ភ្នំពេញៈ អន្តរក្រសួង​បានចេញ​សេចក្ដីណែនាំ​ដល់រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ត្រូវ​រក្សា​ប្រក្រតីភាព និង​និរន្តរភាព​ការងារ​នៅតាម​សា​លាម​ត្តេ​យ្យ​សិក្សា បឋមសិក្សា មជ្ឈមណ្ឌល​សិក្សា​សហគមន៍ និង​អង្គភាព​នីមួយៗ ដោយ​មិនត្រូវ​ផ្លាស់ប្តូរ ឬ​ផ្ទេរ​មន្ត្រី​នៅតាម​សាលា មជ្ឈមណ្ឌល និង​អង្គភាព​ទាំង​នោះឡើយ ដើម្បី​ធានា​ឱ្យ​ការបើក​ផ្ដល់​បៀវត្ស​រ៍បុគ្គលិក​អប់រំ និង​ការគ្រប់គ្រង​ការផ្ទេរ​បុគ្គលិក​អប់រំ ឱ្យមាន​ប្រសិទ្ធភាព​ចាប់ពី​ខែមករា ឆ្នាំ​២០២៤​។


នេះ​បើ​យោងតាម​សេចក្ដីណែនាំ​អន្តរក្រសួង ដែល​បាន​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​នៃ​ក្រសួង​មុខងារ​សា​ធារ​ណៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២៤​។​

សេចក្ដីណែនាំ​នេះ​បានឱ្យដឹងថា​៖ «​ការបើកប្រាក់​បៀវត្សរ៍​ដល់​បុគ្គលិក​អប់រំ​ដែល​ត្រូវ​ផ្ទេរ​ទៅ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ត្រូវអនុវត្ត​ផ្អែកលើ​តារាង​ទូទាត់​បៀវត្ស​រ៍ផ្តល់​ដោយ​ក្រសួង​មុខងារសាធារណៈ និង​ប្រើប្រាស់​ឥណទាន​ ដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​វិភាជន៍​ទៅឱ្យ​រដ្ឋបាល ក្រុង ស្រុក ខណ្ឌ សម្រាប់​បន្ទុក​បុគ្គលិក​គ្រូបង្រៀននៃ​សាលា​មត្តេយ្យ​សិក្សា បឋមសិក្សា និង​គ្រូ​ជាប់កិច្ចសន្យា ដែល​ផ្ទេរ​ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​»​។ «​ការបើកប្រាក់​បៀវត្ស​រ៍ដល់​បុគ្គលិក​អប់រំ ត្រូវអនុវត្ត​តាម​គណ​នី​ធនាគារ​របស់​បុគ្គលិក​អប់រំ ​ធ្លាប់ប្រើ​កន្លងមក ដោយ​មិន​អនុញ្ញាតឱ្យ​មានការ​ផ្លាស់​ប្ដូរ​ធនាគារ​ទេ​»​។​


សេចក្ដីណែនាំ​នេះ​បានឱ្យដឹងថា រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ត្រូវ​ចេញ​ដីកា​ទទួល​បុគ្គលិក​អប់រំ​ដែល​ត្រូវ​ផ្ទេរ​ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដោយមាន​ការបញ្ជាក់​អំ​ពី​អង្គភាព​បំពេញការងារ​រប​ស់បុ​គ្គ​លិ​ក​អប់រំ​ផ្អែកលើ​លក្ខខណ្ឌ​បញ្ជី​ឈ្មោះ​ផ្ដល់​ដោយ​មន្ទីរអប់រំ យុវជន និង​កីឡា និង​ដែលមាន​ការឯកភាព​ពី​មន្ទីរ​មុខងារសាធារណៈ និង​ស្ថានភាព​ជាក់ស្ដែង​រប​ស់បុ​គ្គ​លិ​ក​អប់រំ​ដែល​កំពុង​បំពេញការងារ​តាម​សាលា​មត្តេយ្យ​សិក្សា សាលាបឋមសិក្សា មជ្ឈមណ្ឌល​សិក្សា​សហគមន៍ ឬ​អង្គភាព​ចំណុះឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​។​

លោក ​យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព ថ្លែងថា ការគ្រប់គ្រង​បុគ្គលិក​វិស័យ​អប់រំ​នៅតាម​មូលដ្ឋាន​ឱ្យ​ស្ថិតនៅក្រោម​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ គឺ​ដើម្បី​អាចឱ្យ​ថ្នាក់ក្រោម​ជាតិ​មាន​ស្វ័​យ​ភាព​លើ​ការធ្វើ​សេចក្តីសម្រេចចិត្ត និង​ការអភិវឌ្ឍ​មូលដ្ឋាន និង​កៀរគរ​ធនធាន​ជួយ​ក្នុង​វិស័យ​អប់រំ​នៅក្នុង​មូលដ្ឋាន​។​


លោក​បន្តថា​៖«​បើសិន​អ្វីៗ​សម្រេច​តែ​ទៅលើ​រដ្ឋបាលកណ្តាល ខាង​មូលដ្ឋាន​គ្នា​មិនដឹង​ធ្វើ​អ្វី​ទេ មិនអាច​ចូលរួម​តម្រែតម្រង់​វិស័យ​អប់រំ​ទៅរួច​ទេ ការផ្ទេរ​នេះ ក៏​ជា​ផ្នែក​មួយ​ល្អ​ដើម្បីឱ្យ​អាជ្ញាធរ​មូលដ្ឋាន​អាច​គ្រប់គ្រង​បាន​»​។​

​លោក ឈ​ត ប៊ុន​ថង មន្ត្រី​ស្រាវជ្រាវ​ផ្នែក​ទំនាក់ទំនង អប់រំ វប្បធម៌ និង​ទេសចរណ៍ នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ការចេញ​សេចក្តីណែនាំ​អន្តរក្រសួង​បែបនេះ ទំនង​កើតមាន​ឧបសគ្គ ឬ​ការ​មិនទាន់​ឯកភាពគ្នា ឬ​ការយឺតយ៉ាវ​មួយចំនួន​រួចហើយ ទៅលើ​ការគ្រប់គ្រង និង​ការបើក​ប្រាក់បៀវត្សរ៍​បុគ្គលិក​អប់រំ​ដែល​ផ្ទេរ​នេះ ក៏​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​ថ្នាក់ដឹកនាំ​លើ​កិច្ចការ​ទាំងនេះ​ផង​៕