​ភ្នំពេញៈ ស្រប​ពេលដែល​ភាពមិនប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​សកល រួម​ជាមួយនឹង​ការប្រកួតប្រជែង​ភូមិ​​សាស្ត្រ​នយោបាយ​ពី​បណ្ដា​ប្រទេស​មហាអំណាច​នៅតែ​បន្ត សេដ្ឋវិទូ​របស់​ធនាគា​រ​ពិភពលោក​​ (WB)​ បាន​លើកយក​បញ្ហា​ចំនួន ៤ សម្រាប់​រដ្ឋា​ភិ​បាល​កម្ពុជា ដើម្បី​ដោះស្រាយ​ក្នុងការ​ជំរុញ និង​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​ជា​ផ្លូវ​ឈានទៅ​សម្រេច​ចក្ខុវិស័យ​ប្រកបដោយ​មហិច្ឆតា ក្នុងការ​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​ ២០៣០​។​

​បើ​យោងតាម​សហ​អ្នកនិពន្ធ​របស់​ WB នៅលើ​របាយការណ៍ ដែលមាន​ឈ្មោះថា​៖ «​កម្ពុជា​ឆ្នាំ ​២០៣០៖ ការ​ធ្លាក់​ល្បឿន​សេដ្ឋកិច្ច​ជា​ឱកាស​សម្រាប់​បង្កើនល្បឿន​កំណែទម្រង់​» ចងក្រង​ដោយ​លោក Sebastian Eckardt នាយក​ប្រតិបត្តិ និង​លោក Faya Hayati សេដ្ឋវិទូ​ជាន់ខ្ពស់​ម៉ាក្រូសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ ដែល​ចេញផ្សាយ​កាលពី​ខែធ្នូ ឆ្នាំមុន នៅក្នុង​អំឡុង ១​ ទសវត្សរ៍​មុននឹង​មានការ​ផ្ទុះ​ជំងឺ​កូ​វីដ​ ១៩ ប្រទេស​កម្ពុជា ​រក្សាបាន​កំណើនសេដ្ឋកិច្ច​ក្នុង​អត្រា​ជា​មធ្យម ៧​ ភាគរយ ​ក្នុង​ ១ ​ឆ្នាំ និង​បំណុល​សា​​ធា​រណៈ​ឱ្យនៅ​ក្រោម ៤០​ ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​។ កំណើន​ដ៏​ឆាប់រហ័ស​នេះ​បាន​នាំមក​នូវ​ផល​ចំណេញ​លឿន​ដូចគ្នា​ដែរ​ក្នុងការ​កាត់​​បន្ថយ​ភាពក្រីក្រ ដែល​ធ្លាក់​ចុះមក​នៅ​អត្រា​ត្រឹម ១៨ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២០ ពី ២៦ ​ភាគរយ​កាលពី​ ៦ ​ឆ្នាំមុន​។​


​សេដ្ឋវិទូ​ទាំង​ ២ ​លើកឡើងថា​៖ «​ការ​ណ៍​នេះ​មានន័យថា​ប្រជាជន​កម្ពុជា​ចំនួន ១,២​ លាន​នាក់​ថែមទៀត​ត្រូវ​​បាន​ជួយ​ឱ្យ​ចាក​ផុតពី​ជីវភាព​រស់នៅក្នុង​កម្រិត ២,៧​ដុល្លារ ឬ​តិចជាង​នេះ ក្នុង ​១ ​ថ្ងៃ​។ ជាមួយនឹង​សមិទ្ធផល​ជាទី​ចាប់អារម្មណ៍​ទាំងនេះ ក៏​នៅមាន​ ៥០ ភាគរយ​នៃ​ប្រជាជន​កម្ពុជា​ដែល​រស់ក្នុង​កម្រិតជីវភាព​គិត​ជា​ប្រាក់ ៤,១៥ ​ដុ​ល្លារ ឬ​តិចជាង​នេះ​ក្នុង​ ១ ​ថ្ងៃ​នៅឡើយ​។ ក្នុងន័យនេះ កម្ពុជា​ត្រូវខិតខំ​បន្ត​រក្សា​អត្រាកំណើន​សេដ្ឋកិច្ច​ខ្ពស់ ដើម្បី​ឈានទៅ​សម្រេច​ចក្ខុវិស័យ​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ ​២០៣០ និង​ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​បន្ថែមទៀត​។​

