបទដ្ឋានគតិយុត្តរបស់ស្ថាប័នជំនាញថ្នាក់ជាតិ ដើម្បីផ្សព្វផ្សាយឱ្យបានដល់ប្រជាពលរដ្ឋ។ ទោះជាការចូលរួមនៅមានកម្រិតទាបក៏ដោយក៏រដ្ឋបាលខេត្តនឹងខិតខំប្រឹងប្រែងផ្សព្វផ្សាយជាប្រចាំទាំងនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល សហគមន៍ និងក្រុមគ្រួសាររបស់ពលរដ្ឋ។
ចំណែកលោក នាង វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរីក៏បានលើកឡើងដែរថា ជាផែនការ និងជាចក្ខុវិស័យរបស់ថ្នាក់ដឹកនាំខេត្ត បានគិតគូរយ៉ាងខ្លាំងលើការប្រែប្រួលអាកាសធាតុនៅកម្ពុជាដោយក្នុងនោះរដ្ឋបាលខេត្តបានអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ក្នុងការបង្ការ និងទប់ស្កាត់ភ្លើងឆេះព្រៃ។
លោក នាង វណ្ណៈ បានថ្លែងថា៖ «ខេត្តបានឱ្យស្នងការនគរបាលក៏ដូចជាគ្រប់អធិការក្រុងស្រុកទាំងអស់ត្រៀមលក្ខណៈទុកជាមុននូវឡានទឹកជារៀងរាល់ឆ្នាំ ហើយការផ្សព្វផ្សាយជាមួយបងប្អូនប្រជាពលរដ្ឋ ក៏យើងបានផ្សព្វផ្សាយជារៀងរាល់ឆ្នាំដែរ ព្រោះនៅខេត្តមណ្ឌលគិរីរបស់យើងនៅរដូវប្រាំងអាចងាយនឹងមានការឆេះព្រៃ ព្រោះមានព្រៃច្រើននៅក្នុងខេត្ត»។
អ្នកនាំពាក្យដដែលបានបន្តថារដ្ឋបាលខេត្តក៏បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកាត់ស្មៅ និងព្រៃនៅតាមផ្លូវជាតិ និងផ្លូវសំខាន់ៗផងដែរ ដើម្បីចៀសវាងនិងបង្ការភ្លើងឆេះជាយថាហេតុដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