ភ្នំពេញៈ លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានសំណូមពរឱ្យមានការបង្កើតច្បាប់មួយនៅកម្ពុជា ដើម្បីហាមឃាត់ការបរិភោគសាច់សុនខ(ឆ្កែ) និងដាក់ទោសចំពោះជនល្មើសតាមច្បាប់។
ការសំណូមពរជាសាធារណៈនេះត្រូវបានធ្វើឡើង ក្រោយពេលដែលប្រទេសកូរ៉េខាងត្បូងបានសម្រេចដាក់ច្បាប់ហាមឃាត់ការបរិភោគសាច់សុនខកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។
លោក ហេង រតនា បានសរសេរនៅលើហ្វេសប៊ុករបស់លោកនាថ្ងៃទី១០ ខែមករាថា៖«ខ្ញុំយល់ថាខ្មែរអាចធ្វើបាន។ នៅចំពោះមុខ កម្ពុជាក៏មានច្បាប់គ្រប់គ្រងសត្វនិងចំណីអាហារមួយចំនួនដែលក្រសួងស្ថាប័នពាក់ព័ន្ធអាចយកមកអនុវត្តន៍ហាមឃាត់បាន និងទន្ទឹមនឹងនេះ សូមសំណូមពរចលនាកសាងច្បាប់មួយនៅព្រះរាជាណាចក្រនេះ ដើម្បីហាមឃាត់ការបរិភោគសាច់សុនខនិងដាក់ទោសចំពោះជនល្មើសតាមច្បាប់តែម្តង»។
លោកបានលើកឡើងដោយយោងតាមឯកសារស្រាវជ្រាវផងដែរថា មានការសម្លាប់សុនខយកសាច់មានប្រមាណ ២-៣ លានក្បាលក្នុងមួយឆ្នាំៗ ហើយកន្លែងសុនខឃាតសុទ្ធតែគ្មានច្បាប់អនុញ្ញាតឡើយ។ ដូចនេះការបរិភោគសាច់សុនខអាចប្រឈមនឹងគ្រោះសុខភាពសាធារណ:ផងដែរ។ ប៉ុន្តែ អ្វីកាន់គ្រោះថ្នាក់ថែមទៀតនោះ គឺប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ដូនតាខ្មែរ ដែលត្រូវបានបំផ្លាញ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌សង្គម និងភ្លៀវទេសចរអន្តរជាតិមួយចំនួនមិនចង់មកទស្សនាកម្ពុជា ដោយសារទិដ្ឋភាពអវិជ្ជមាន នៃការធ្វើអាជីវកម្មសម្លាប់សត្វសុនខធ្វើអាហារនេះ៕