​ស្ថានភាព​ដែល​កំណើនសេដ្ឋកិច្ច​មាន​សម្ទុះ​ខ្សោយ​ជាង​មុន បាន​ញ៉ាំងឱ្យមាន​ការគិតគូរ​ឡើងវិញ​ជាបន្ទាន់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច សម្រាប់​រក្សា​កំណើន​ប្រកប​ដោយ​ចីរភាព កាត់បន្ថយ​ភាពក្រីក្រ​ដែល​នៅ​សេសសល់ និង​ឈានទៅ​សម្រេច​ចក្ខុវិស័យ​ក្នុងការ​ក្លាយជា​ប្រ​ទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​ ២០៣០​។​


​សេដ្ឋវិទូ​ទាំង​ ២១ ​ក៏បាន​ស្នើ​ដល់​រដ្ឋាភិបាល​នូវ​បញ្ហា​ចំនួន ៤ ដែល​ត្រូវ​ដោះស្រាយ រួមមាន ការកែលម្អ​បន្ថែម​ចំពោះ​បរិយាកាស​អាជីវកម្ម​, ការធ្វើឱ្យ​ប្រសើរឡើង​ហេដ្ឋារចនាសម្ព័ន្ធ និង​ឡូ​​ជី​ស្ទិ​ក​, ការបង្កើន​លទ្ធផល​ការសិក្សា​, និង​ការប្រែប្រួល​អាកាសធាតុ​។​

​ពួកគេ​បាន​បញ្ជាក់ថា ការកែលម្អ​បន្ថែមទៀត​លើ​បរិយាកាស​ធុរកិច្ច មាន​សារៈសំខាន់​ណាស់​សម្រាប់​ការជំរុញ​ផលិតភាព និង​ការប្រកួតប្រជែង​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​។ ចំណាយ​ថ្លៃដើម​ក្នុង​ការធ្វើ​អាជីវកម្ម​នៅ​កម្ពុជា នៅតែ​ខ្ពស់ ដែល​នេះ​ជា​ឧបសគ្គ​ដល់​សមត្ថភាព​ប្រកួតប្រជែង​ជា​អន្តរជាតិ និង​រារាំង​ដល់​នវានុវត្តន៍ និង​ការ​ងាក​ទៅរក​សកម្មភាព​សេដ្ឋកិច្ច​មានតម្លៃ​ខ្ពស់ជាង​បច្ចុប្បន្ន​។​

​ដើម្បី​ជួយ​ដល់​ការវិនិយោគ​របស់​វិស័យ​ឯកជន​កម្ពុជា​ចាំបាច់​ត្រូវ​ពង្រឹង​ភាព​ព្យាករ​បាន​របស់​បរិស្ថាន​បទ​​ប្បញ្ញត្តិ និង​ពង្រីក​លទ្ធភាព​រកបាន​ធនធាន​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs)​។ ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ និង​ឡូ​ជី​ស្ទិ​ក​របស់​កម្ពុជា គឺជា​មូល​​ដ្ឋា​ន​គ្រឹះ​ដ៏​សំខាន់​សម្រាប់​ការបង្កើន​ផលិតភាព និង​សមត្ថភាព​ប្រកួត​ប្រ​ជែង​អន្តរជាតិ​។ កម្ពុជា​នៅតែមាន​ការ​ខ្វះ​ច្រើន​ហិរញ្ញប្បទាន​សម្រាប់​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ អាស្រ័យហេតុនេះ សេវា​ហេដ្ឋារចនាសម្ព័ន្ធ​នៅតែ​មិន​គ្រប់គ្រាន់ ហើយ​ត្រូវ​ប្រឹង​យ៉ាង​ត្រដាបត្រដួស ដើម្បី​បំពេញ​សេចក្តីត្រូវការ​ដែល​កំពុង​កើនឡើង​យ៉ាង​លឿន​។​

​សេដ្ឋវិទូ​បានលើកឡើង​ថា​៖ «​វិស័យ​ថាមពល​ត្រូវការ​ការវិនិយោគ​ខ្នាត​ធំ​ថែមទៀត ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម ​២​ នៅក្នុងពេល​តែ​១ គឺ​៖​ការ​ឆ្លើយតប​នឹង​ការកើនឡើង​នៃ​តម្រូវការ​អគ្គិសនី​ (​បើតាម​ការ​ព្យាករ​តម្រូវការ​អគ្គិសនី​នឹង​កើនឡើង​ចំនួន ៤ ​ដង​ពី ១២ ៤០០​ ជី​ហ្គា​វ៉ា​ត់​ម៉ោង (GWh) នៅ​ឆ្នាំ​ ២០២០ ដល់ ៥៤ ៦០០​ ជី​​ហ្គា​វ៉ា​ត់​ម៉ោង នៅ​ឆ្នាំ​ ២០៤០) និង​ការ​​បំពេញ​តាម​ការសន្យា​របស់​ប្រទេស​ក្នុង​ក្របខ័ណ្ឌ​នៃ​ការប្រែប្រួល​អាកាស​ធាតុ​»​។

