ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា លោក ​ឌ្រី​ស​ម៉ាន់ អ៉ី​ហ្គោ​រ៍ ​(DRIESMANS Igor) បាន​ប្តេជ្ញាចិត្ត​ជួយ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​សហភាព​អឺរ៉ុប ឱ្យបាន​កាន់តែ​រីកចម្រើន​ខ្លាំងក្លា​លើ​គ្រប់​វិស័យ​បន្ថែមទៀត​ក្នុង​អាណ​តិ្ត​ការទូត​របស់លោក​។


ការប្តេជ្ញា​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក​ត្រូវបាន​អនុញ្ញាតឱ្យ​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃទី​ ៩ ខែមករា ឆ្នាំ​ ២០២៤​។

តេ​ឡេ​ក្រាម​របស់លោក​នាយករ​ដ្ឋ​មន្ត្រី​ ហ៊ុន ម៉ា​ណែ​ត​ បាន​បញ្ជាក់ថា​៖ «​ឯកឧត្តម ក៏បាន​សម្តែង​នូវ​ការ​បេ្ត​ជ្ញា​ចិត្ត​ក្នុង​អាណ​តិ្ត​បេសកកម្ម​ការទូត​របស់​ឯកឧត្តម ក្នុង​ការជួយ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​សហភាព​អឺរ៉ុប ឱ្យបាន​កាន់តែ​រីកចម្រើន​ខ្លាំងក្លា​លើ​គ្រប់​វិស័យ​បន្ថែមទៀត ជាពិសេស​ក្នុងការ​ពាំនាំ​នូវ​ការពិត​ស្តីពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្នុងការ​កែទម្រង់​មុត​ស្រួច និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ជូន​ចំពោះ​ពាណិជ្ជករ និង​វិនិយោគិន​សហភាព​អឺរ៉ុប ក្នុងទិសដៅ​ទាក់ទាញ និង​ជំរុញ​ពាណិជ្ជកម្ម និង​ការវិនិយោគ នៅ​កម្ពុជា​»​។


លើសពីនោះ លោក ​ឌ្រី​ស​ម៉ាន់ អ៉ី​ហ្គោ​រ៍​ ក៏បាន​លើកទ្បើង​អំពី​ចំណង​ការទូត​ដ៏​រឹងមាំ និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​រវាង​កម្ពុជា​-​សហភាព​អឺរ៉ុប លើ​វិស័យ​ជាច្រើន រួមមាន​៖ ពាណិជ្ជកម្ម វិនិយោគ និង​ទំនាក់ទំនង​ប្រជាជន និង​ប្រជាជន​។

ជាការ​ឆ្លើយតប លោកនាយក​រដ្ឋមន្ត្រីបាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ លោក ​ឌ្រី​ស​ម៉ាន់ អ៉ី​ហ្គោ​រ៍ និង​សហការី ព្រម​ជាមួយនឹង​ការអបអរសាទរ​ចំពោះ​ការចូល​កាន់​មុខតំណែង​របស់​ជា​អគ្គរដ្ឋទូត​ផងដែរ​។ បន្ថែម​ពី​នោះ លោក​ ហ៊ុន ម៉ា​ណែ​ត ក៏បាន​សម្តែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ការគាំទ្រ​របស់​សហភាព​អឺរ៉ុប​ចំពោះ​កម្ពុជា និង​បានបង្ហាញ​នូវ​ក្តីសង្ឃឹម​ចំពោះ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​។


លោក ​ឌ្រី​ស​ម៉ាន់ អ៉ី​ហ្គោ​រ៍ បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ លោកនាយក​រដ្ឋមន្ត្រី ដែល​បាន​ឆ្លៀតពេល​វេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូបលោក និង​សហការី ចូលជួប​សម្តែង​ការគួរ​សមនេះ​៕​