ភ្នំពេញៈ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានអនុម័តលើផែនការសកម្មភាពនិងថវិកាឆ្នាំ ២០២៤ ប្រមាណជិត ១ ៨០០ លានដុល្លារ ដោយផ្តោតលើការពង្រឹងការអភិវឌ្ឍមូលដ្ឋាន និងគណនេយ្យភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ការអនុម័តនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី ២២ របស់ គ.ជ.អ.ប.កាលពីថ្ងៃទី ៩ ខែ មករា ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. ដោយមានការចូលរួមពីឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី តំណាងក្រសួង ស្ថាប័ន និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានីខេត្ត ប្រមាណ ១៥០ រូប។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.អ.ប. បានឱ្យដឹងថា អង្គប្រជុំនេះបានអនុម័តលើរបាយការណ៍នៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ ២០២៣របស់ គ.ជ.អ.ប. ដែលបានសម្រេចលទ្ធផលប្រមាណ ៨៥ ភាគរយនៃលទ្ធផលរំពឹងទុកនិងសកម្មភាពនៅសេសសល់មួយចំនួនត្រូវលើកយកមកអនុវត្តនៅឆ្នាំ ២០២៤។
សេចក្តីប្រកាសបានបញ្ជាក់ថា៖ «បន្ទាប់ពីការពិនិត្យពិភាក្សា អង្គប្រជុំបានអនុម័តលើផែនការសកម្មភាព និងថវិកាឆ្នាំ ២០២៤ របស់ គ.ជ.អ.ប. ដែលមានលទ្ធផលរំពឹងទុកចំនួន ៣៤ សកម្មភាពជាអាទិភាពចំនួន ៨៧ និងសូចនាករ ចំនួន ១៣៩ ក្រោមថវិកាប៉ាន់ស្មានប្រមាណជិត ១ ៨០០ លានដុល្លារ»។
ផែនការសកម្មភាព និងថវិកាឆ្នាំ ២០២៤ របស់ គ.ជ.អ.ប. គឺជាផែនការឆ្នាំទី ៤ នៃការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យដំណាក់កាលទី ២ ដែលបានបន្តផ្តោតលើការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានភាពរឹងមាំ ស្អាតស្អំ មានសមត្ថភាព លទ្ធភាព និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការអនុវត្តមុខងារដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។
ជាមួយគ្នានេះ អង្គប្រជុំក៏បានពិនិត្យ ពិភាក្សាលើរបៀបវារៈផ្សេងៗទៀតពាក់ព័ន្ធនឹងការជំរុញ និងពង្រឹងការគ្រប់គ្រងការវិនិយោគនៅរដ្ឋបាលរាជធានី-ខេត្ត ដោយស្នើឱ្យក្រសួង ស្ថាប័នថ្នាក់ជាតិពន្លឿនការធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យមន្ទីរ អង្គភាពខ្សែបណ្តោយរបស់ខ្លួនដើម្បីធ្វើជាសេនាធិការឱ្យអនុគណៈកម្មាធិការវិនិយោគនៅរដ្ឋបាលរាជធានី-ខេត្តក្នុងការពិនិត្យ និងសម្រេចលើគម្រោងវិនិយោគដែលមានទុនសមមូល ៥ លានដុល្លារ ចុះក្រោមយ៉ាងយូរត្រឹមត្រីមាសទី ១ នៃឆ្នាំ ២០២៤។
នាឱកាសនោះដែរ លោក ស សុខា ប្រធាន គ.ជ.អ.ប. បានជំរុញដល់មន្ត្រីពាក់ព័ន្ធត្រូវបន្តពង្រឹងកិច្ចសហការគ្នាក្នុងការដឹកនាំ ការគ្រប់គ្រង ការរៀបចំ និងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតបើទោះបីជាការអនុវត្តកន្លងមកទទួលបានលទ្ធផលល្អក្តី។ជាមួយគា្ននេះ លោកបានបង្ហាញលទ្ធផលលេចធ្លោនៃកំណែទម្រង់ការអភិវឌ្ឍប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលសម្រេចបានក្នុងដើមនីតិកាលទី ៧ នៃរដ្ឋសភា។
លោកបានថ្លែងថា៖ «មិនត្រឹមតែបានបន្តនិរន្តរភាពការងាររបស់ខ្លួនយ៉ាងល្អប្រសើរពីរាជរដ្ឋាភិបាលនីតិកាលចាស់ប៉ុណ្ណោះទេ បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី ៧ រយៈពេល ៤ ខែកន្លងមក គ.ជ.អ.ប.បានបន្តការងារកំណែទម្រង់ដោយសម្រេចបានលទ្ធផលលេចធ្លោសំខាន់ៗទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ»។
លោកក៏បានបង្ហាញការកត់សម្គាល់ដែរថា នៅដើមនីតិកាលថ្មីនេះ យន្តការច្រកចេញចូលតែ ១ ក៏បានបន្តពង្រឹងការផ្តល់សេវាក្នុងដែនសមត្ថកិច្ចនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗលើសេវាប្រមាណជាង៨០០ប្រភេទឱ្យកាន់តែមានលក្ខណៈងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងប្រសិទ្ធភាព។
លោកបានបញ្ជាក់ទៀតថា ការងារដូចបានបញ្ជាក់មកនេះ ក៏ទទួលការកត់សម្គាល់ និងកោតសរសើរពីរដ្ឋសភាផងដែរ។លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូបានថ្លែងថា គណៈកម្មាធិការនេះដើរតួនាទីសំខាន់ណាស់ក្នុងការកែទម្រង់ថ្នាក់ក្រោមជាតិឱ្យមានអភិបាលកិច្ចល្អ គណនេយ្យភាព បម្រើ សេវាដល់ពលរដ្ឋឱ្យបានឆាប់រហ័ស និងតម្លាភាព។
លោកថា ការដែលរាជរដ្ឋាភិបាលអាណត្តិថ្មីទី ៧ នេះបានអនុម័តលើផែនការសកម្មភាព និងថវិកាឆ្នាំ ២០២៤ ប្រមាណជិត ១ ៨០០ លានដុល្លារ ដោយផ្តោតលើការពង្រឹងការអភិវឌ្ឍមូលដ្ឋានគឺជារឿងមួយផ្នែក ប៉ុន្តែក៏ត្រូវពឹងលើការអនុវត្តរបស់មន្ត្រីផងដែរ។
លោក អំ សំអាត បានបញ្ជាក់ថា៖«ប៉ុន្តែការពង្រឹងការអភិវឌ្ឍមូលដ្ឋាន និងគណនេយ្យភាពក្នុងការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ គឺមិនផ្អែកលើថវិកាតែមួយទេ គឺផ្អែកលើឆន្ទ:ការងាររបស់មន្ត្រីថ្នាក់ក្រោមជាតិ មិនមានអំពើពុករលួយ តម្លាភាព និងអភិបាលកិច្ចល្អ ដូច្នេះទន្ទឹមនឹងការអនុម័តថវិកាគឺត្រូវពិនិត្យលើយន្តការទាំងនេះទៀតផងដែរ»។
សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣ សមាជិករដ្ឋសភាជាច្រើនរូបមានការចាប់អារម្មណ៍ខ្លាំងទៅលើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងបានផ្ដល់អនុសាសន៍ឱ្យគ.ជ.អ.ប. បន្តខិតខំប្រឹងប្រែងជំរុញ និងពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់នេះឱ្យបានកាន់តែមុតស្រួចស៊ីជម្រៅ និងឱ្យមានប្រសិទ្ធភាពបន្ថែមទៀត៕