សេដ្ឋវិទូ​បន្តថា ការវិនិយោគ​ក៏ត្រូវ​ការចាំបាច់​ផងដែរ ដើម្បី​កែលម្អ​ឱ្យ​ប្រសើរឡើង​នូវ​សេវា​ជា​មូលដ្ឋាន​ក្នុង​ទីក្រុង មានដូចជា ប្រព័ន្ធ​ទុយោ​ទឹក​ស្អាត​, អនាម័យ​, ការគ្រប់គ្រង​សំណល់​​រឹង​, ទូរគមនាគមន៍ និង​ការដឹកជញ្ជូន និង​ការពង្រឹង​ផែនការ​រៀបចំ​ក្រុង​។​

​ពួកគេ​បន្តថា កិច្ចការ​សំខាន់​មួយទៀត​ដែល​កម្ពុជា​ត្រូវ​បង្កើន​លទ្ធផល​នៃ​ការរៀន ដើម្បី​ឆ្លើយតប​ទៅនឹង​កង្វះ​ជំនាញ​បង្កើត​កម្លាំង​ពលកម្ម​ដែលមាន​សមត្ថភាព​ត្រៀម​សម្រាប់​អនាគត និង​ជំរុញ​កំណើន​ផលិតភាព​របស់​ប្រ​ទេស​។ កំណើន​ផលិតភាព​ពលកម្ម​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​ក្នុងអំឡុង​ ៥ ឆ្នាំ​ចុង​ក្រោយនេះ ហើយ​បណ្តា​ក្រុម​ហ៊ុន​ក៏បាន​រាយការណ៍​ឱ្យដឹង​ដែរ​អំពី​ការកើនឡើង​នៃ​កង្វះ​ជំនាញ​។​

«​ការគិតគូរ​សាកល្បង​របស់​យើង​បង្ហាញថា ការខាតបង់​ដោយសារ​ផល​​ប៉ះពាល់​ពី​អាកាសធាតុ​អាចមាន​ដល់​ទៅ ៩​ ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​នៅ​ឆ្នាំ​ ២០៥០ ប្រសិនបើ​កម្ពុជា​គ្មាន​វិធានការ​បន្សាំ​ទេនោះ​»​។ នេះ​បើ​យោងតាម​សេដ្ឋវិទូ​។​

​កាលពី​ថ្ងៃទី ២៤ សីហា ឆ្នាំ​ ២០២៣ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានប្រកាស​ដាក់ចេញ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី១ រយៈ​ពេល ៥ ​ឆ្នាំ ក្នុង​គោលបំណង​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​ដែលមាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅត្រឹម​ ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ត្រឹម​ឆ្នាំ ​២០៥០​។​

​លោក​បាន​ថ្លែង​ក្នុង​ពិធី​ដាក់ចេញ​យុទ្ធសាស្ត្រ​នេះ​ថា ក្នុង​រយៈពេល ២៥​ ឆ្នាំ​កន្លងមកនេះ កម្ពុជា​បាន​ផ្តោតលើ​ការកសាង​ប្រទេស​ឡើងវិញ​សម័យ​ក្រោយ​សង្គ្រាម​។​

​រយៈពេល ២៥​ ឆ្នាំ​ខាងមុខ​ នឹង​ក្លាយជា​វដ្ត​ថ្មី​មួយ​ដើម្បី​កសាង​ប្រទេស​ប្រកបដោយ​ភាព​រឹង​​មាំ​ឆ្ពោះទៅរក​ប្រទេស​ដែលមាន​ប្រាក់​ចំណូល​ខ្ពស់​ត្រឹម​ឆ្នាំ​ ២០៥០​។ យុទ្ធ​សាស្ត្រ​នេះ មាន ៥ ​ដំណាក់កាល​។ ទី​១​ មាន​អាទិភាព​សំខាន់ៗ​ចំនួន ៥ គឺ​ផ្លូវថ្នល់ មនុស្ស ទឹក ភ្លើង និង​បច្ចេកវិទ្យា​។​

​លោក​បន្ថែមថា យុទ្ធសាស្ត្រ​បញ្ច​​កោណ​ដំណាក់កាល​ទី១ នឹង​ធ្វើការ​ដើម្បី​ធានា​កំណើនសេដ្ឋកិច្ច​ដែល​ធន់​នឹង​វិបត្តិ បង្កើត​ការងារ កាត់បន្ថយ​ភាពក្រីក្រ កែលម្អ​អភិបាលកិច្ច និង​ស្ថាប័ន​សាធារណៈ និង​ធានា​ការ​អភិ​​វ​ឌ្ឍ​សេដ្ឋកិច្ច​ដោយ​ចីរភាព​៕