ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត បានកត់សម្គាល់​លើ​វឌ្ឍនភាព​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​ថៃ ដែល​ស្តែងឡើង​តាមរយៈ​ការរីកចម្រើន​នៃ​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​តួយ៉ាង​ពាណិជ្ជកម្ម​, ទេសចរណ៍ និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​។​


​ការកត់សម្គាល់​របស់​លោក​ ហ៊ុន ម៉ា​ណែ​ត​ ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​លោក និង​លោក ​ឆឺ​ត​កៀត អាត់​ថា​កន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​​ ​១០​ ​​​ខែមករា ​ឆ្នាំ​​ ​២០២៤​​ ​នា​វិមាន​សន្តិភាព​។ នេះ​បើ​យោងតាម​លទ្ធផល​នៃ​ជំនួប​ដែល​បាន​ផ្សព្វផ្សាយ​តាមរយៈ​តេ​ឡេ​ក្រាម​របស់លោក ហ៊ុន ម៉ា​ណែ​ត​។​

​លទ្ធផល​ដដែល​លើកឡើងថា លោក​ ឆឺ​ត​កៀត អាត់​ថា​កន​ បានលើកឡើង​នៅក្នុង​ជំនួប​ពី​ស្ថាន​ភាព​រីកចម្រើន​នៃ​ទំនាក់​ទំនងជា​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា និង​ថៃ នាពេល​កន្លងមក ហើយ​ឯកអគ្គរាជទូត​ថៃ​រូបនេះ ក៏​បង្ហាញ​ការប្តេជ្ញាចិត្ត​ជំរុញ​ទំនាក់ទំនង​នេះ​ឱ្យ​កាន់តែ​រឹងមាំ​និង​ជិតស្និទ្ធ​បន្ថែមទៀត​។


​ប្រភព​ដដែល​បញ្ជាក់ថា​៖ «​ឯកឧត្តម​ឯកអគ្គរាជទូត បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ សម្តេច​ធិបតី និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន ឯក​ឧ​ត្ត​ម​នាយករដ្ឋមន្ត្រី​ថៃ​ក្នុង​ដំណើរ ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​កាលពី​ខែកញ្ញា​ឆ្នាំ​ ២០២៣​ ​កន្លងទៅ​»​។​

​លើសពីនេះ លោក​ក៏​បញ្ជាក់ប្រាប់​លោក​ ហ៊ុន ម៉ា​ណែ​ត ​ផងដែរ​ ពី​ការទន្ទឹងរង់ចាំ​ទទួល​ប​ដិ​​ស​ណ្ឋា​រ​កិច្ច​របស់​ថៃ ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក​ ហ៊ុន ម៉ា​ណែ​ត ទៅកាន់​​ប្រទេស​ថៃ នាពេលខាងមុខ​។​


​ជាមួយគ្នានេះ លោក​ ហ៊ុន​ ម៉ា​ណែ​ត បាន​សម្តែង​អំណរគុណ​ដល់​សម​ភាគី​ថៃ ជាពិសេស​ដល់​ឯក​អគ្គរាជទូត​ថៃ ចំពោះ​ការប្តេជ្ញាចិត្ត​ក្នុង​ការជួយ​លើកកម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់​​តែ​រឹងមាំ​និង​លូតលាស់​បន្ថែម​។​

​លទ្ធផល​នៃ​ជំនួប​ដដែល​នេះ​បញ្ជាក់ថា៖ «​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បង្ហាញ​ការ​កត់​​សម្គាល់​ចំពោះ​វឌ្ឍនភាព​រីក​ចម្រើន​នៃ​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ ២ លើ​វិស័យ​​សក្តានុពល​ជាច្រើន​ដូចជា​ពា​ណិ​ជ្ជ​កម្ម ទេសចរណ៍​និង​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​»​។​

​លោក ​ប៉ែន បូ​ណា ប្រធាន​អង្គ​ភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ប្រាប់ថា រដ្ឋាភិបាល​កម្ពុ​ជាមាន​គោលនយោបាយ​ការបរទេស កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេសជិតខាង តួយ៉ាង​ការកសាង​ព្រំដែន​មិត្តភាព​កិច្ច​សហ​ប្រតិបត្តិការ និង​ការអភិវឌ្ឍ ជា​គោលនយោបាយ​តាំងពី​សម័យ​លោក​ហ៊ុន សែន ត​មក​ជំនាន់​លោក ​ហ៊ុន ម៉ា​ណែ​ត​។​

​លោក​បន្តថា​៖ «​លើសពីនេះ ជា​ព្រំដែន​សម្រាប់​ការផ្តោះប្តូរ​ពាណិជ្ជកម្ម ទេសចរណ៍ ជាពិសេស​ប្រទេសជិតខាង​យើង​មិន​ថា ឡាវ​ក្តី វៀត​ណា​ម​ក្តី ថៃ​ក្តី ជា​អ្នកជិតខាង​ត្រូវបង្កើត​ទំនាក់ទំនង​ល្អ​ជាមួយគ្នា ព្រោះ​យើង​រស់នៅ​ជិតខាង​គ្នា ត្រូវ​កសាង​ទំនាក់ទំនង​ល្អ​នឹង​គ្នា​។ ជា​​មួយ​ថៃ ក្រៅពី​ផ្នែក​ទេសចរណ៍ ទំនាក់ទំនង​ប្រជាជន ពាណិជ្ជកម្ម យើង​មានការ​វិនិយោគ ដែល​វិ​និ​យោគ​របស់​ថៃ​ក៏មាន​ច្រើន​ដែរ​នៅ​កម្ពុជា​យើង​»​។

​លោក​ ប៉ែន បូ​ណា បាន​បន្ថែមថា រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក ​ហ៊ុន ម៉ា​ណែ​ត បន្ត​មរតក​នយោបាយ​ការបរទេស​របស់​ឪពុក​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​នានា​ហើយ​ជំរុញ​ពង្រឹង​ទំនាក់ទំនង​ទាំងនេះ​ឱ្យ​កាន់តែ​ស្អិតល្មួត​ថែមទៀត​។​

​លោក ស៊ឺន សម អ្នកជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​យ​ល់​ថា ទំនាក់ទំនង​កម្ពុជា​និង​ថៃ ជា​ទំនាក់ទំនង​ចាំបាច់​និង​ត្រូវ​បន្ត​ពង្រឹង ក្នុងនាម​ជា​ប្រទេស​ជិត​​ខាង​បើទោះបី​ភាគី​ទាំង​ ២​ មិនទាន់​ចុះ​កិច្ចព្រមព្រៀង​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នឹង​គ្នា​ក្តី ខណៈ​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២ ត្រូវការ​គ្នា​ទៅវិញទៅមក ជាពិសេស​ប្រជាជន​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន តួយ៉ាង​សេដ្ឋកិច្ច​ពា​ណិ​ជ្ជ​កម្ម​។ 

​លោក​ថា​៖ «​កម្ពុជា​ត្រូវការ​ថៃ​ពាក់ព័ន្ធ​សេដ្ឋកិច្ច​ពា​​ណិ​ជ្ជ​កម្ម និង​ការងារ ហើយក​សិ​ផល​កម្ពុជា​ដូចជា​ដំឡូង ស្រូវ ពោត សណ្តែក ជាដើម ក៏មាន​ទីផ្សារ​ចម្បង​នៅ​ថៃ​ផងដែរ​។ កម្ពុជា​ត្រូវការ​ថៃ ហើយ​ថៃ​ក៏ត្រូវ​ការ​កម្ពុជា​ដែរ​»​។

ដើម្បី​ពង្រឹង​ទំនាក់ទំនង​និង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​រវាង​ប្រទេស​ទាំង ​២ លោក ស៊ឺន សម យល់ថា ថ្នាក់​​ដឹកនាំ​ជាន់ខ្ពស់​តាម​វិស័យ​ភាគី​ទាំង​ ២ គួរ​ជួប​ពិភាក្សាគ្នា និង​ផ្លាស់ប្តូរ​ទស្សនកិច្ច​គ្នា​ស្វែងយល់​ពីគ្នា​ឱ្យបាន​ញឹកញាប់ ដើម្បី​កាត់​បន្ថយ​ការយល់ច្រឡំ​ពីគ្នា​ដោយ​ប្រការ​ណាមួយ​ជាពិសេស​ពាក់​​ព័ន្ធ​នឹង​ការប៉ះទង្គិច​ផ្នែក​វប្បធម៌​និង​ជាតិនិយម​ជាដើម​។​

​សូមជម្រាបថា កាលពី​ពាក់​កណ្តាល​ខែធ្នូ ឆ្នាំ​ ២០២៣ នាយករដ្ឋមន្ត្រី​ថៃ​លោក​ សេដ្ឋា ថា​វី​ស៊ីន បានមក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​និង​ជួបពិភាក្សា​ជាមួយ​លោក​ហ៊ុន ម៉ា​ណែ​ត​ពី​ការពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​កា​រវិ​និ​​យោគ ក៏ដូចជា​កិច្ចព្រមព្រៀង​ពី​បញ្ហា​ពលករ​ដែល​ពល​ករក​ម្ពុ​ជា​ប្រមាណ ៥២​ ម៉ឺន​នាក់​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង ​២ សម្រេចបាន​ប្រមាណ ៩,៨​ ពាន់​លាន​ដុល្លារ​៕